(ភ្នំពេញ)៖ វិទ្យាល័យកំបូល នៅថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២២នេះ បានចាប់ផ្តើមបំពាក់គ្រឿងបរិក្ខារបំប្លែងទឹកភ្លៀងសម្រាប់បរិភោគ ដែលជាបច្ចេកវិទ្យាមួយរបស់កូរ៉េខាងត្បូង។

កម្មពិធីប្រគល់-ទទួល ប្រព័ន្ធទឹកភ្លៀងសម្រាប់បរិភោគនេះ មានការចូលរួមពី សាស្រ្តាចារ្យ Moo-Young Han ជាសាស្រ្តាចារ្យកិត្តិយសនៃនាយកដ្ឋានវិស្វកម្មសំណង់ស៊ីវិល និងបរិស្ថាន, លោក នុត វ៉ូ នាយកសាលាវិទ្យាល័យកំពូល លោក ម៉ម សារិទ្ធ មន្រ្ដីស្រាវជ្រាវរាជបណ្ឌិតសភា លោកគ្រូអ្នកគ្រូ និងសិក្សានុសិស្ស ជាច្រើនរូប។

សាស្រ្តាចារ្យ Moo-Young Han ដែលបាននាំយកបច្ចេកវិទ្យានេះ មកបំពាក់នៅវិទ្យាល័យកំបូល បានលើកឡើងថា សាកលវិទ្យាល័យជាតិសេអ៊ូល កំពុងប្រតិបត្តិការគ្រឿងបរិក្ខារ ដែលបំប្លែងទឹកភ្លៀងទៅជាទឹកបរិភោគ នៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ដែលនៅប្រទេសកម្ពុជាធ្វើឡើងនៅវិទ្យាល័យកំបូល និងនៅប្រទេសថៃ ធ្វើឡើងនៅសាលា Senarat ក្នុងទីក្រុង Pakchong ខេត្ត Nakhon Ratchasima។

លោកសាស្រ្ដាចារ្យ បានបន្ដថា វាជាផ្នែកមួយនៃ «គម្រោងមេគង្គ» ដើម្បីសាងសង់គ្រឿងបរិក្ខារផ្គត់ផ្គង់ទឹកភ្លៀងសម្រាប់បរិភោគនៅក្នុងប្រទេសមេគង្គចំនួន៥ ដែលទទួលរងការខ្វះខាតទឹកបរិភោគ រួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមជាដើម ដែលរៀបចំដោយមូលនិធិសហប្រតិបត្តិការ ឧស្សាហកម្ម-សាកលវិទ្យាល័យជាតិសេអ៊ូល។

គ្រឿងបរិក្ខារ ដែលបានដំឡើងនៅក្នុងសាលារៀនទាំងពីរនេះមានទំហំ២០ តោន ប្រមូលទឹកភ្លៀងដែលធ្លាក់ពីលើដំបូលអគារ ឆ្លងកាត់ធុងចំនួន៤ ចំណុះ ៥តោន រួចបន្សុទ្ធទឹកនៅដំណាក់កាលទី១។ បន្ទាប់ពីដំណើរការចម្រោះត្រូវបានបញ្ចប់ ទឹកភ្លៀងនោះនឹងក្លាយជាទឹកបរិភោគបានភ្លាមៗ។ តំបន់ដែលមានភ្លៀងធ្លាក់ច្រើន តាមរយៈគ្រឿងបរិក្ខារនេះនឹងអាចផ្គត់ផ្គង់ទឹកភ្លៀងសម្រាប់បរិភោគប្រហែល ១លីត្រក្នុងមនុស្សម្នាក់ដល់សិស្សានុសិស្ស ១,០០០នាក់ជារៀងរាល់ថ្ងៃ។ គ្រឿងបរិក្ខារប្រើប្រាស់ដំណោះស្រាយផ្អែកលើធម្មជាតិ ដែលមានន័យថា គ្មានសារធាតុគីមី និងការចំណាយតិច។

កាលពីខែមិថុនាឆ្នាំនេះ គ្រឿងបរិក្ខារផលិតទឹកបរិភោគស្រដៀងគ្នានេះត្រូវបានដំឡើងនៅក្នុងសាលារៀនមួយនៅតំបន់ជនបទនៃ Halong Bay ប្រទេសវៀតណាម ហើយអ្នកភូមិកំពុងប្រើប្រាស់វាផងដែរ។ ការថែទាំ និងគ្រប់គ្រងបរិក្ខារ គឺជាបន្ទុករបស់សិស្សខ្លួនឯង។

លោកសាស្ត្រាចារ្យ បណ្ឌិត Han Moo-young បានសង្កត់ធ្ងន់ទៀតថា «វានឹងមានអត្ថន័យយ៉ាងជ្រាលជ្រៅ ប្រសិនបើបច្ចេកវិទ្យារបស់យើងអាចជួយជំនះវិបត្តិអាកាសធាតុក្នុងសហគមន៍អន្តរជាតិ»៕