(ភ្នំពេញ)៖ កម្លាំងល្បាតនៃអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ បានបង្ក្រាបករចែក​ចាយ​ណីគ្រឿងញៀន ដោយឃាត់ខ្លួនយុវជន៣នាក់ ដកហូតថ្នាំញៀន១កញ្ចប់ និងម៉ូតូ១គ្រឿង​នៅវេលាម៉ោង​១០៖០០នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

លោក ឯក សេរីវុធ អធិការរង នគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ​ខណៈកម្លាំងល្បាត នៃអធិការដ្ឋាននគរបាលខណ្ឌ បានដាក់គោលដៅយាមល្បាតតាមបណ្ដោយផ្លូវជាតិលេខ៦ ដោយ​សហការ និងកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ជ្រោយចង្វារ បានដាក់ការសង្ស័យទៅលើយុវជន៣នាក់ ដែលបើកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CP-4771 ទើបធ្វើ ការឃាត់ឆែកឆេរកឃើញដកហូតថ្នាំញៀន១កញ្ចប់ សង្ស័យជាម៉ាទឹកកក ដែលជនទាំងនេះបានរក្សាទុកនៅជាប់ខ្លួន ដើម្បីធ្វើសកម្មភាពជក់រួមគ្នា ព្រមទាំងដកហូតម៉ូតូ១គ្រឿង​ពីជនត្រូវសង្ស័យ​ផងដែរ។ លោក ឯក សេរីវុធ បានឲ្យដឹងទៀតថា ជនសង្ស័យទី១​- ​ឈ្មោះ សយ សេត ភេទប្រុស អាយុ១៨ឆ្នាំ ទី២- ឈ្មោះ រិន ណារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ និងទី៣- ឈ្មោះ ឡូ ផាន់នី ភេទប្រុស អាយុ១៩ឆ្នាំ ជនត្រូវជាប់សង្ស័យរក្សាទុក និងប្រើប្រាស់គ្រឿងញៀនទាំង៣នាក់ មានមុខរបរជាកម្មករ​សំណង់ដូចគ្នា និងស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិរការ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង។

បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យទាំង៣នាក់រួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅឃុំខ្លួនសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនបន្តទៅអយ្យការ សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕