(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Allisar Chaker អ្នកតំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោង បោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលមានការអញ្ជើញចូលរួមពី UNDP ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណៈរដ្ឋកូរ៉េ (KOICA) និងប្រទេសនូវែលសេឡង់ ក្នុងគោលបំណងពិនិត្យ លើវឌ្ឍនភាពនៃការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលក្នុងឆ្នាំ២០២២ និងអនុម័តផែនការសកម្មភាពឆ្នាំ២០២៣។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូនក្រុមប្រឹក្សាភិបាលគម្រោងពីទស្សនវិស័យដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រែក្លាយតំបន់ដែលមានមីន និងសំណល់ជាតិផ្ទុះតាមព្រំដែនជាមួយប្រទេសជិតខាង ជាតំបន់សន្តិភាព​ សុវត្ថិភាព និងការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងសងខាង។

ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី បានបង្កើត មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដែលនឹងទទួលវិភាគទានដំបូងពីថវិការដ្ឋចំនួនប្រមាណ៣០លានដុល្លារអាមេរិក និងអាចទទួលវិភាគទានថវិការដ្ឋពីឆ្នាំ២០២៣ដល់២០២៥ តាមការចាំបាច់ជាក់ស្តែង។

ក្រុមប្រឹក្សាភិបាលគម្រោង បានអបអរសាទរ និងកោតសរសើរដល់ឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែង របស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងដំណើរឆ្ពោះទៅរកការសម្រេចចក្ខុវិស័យ កម្ពុជាគ្មានមីនឆ្នាំ២០២៥។

ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តរបស់គម្រោងបោសសម្អាតដើម្បីលទ្ធផល ដែលក្នុងរយៈពេល១១ខែ គិតចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០២២ នេះបានរំដោះផ្ទៃដី៣១គីឡូម៉ែត្រក្រឡាជូនប្រជាពលរដ្ឋជិត៥ម៉ឺននាក់ប្រើប្រាស់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ UNDP ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុងការបោសសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៥៕