(ពោធិ៍សាត់)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ បានលើកឡើងថា ដើម្បីឱ្យកិច្ចការងារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន កាន់តែមានប្រសិទ្ធភាពនោះ យើងត្រូវរៀបចំផែនការមេមួយជាក់លាក់ច្បាស់លាស់ និងទាមទារឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ អនុវត្តប្រកបដោយទំនួលខុសត្រូវខ្ពស់។

ការលើកឡើងរបស់លោក ពៅ ពិសិដ្ឋ បានធ្វើឡើងនៅសាលប្រជុំជាន់ទី១សាលាខេត្ត ក្នុងកិច្ចប្រជុំលេខាធិការដ្ឋាន ត្រួតពិនិត្យគ្រឿងញៀនខេត្ត ដោយបានការអញ្ជើញចូលរួមពី តំណាងអយ្យការសាលាដំបូងខេត្ត ព្រមទាំងអស់លោក លោកស្រី ជាសមាជិក សមាជិកា នៃលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត ជាច្រើនអ្នកទៀត។

លោក ពៅ ពិសិដ្ឋ បានថ្លែងថា បញ្ហាគ្រឿងញៀង នៅតែជាបញ្ហាប្រឈមសំខាន់មួយ ដែលយើងទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់ ទាំងការចរាចរណ៍ ការចែកចាយ ការប្រើប្រាស់ នឹងការជួញដូរ។ ដូច្នេះដើម្បីឱ្យយើងអាច វាស់វែងបាន អំពីកម្រិតនៃការថយចុះ ចំពោះបទល្មើសគ្រឿងញៀន នៅតាមទីតាំងដែលមានហានិភ័យខ្ពស់ ឆ្លើយតបទៅនឹងចក្ខុវិស័យ ក៏ដូចជាគោលដៅយើងចង់បាន ដែលជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអភិបាលខេត្តពោធិ៍សាត់ផ្ទាល់នោះ គឺទាមទារឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកអភិបាលរងខេត្ត បានលើកឡើងទៀតថា ដើម្បីឱ្យកិច្ចការងារនេះមានប្រសិទ្ធភាព ត្រូវកសាងផែនការមេមួយច្បាស់លាស់ជាក់លាក់ ដែលតម្រូវឱ្យទីចាត់ការអន្តរវិស័យ របស់រដ្ឋបាលខេត្ត ដែលទទួលបន្ទុកលើ កិច្ចការងារគ្រឿងញៀន សហការជាមួយស្នងការនគរបាលខេត្ត ត្រូវសរសេរឱ្យចេញជាផែនការមួយ ដើម្បីដាក់ចេញនូវទិសដៅអនុវត្ត បង្ក្រាប និងទប់ស្កាត់ ជាពិសេសត្រូវអនុវត្តសេចក្តីណែនាំរបស់ថ្នាក់ជាតិ ប្រយុទ្ធប្រឆាំង និងគ្រឿងញៀន ដែលបានចង្អុលបង្ហាញឱ្យមានការបណ្ដុះបណ្ដាល ផ្សព្វផ្សាយ អំពីគោលនយោបាយ ដែលត្រូវធ្វើការកំណត់ពេលវេលា និងទីតាំង ការប្រើប្រាស់ថវិកា ការសិក្សាអំពីផែនការបង្ក្រាប ការកំណត់មុខសញ្ញាឱ្យបានច្បាស់លាស់ និងស្នើសុំឱ្យកងកម្លាំងនគរបាល អាវុធហត្ថ លេខាធិការដ្ឋាន ព្រះរាជអាជ្ញា ប្រធានសាលាដំបូង ធ្វើយ៉ាងណាឱ្យឯកភាពគ្នា លើកិច្ចការងាររូមមួយ ដើម្បីចេញដំណើរការអនុវត្តតែម្ដង។

លោក ពៅ ពិសិដ្ឋ បានបន្ថែមថា ពិតណាស់យើងមិនអាចលុបបំបាត់បញ្ហាបទល្មើសគ្រឿងញៀន ឱ្យបាត់អស់ភ្លាមៗនោះបានទេ ប៉ុន្តែយ៉ាងហោចណាស់ ក៏បានចេញដំណើរ លើកិច្ចការងារការបង្ក្រាប និងទប់ស្កាត់ ដោយមានទិសដៅមួយច្បាស់លាស់ ដើរលើផ្លូវដែលមានផែនទីបង្ហាញគោលដៅ ក្នុងការទប់ស្កាត់ បង្ក្រាបបញ្ហាគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យមានប្រសិទ្ធភាពផងដែរ៕