(ភ្នំពេញ)៖ ស្ដ្រីម្នាក់ដែលត្រូវការស្គាល់ថា ជាអ្នកមានមុខជំនួញ និងកេរ្ដិ៍គ្រាន់បើនៅក្នុងសង្គម ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនពាក់ព័ន្ធចេញសែកស្អុយ ជាង១លានដុល្លារ។

ស្ដ្រីដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនឈ្មោះ លី ឈីវហ៊ុយ អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះលេខ១៧ ផ្លូវលេខ៤៨៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីចាត់វិធានការតាមច្បាប់ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (សែកស្អុយ) ជាង១លានដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០២១។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ស្ដ្រីខាងលើនេះ មានមុខជំនួញជាម្ចាស់ស្ថានីយប្រេងឥន្ទនៈមួយកន្លែង ដែលមានទីតាំងនៅម្ដុំបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយនាពេលកន្លងទៅ ស្រ្តីជាម្តាយរបស់ជនសង្ស័យរូប ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្ដងរួចមកហើយ ពាក់ព័ន្ធករណីស្រដៀងគ្នានេះ ប៉ុន្ដែត្រូវបានដោះលែងត្រឡប់មកវិញ។

ពាក់ព័ន្ធករណីនេះ ជនរងគ្រោះតាមអំពាវនាវដល់ស្ថាប័នតុលាការ ជួយចាត់វិធានការឲ្យម៉ឺងម៉ាត់ចំពោះស្ដ្រី លី ឈីវហ៊ុយ ដែលបានបោកប្រាស់លុយរបស់ខ្លួន ដើម្បីកុំឲ្យមានឱកាសបន្ដសកម្មភាពខុសច្បាប់បែបនេះទៀត៕

ស្រ្តីជាម្តាយ និងកូនស្រី ដែលបានរងការចោទប្រកាន់ចេញសែកស្អុយដល់ជនរងគ្រោះ