(កំពង់ឆ្នាំង)៖ អាជ្ញាធរក្រុងកំពង់ឆ្នាំង នៅសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារជំនាញ ចុះហាមឃាត់ការសាងសង់សំណង់របងបិទផ្លូវសាធារណៈអត់ច្បាប់មួយកន្លែង ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានក្បែរផ្លូវ ដែលត្រូវបានគេធ្វើរបងបិទខាងលើនេះ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែធ្នូនេះថា «ផ្លូវសាធារណៈមួយខ្សែនេះ មានទទឹង ២០ម៉ែត្រ បណ្ដោយប្រវែង៤០០ម៉ែត្រ ដោយចេញពីផ្លូវកៅស៊ូជាប់ផ្សារ ថ្មីទៅកាន់ផែថ្មីមាត់ទន្លេជាផ្លូវដ៏មានសារៈសំខាន់ដែលនៅថ្ងៃខាងមុខនេះអាជ្ញាធរ និងមានគម្រោងចាក់កៅស៊ូផងដែរ។ តែប្រសិនបើអាជ្ញាធរអនុញ្ញាត ឱ្យគេធ្វើរបងសំណង់រឹងបិទផ្លូវសាធារណៈខាងលើនេះ ពួកគាត់ដែលមានលំនៅដ្ឋានក្នុងតំបន់នោះ ពិតជាពិបាកធ្វើដំណើរចេញចូលជាមិនខានឡើយ ហេតុនេះពួកគាត់ស្នើសុំឱ្យអាជ្ញាធរជួយទប់ស្កាត់ និងធ្វើការពិនិត្យផ្នែកផ្លូវច្បាប់ ជូនពួកគាត់ផង ថាតើផ្លូវនេះជាដីកម្មសិទ្ធិរបស់បុគ្គល ឬក៏ជាដីផ្លូវសាធារណៈរបស់រដ្ឋ»

ក្នុងករណីនេះលោក ក្រូច ម៉ារ៉ា អភិបាលរងក្រុងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះហាមឃាត់ការសាងសង់សំណង់បិទផ្លូវសាធារណៈខាងលើនេះ ក៏បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ការសាង សង់សំណង់រឹងធ្វើរបងបិទផ្លូវខាងលើនេះ គឺពុំមានច្បាប់ទម្លាប់នោះទេ។ ហេតុនេះ លោកត្រូវចុះហាមឃាត់មិនអនុញ្ញាតឱ្យធ្វើការសាងសង់ជាបណ្ដោះអាសន្ន ដោយឱ្យម្ចាស់សំណង់ខាងលើនេះ សុំច្បាប់ទម្លាប់ឱ្យបានត្រឹមត្រូវ ជាមុនសិន ទើបអនុញ្ញាតឱ្យធ្វើការសាងសង់បន្តតែមិនអនុញ្ញាតឱ្យសាងសង់របងបិទផ្លូវសាធារណៈនោះឡើយ៕