(ភ្នំពេញ)៖ ថ្លែងចេញពីទីក្រុងភ្នំពេញ ផ្ញាំផ្ញើទៅកាន់មេដឹកនាំប្រទេសនៅក្នុងតំបន់អាស៊ាន និងមេដឹកនាំប្រទេសនៅក្រៅតំបន់អាស៊ាន សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងមុតមាំថា កម្ពុជានឹងមិនចូលរួមការចេញសេចក្តីថ្លែងការណ៍ណាមួយទាំងអស់ គាំទ្រការចេញសាលដីការបស់តុលាការ ពាក់ព័ន្ធបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ដោយកម្ពុជាប្រកាន់ជំហរអព្យាក្រឹត្យ ហើយអំពាវនាវឲ្យប្រទេសពាក់ព័ន្ធទាំងអស់ក្នុងជម្លោះ ជាមួយភាគីចិន ជួបចរចាគ្នាដើម្បីដោះស្រាយ កុំឲ្យកម្ពុជាចេញមុខចរចា។

ការលើកឡើងនូវសារនយោបាយដ៏សំខាន់ៗបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថា កម្ពុជាបានបំផ្លាញការចេញសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កម្ពុជាបានដើរតួនាទីយ៉ាងល្អ ក្នុងការសម្របសម្រួលកិច្ចការសមុទ្រចិនខាងត្បូង រវាងចិន និងប្រទេសក្នុងតំបន់។ ហើយសូមធ្វើការអំពាវនាវឲ្យប្រទេសពាក់ព័ន្ធទាំងអស់ក្នុងរឿងសមុទ្រចិនខាងត្បូង ជួបចរចាគ្នាដើម្បីដោះស្រាយ កុំឲ្យកម្ពុជាចេញមុខចរចា។

សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្លួនឯងទាស់គ្នាដណ្តើមដីគ្នាលើបញ្ហាសមុទ្រចិនខាងត្បូង មកចោទតែកម្ពុជាជាអ្នកបំផ្លាញ សុំប្រទេសដែលមានបញ្ហាចេញមកចរចាដោយខ្លួនទៅ កម្ពុជាសុំធ្វើជាប្រទេសអព្យាក្រឹត្យលើបញ្ហានេះ, កម្ពុជាមិនធ្វើអាយ៉ងរបស់អ្នកណា​នោះទេ» លើបញ្ហាសមុទ្រចិនខាងត្បូង។

ការថ្លែងសារនយោបាយសំខាន់ៗពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងត្បូងនេះ សម្តេចតេជោ បានលើកឡើងទៀតថា កាលពីប្រហែលជាងមួយខែមុន មានមន្រ្តីការទូតរបស់ប្រទេសមួយ សុំមិនបញ្ចេញឈ្មោះ បានមកបញ្ចុះបញ្ចូលឲ្យកម្ពុជា ចូលរួមចេញសេចក្តីថ្លែងការណ៍គាំទ្រការចេញសាលដីការបស់តុលាការ លើបញ្ហាជម្លោះសមុទ្រខាងត្បូង។ សម្តេចបានហៅការបញ្ចុះបញ្ចូលនេះ ពួកគេបានដឹងយ៉ាងច្បាស់អំពី​ការចេញសាលដីការបស់តុលាការ លើបញ្ហាសមុទ្រចិនខាងត្បូង។ គេបានទំនាក់ទំនងជាមួយតុលាការរួចហើយ មុនចេញសាលដីកាលើជម្លោះសមុទ្រចិនខាងត្បូង។ ដូច្នេះតុលាការក៏មិនយុត្តិធម៌ដែរ​ ដូច្នេះកម្ពុជាប្រកាសមិនគាំទ្រនោះទេ។

លើសពីនោះទៅទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវប្រទេសដែលនៅខាងក្រៅអាស៊ាន កុំលូកដៃចូលកិច្ចការរបស់អាស៊ាន លើបញ្ហាសមុទ្រចិនខាងត្បូង។

សូមទស្សនា និងស្តាប់ការថ្លែងសាររបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង៖