(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២ បានទទួលជួបសម្តែងការគួរសមជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត នាពេលឆាប់ៗខាងមុខ និងដើម្បីចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែម សម្រាប់កម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia-Australia Partnership for Resilient Economic Development, CAP RED) Program។

ក្នុងជំនួបសម្តែងការគួរសមដើម្បីជម្រាបលាខាងលើ ឯកអគ្គរាជទូតអូស្រ្តាលី បានសម្តែងនូវសេចក្តីរីករាយ និងអបអរជាថ្មី ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០និងទី ៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅថ្ងៃទី ១៣-១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ។

លោកឯកអគ្គរាជទូត បានសម្តែងនូវមោទនភាពចំពោះសមិទ្ធផល ដែលសម្រេចបានជាផ្លែផ្ការបស់រដ្ឋាភិបាលទាំងពីរ ក្នុងអាណត្តិ បេសកកម្មការទូតរបស់លោកចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេស ការសម្រេចបាននូវការផ្ដល់ហិរញ្ញប្បទានឥតសំណង សម្រាប់ជួយកម្ពុជាក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យកសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, ការគាំពារសង្គម, សកម្មភាពកំចាត់មីននៅកម្ពុជា, ការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ថាមពលស្អាត និងការវិនិយោគបៃតង និងការជួយរៀបចំ សេចក្ដីព្រាងឯកសារគោលនយោបាយមួយចំនួនទៀត។ល។

លោកឯកអគ្គរាជទូតអូស្រ្តាលីបានជម្រាបថា កម្មវិធី CAP RED ត្រូវបានហិរញ្ញប្បទានតាមរយ:មូលនិធិ ពីក្រសួងការបរទេស និងពាណិជ្ជកម្ម នៃរដ្ឋាភិបាលអូស្រ្តាលី តាមរយៈស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នូវហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៨៧លានដុល្លារអូស្រ្តាលី (ប្រមាណ ៦៥ លានដុល្លារអាមេរិក) សម្រាប់រយៈពេល៥ឆ្នាំ គិតចាប់ពីខែមិថុនា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៧។

កម្មវិធី CAP RED នឹងមានការសហការអនុវត្តរួមគ្នារវាង វិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់ និងរិះរកដំណោះស្រាយ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព, ភាពធន់ និងបរិយាប័ន្ន ដោយផ្តោតលើវិស័យគោលចំនួន ៤ គឺ ១.ហេដ្ឋារចនាសម្ព័ន្ធ; ២.ពាណិជ្ជកម្ម និងវិនិយោគ; ៣.កសិកម្ម និងកសិឧស្សាហកម្ម; និង ៤.យេនឌ័រ និងបរិយាប័ន្ន។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្ម ការទូតប្រកបដោយជោគជ័យរបស់ លោកឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ។ ទន្ទឹមនេះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលតែងតែបានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច, សង្គម និងសុខមាលភាពប្រជាជន ព្រមទាំងបានចូលរួមគាំទ្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយ:ការផ្តល់នូវជំនួយជាវ៉ាក់សាំង និងការចូលរួមការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្នុងពេលអន្តរកាលនេះ ។

ជាថ្មីម្ដងទៀត, អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយ និងមោទនភាពចំពោះ ចំណងការទូតរវាងរាជរដ្ឋាភិបាលនៃប្រទេសទំាងពីរ ជាពិសេសតាមរយៈកិច្ចខិតខំរបស់លោកឯកអគ្គរាជទូត Pablo Kang រហូតឈានដល់ការចុះហត្ថលេខា លើកិច្ចសម្របសម្រួលបំពេញបន្ថែម សម្រាប់កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Subsidiary Arrangement for CAP RED Program) នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២នេះ។

កិច្ចសម្របសម្រួលបំពេញបន្ថែមនេះ គឺជាឯកសារគោលសម្រាប់រៀបចំយន្តការជាក់ស្ដែង ដើម្បីឈានដល់ការអនុវត្តប្រកបដោយជោគជ័យ នូវកម្មវិធី CAP RED ដែលជាក្របខណ្ឌរួមនៃការផ្ដល់ហិរញ្ញប្បទានឥតសំណង របស់ក្រសួងការបរទេស និងពាណិជ្ជកម្ម ចំពោះប្រជាជនកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវការវាយតម្លៃខ្ពស់សារជាថ្មី ចំពោះការបញ្ចប់បេសកកម្មការទូត ប្រកបដោយជោគជ័យ របស់លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងបានជូនពរលោកឯកអគ្គរាជទូត ទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មថ្មីខាងមុខ និងបានសម្តែងនូវភាពសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការ អូស្រ្តាលី-កម្ពុជា នឹងកាន់តែរឹងមាំ និងផ្ដល់លទ្ធផលជាផ្លែផ្កា, ទាំងក្នុងក្របខណ្ឌទ្វេភាគី, ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ៕