(ភ្នំពេញ)៖ ក្រុមសហគ្រិនកម្ពុជាជាច្រើនរូប បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការប្រឈមសំខាន់ៗ និងរួមគ្នាស្វែងរកដំណោះស្រាយដើម្បីគាំទ្រគ្នាទៅវិញទៅមក និងជំរុញការវិនិយោគសម្រាប់សហគ្រាសដែលទើបចាប់ផ្តើម និងរីកចម្រើនស្រាប់ក្នុងប្រទេសកម្ពុជា។ ពួកគេបានជួបជុំគ្នា កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅក្នុងសណ្ឋាគារប្រណិតមួយនៅរាជធានីភ្នំពេញ។

លោក ហ្វ្រាង យ៉ាត់ខឺ (Frank Jattke) ប្រធានក្រុមការងារអាស៊ាន នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា បានលើកឡើងថា CAMESCO ឆ្នាំ២០២២ គឺជាឱកាសមួយដើម្បីបង្ហាញពី ការអនុវត្តន៍ល្អៗប្រកបដោយភាពច្នៃប្រឌិតក្នុងការគាំទ្រសហគ្រិនភាពក្នុងតំបន់ រួមបញ្ចូលទាំងសហគ្រិនស្ត្រី និងសហគ្រាសធុនតូច និងមធ្យម។

លោកបានបន្ថែមទៀតថា ការស្វែងរកចន្លោះប្រហោងកណ្តាល នៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាចំណុចសំខាន់នៃការពង្រឹងការកសាងសមត្ថភាព ដោះស្រាយបញ្ហាប្រឈម និងបង្កើនភាពច្នៃប្រឌិតដែលជាកត្តាជំរុញដ៏សំខាន់ឆ្ពោះ ទៅរកភាពរីកចម្រើននៃសហគ្រិនភាពប្រកបដោយ បរិយាប័ន្នទាំងថ្នាក់ជាតិ និងតំបន់។

សកម្មភាពនេះផ្សារភ្ជាប់ទៅនឹងគម្រោងដែល GIZ បាន និងកំពុងអនុវត្ត រួមមាន៖ កម្មវិធីពង្រឹងភាពប្រកួតប្រជែងសហគ្រាសជាតិ (ICONE) គម្រោងការពង្រឹងរចនាសម្ព័ន្ធដើម្បីលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅអាស៊ាន (ASEAN-SME) និងការអភិវឌ្ឍសម្រាប់ភាពច្នៃប្រឌិត និងការគាំទ្រសហគ្រិនស្ត្រីដែលទើបបង្កើតអាជីវកម្មថ្មីៗក្នុងតំបន់អាស៊ាន។

លោក Rajiv Pradhan នាយកប្រចាំប្រទេស នៃអង្គការស្វីសខន់ថាក់ និងជានាយកគម្រោង EEB បានលើកឡើងថា CAMESCO ឆ្នាំ២០២២ បាននាំមកនូវកិច្ចខិតខំប្រឹងប្រែង រួមគ្នារវាងតួអង្គនៃប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាព នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២២។

ឆ្នាំនេះគឺជាឆ្នាំដ៏អស្ចារ្យ ដែលតួអង្គទាំងអស់ បានមកជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការប្រឈមសំខាន់ៗ និងរួមគ្នាស្វែងរកដំណោះស្រាយដើម្បីគាំទ្រគ្នាទៅវិញទៅមក និងជំរុញការវិនិយោគសម្រាប់សហគ្រាសដែលទើបចាប់ផ្តើម និងរីកចម្រើនស្រាប់ក្នុងប្រទេសកម្ពុជា។ យើងពិតជាមានកិត្តិយសក្នុងការទទួលបានឱកាសសហការដៃគូជាមួយសហគ្រិនខ្មែរ និង WeAct។ យើងទន្ទឹងរង់ចាំ និងជឿជាក់ថាក្នុងឆ្នាំ២០២៣ សកម្មភាពសំខាន់ៗជាច្រើនទៀត នឹងកើតមានឡើង ហើយវិនិយោគិនកាន់តែច្រើនបន្ថែមទៀត នឹងបន្តចាប់អារម្មណ៍មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

អំពីសហគ្រិនខ្មែរ សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងជាស្ថាប័នប្រតិបត្តិករមួយរបស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។

គោលបំណងរបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ​វិនិយោគ និងគ្រប់គ្រងបរធន ពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អ្នកទាំងនោះរួមមាន សហគ្រិន ធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ (innovative startups) សហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពល (potential SMEs) និងស្ថាប័នដៃគូ ដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗ សំដៅជំរុញនវានុវត្តន៏ (innovation) និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

អំពីស្វីសខន់ថាក់ ស្វីសខន់ថាក់ (មូលនិធិស្វីសសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស) គឺជាអង្គការឯករាជ្យ និងមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅទីក្រុងហ្សូរីច ប្រទេសស្វីស ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៥៩ ដោយអង្គភាពឈានមុខពីវិស័យឯកជន និងបណ្តាសាកលវិទ្យាល័យនៃប្រទេសស្វីស។

អង្គការនេះ បានចូលរួមទាំងស្រុងក្នុងការអភិវឌ្ឍអន្តរជាតិ ដែលមានវត្តមាននៅ៣៨ប្រទេស ជាមួយ១២០កម្មវិធី ដែលមានបុគ្គលិកសរុបជាង១,០១២នាក់។ ស្វីសខន់ថាក់មានវត្តមាននៅប្រទេសកម្ពុជាចាប់តាំងពីខែមករា ឆ្នាំ២០១៣ និងធ្វើការលើវិស័យចំនួន២គឺ ពង្រឹងសហគ្រាស និងអភិវឌ្ឍន៍ជំនាញដែលផ្តោតទៅលើការអភិវឌ្ឍវិស័យឯកជន។ តាមរយៈបទពិសោធន៍របស់ខ្លួនក្នុងតំបន់ និងលើពិភពលោក ស្វីសខន់ថាក់ជួយគាំទ្រដល់វិស័យ ក្នុងតំបន់ដូចជា នវានុវត្តន៍ វិស័យកសិកម្ម ទេសចរណ៍ ផលប៉ះពាល់នៃការវិនិយោគ និងថាមពលកកើតឡើងវិញ៕