(អ័រឡាន់ដូ)៖ មនុស្សប្រមាណជាង ៥០,០០០នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង អ័រឡាន់ដូ រដ្ឋផ្លូរីដា ភាគខាងត្បូង សហរដ្ឋអាមេរិក ដើម្បីគោរពវិញ្ញាណក្ខន្ធជងរងគ្រោះទាំង ៤៩នាក់ ដែលបានស្លាប់ក្នុងការវាយប្រហារដោយខ្មាន់កាំភ្លើង ទៅលើក្លឹបកម្សាន្តមនុស្សភេទទីបី មួយកន្លែងកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៦។

លោក Buddy Dyer អភិបាលក្រុងអ័រឡាន់ដូ បានថ្លែងនៅលើវេទិកាចំពោះមុនអ្នកចូលរួមទាំងអស់ថា «យើងនឹង មិនភ័យតក់ស្លុតនោះឡើយ ចំពោះការបាញ់ប្រហារដោយជនអត្តឃាតរបៀបៗនេះ»។ ពិធីគោរពវិញ្ញាណក្ខន្ធ បានធ្វើឡើងនៅតំបន់ជុំវិញបឹង Eola ក្នុងទីក្រុងនាយប់ថ្ងៃអាទិត្យ ដែលជាសញ្ញាបង្ហាញពីការប្រមូលផ្តុំកម្លាំងគ្នា ទប់ទល់នឹងការបាញ់ប្រហារ ដែលមិនធ្លាប់កើតមានដ៏អាក្រក់ខ្លាំងបែបនេះឡើយ ក្នុងប្រវត្តិសាស្ត្រអាមេរិក។

គួរបញ្ជាក់ថា ការបាញ់ប្រហារបានធ្វើឡើងដោយជនឈ្មោះ Omar Mateen វ័យ ២៩ ដែលមានឪពុកម្តាយជាជនជាតិ អាហ្វហ្គានីស្ថាន តែខ្លួនបានកើតនៅសហរដ្ឋអាមេរិក។ ការបាញ់ប្រហារនៅក្នុងក្លឹប Pulse នោះមានមនុស្សស្លាប់សរុប ៥០នាក់ (រួមទាំងជនបង្ក) ខណៈមនុស្ស ៥៣នាក់ទៀតរងរបួស ដែលភាគច្រើននៃពួកគេកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅឡើយ។ រហូតមកដល់ពេលនេះ ការស៊ើបអង្កេតលើករណីវាយប្រហារ នៅមិនទាន់បញ្ចប់នៅឡើយទេ៕