(វៀងច័ន្ទ)៖ អាជ្ញាធរខេត្តភាគខាងត្បូងប្រទេសឡាវ បានរឹបអូសឈើប្រណិត ១០,០០០ម៉ែត្រគូប ពីឈ្មួញនានា ដែលគេសង្ស័យថាមានមន្ត្រីធំៗក្នុងជួររដ្ឋាភិបាល ជាអ្នកកាងនៅពីក្រោយខ្នង និងគ្រោងនាំចេញទៅប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម ដោយផ្គើននឹងបំរាមកាប់ និងនាំចេញឈើ របស់រដ្ឋាភិបាលឡាវដែលបានដាក់ចេញ កាលពីជាងមួយខែមុន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃ ចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៦។

អភិបាលរងខេត្ត Salavan លោក Visien Navikoun បានប្រាប់កាសែត Vientiane Times ឲ្យដឹងថា ខេត្តរបស់លោក បានខិតខំប្រឹងប្រែងខ្លាំងណាស់ ក្នុងការទប់ស្កាត់ការកាប់បំផ្លាញ និងនាំចេញឈើប្រណិតដោយឈ្មួញខុសច្បាប់។ កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅនេះ នាយករដ្ឋមន្ត្រីថ្មីរបស់ឡាវលោក Thongloun Sisoulith បានចេញបំរាមមួយ ហាមផ្តាច់ការចេញនាំចេញ ឈើគ្រប់ប្រភេទដែលមិនទាន់មានការកែច្នៃ និងជាពិសេសនោះ គឺហាមការកាប់ បំផ្លាញព្រៃឈើ ដោយគ្មានការអនុញ្ញាតពីរដ្ឋជាដើម។

គួរបញ្ជាក់ថានៅអំឡុងដើមខែមិថុនា កន្លងមកនេះកងកម្លាំងមានសមត្ថកិច្ចឡាវ បានចាប់ និងរឹបអូសឈើប្រណិត ពីរថយន្តចំនួន ១០គ្រឿងរបស់ឈ្មួញ ដែលគ្រោងនាំចេញទៅប្រទេសជិតខាង តាមប៉ុស្តិ៍ត្រួតពិនិត្យនៃខេត្ត Salavan ដែលរំលោភលើបំរាមរបស់រដ្ឋ។ សម្រាប់ខេត្ត Salavan នេះមានចម្ងាយ ៦៧០ គីឡូម៉ែត្រពីរដ្ឋធានីវៀងច័ន្ទ ដែលនៅភាគខាងលិចត្រូវឆ្លងកាត់ទន្លេមេគង្គដើម្បីទៅដល់ប្រទេសថៃ និង ភាគខាងកើត មានផ្លូវថ្នល់ភ្ជាប់រួចជាស្រេច ទៅកាន់ព្រំដែនឆ្លងចូលប្រទេសវៀតណាម៕