(ព្រុចសែល, បែលហ្ស៉ិក)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដល់អ្នកធ្វើធុរកិច្ច និងវិនិយោគរបស់សហភាពអឺរ៉ុប យកប្រទេសសមាជិកអាស៊ានជាគោលដៅសម្រាប់ការវិនិយោគរបស់ខ្លួន។

សំណើរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-អឺរ៉ុប លើកទី១០ ដែលសហការរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន និងក្រុមហ៊ុនធំៗមកពីតំបន់អាស៊ាន និងសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា អាស៊ាន និងសហភាពអឺរ៉ុប បានធ្វើដំណើរដ៏វែងឆ្ងាយជាមួយគ្នា ដើម្បីសម្រេចឱ្យបាននូវគោលបំណងចម្បងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងសហគមន៍ទាំងពីរលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម និងធុរកិច្ច ប្រកបដោយទំនើបកម្ម ភាពធន់ និងបរិយាប័ន្ន។

លោករដ្ឋមន្ត្រីបន្តថា អាស៊ាន និងសហភាពអឺរ៉ុប ក៏ដូចជាសកលលោកទាំងមូល បានទទួលផលប៉ះពាល់យ៉ាងខ្លាំងពីការរាតត្បាតជាសកលនៃកូវីដ-១៩ក្នុងរយៈពេល០៣ឆ្នាំកន្លងមកនេះ និងបញ្ហាប្រឈមដទៃទៀត ដូចជាការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ។ល។ យ៉ាងណាមិញ តាមរយៈកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាមួយប្រទេសជាដៃគូ រួមទាំងសហភាពអឺរ៉ុប ប្រកបដោយស្មារតីរួបរួម តំបន់ទាំងពីរបានយកឈ្នះជាបណ្តើរៗលើការគម្រាមកំហែងជាសកល ហើយបានចាប់ផ្តើមដំណើរការស្តារឡើងវិញលើគ្រប់វិស័យ រួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វិស័យឯកជន ដែលជាកម្លាំងចលករជំរុញការអនុវត្តយន្តការនានា ដែលដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់ឱ្យមានប្រសិទ្ធិភាព។

បន្ថែមពីនោះ លោក ប៉ាន សូរស័ក្តិ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន សម្រាប់ឆ្នាំ២០២២ បានអំពាវនាវឱ្យធុរជន និងវិនិយោគិនបរទេសទាំងអស់ ជាពិសេសធុរជន និងវិនិយោគិនអឺរ៉ុបជ្រើសរើសអាស៊ានជាគោលដៅវិនិយោគ ប្រកបដោយសក្តានុពលខ្ពស់ ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។

សូមបញ្ជាក់ថា ផ្អែកតាមទិន្នន័យនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទំនិញទ្វេភាគី រវាងកម្ពុជា និងសហភាពអឺរ៉ុប នៅឆ្នាំ២០២១ សម្រេចបាន ៤.១៨ពាន់លានដុល្លារអាមេរិក។ ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំ ៣.២២ពាន់លានដុល្លារអាមេរិក និងការនាំចូលមានទំហំ ០.៩៥ពាន់លានដុល្លារអាមេរិក។ ប្រៀបធៀបនឹងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០២១ មានការកើនឡើងចំនួន ៨.៤៣%៕