(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលហៅកាត់ថា (គ.ជ.ប.ជ) នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ បានប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ២០២២ លើកទី១៦ ក្រោមប្រធានបទ៖ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព»។

ពិធីនេះបានធ្វើឡើងនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។

កម្មវិធីនេះ ធ្វើឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភទ អាជ្ញាធរថ្នាក់ក្រោមជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ស្ថានតំណាងប្រចាំនៅកម្ពុជា តំណាងអង្គការសហប្រជាជាតិ អង្គការដៃគូជាតិអន្តរជាតិ អង្គការសង្គមស៉ីវិល តំណាងគ្រប់និកាយសាសនា សាស្ត្រាចារ្យ សិស្ស និស្សិត បញ្ញាវ័ន្ត និងវិស័យឯកជន ប្រមាណជាង ៣០០០ អង្គ/នាក់។

ការប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស ធ្វើឡើងក្នុងគោលបំណង៖

*ទី១៖ បង្ហាញនូវស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះការងារប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប និងការការពារសិទ្ធិមនុស្សនៅកម្ពុជា

*ទី២៖ ជាការបំផុសការយល់ដឹងយ៉ាងទូលំទូលាយអំពីព្រឹត្តិការណ៍ ស្ថានភាព និងនិន្នាការនៃអំពើជួញដូរមនុស្ស

*និងទី៣៖ ផ្សព្វផ្សាយ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិនានា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសុវត្ថិភាព និងការអភិវឌ្ឍជាតិ។

នេះជាការរួមចំណែកដ៏ធំធេងក្នុងការលើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គម និងសន្តិភាពជាតិ ឱ្យមានស្ថិរភាព ដើម្បីធ្វើជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិគ្រប់វិស័យ ស្របតាមគោលដៅអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាពតាមការគ្រោងទុក៕