(សៀមរាប)៖ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្ពោធឲ្យប្រើប្រាស់អគារសិក្សាថ្មី១ខ្នង មានកម្ពស់២ជាន់ និងមាន១០បន្ទប់ ស្ថិតនៅបរិវេណវត្តដំណាក់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ព្រះធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ចៅអធិការវត្តដំណាក់ មានសង្ឃដីកាថា អគារសិក្សាថ្មីនេះ មានកម្ពស់២ជាន់ ស្មើនឹង ១០បន្ទប់ និងសមិទ្ធផលនានា រួមមានរបងសាលា ក្លោងទ្វារ និងក្រាលការ៉ូឡា ហើយត្រូវបានសាងសង់ក្នុងរយៈពេល ១ឆ្នាំពេញ គឺចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ដោយបានចំណាយថវិកាសាងសង់សរុបអស់ចំនួន ២៥៨,០៥០ដុល្លារ។

ក្នុងនោះដែរ បានចំណាយទៅលើការកសាងមាន៖ អគារសិក្សាថ្មីសាងសងចំនួន ២១២,៥០០ដុល្លារ របងចំណាយចំនួន ២៧,៦៥០ដុល្លារ ខ្លោងទ្វារអស់ចំនួន ១២,៥០០ដុល្លារក្រាលការ៉ឡាអស់ចំនួន ៥,៤០០ដុល្លារផងដែរ។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ក៏បានសម្ដែងនូវអំណរសាទរចំពោះអ្វីដែលជាសមិទ្ធផលនៃកិច្ចការងារអប់រំរបស់យើង ដែលនៅក្នុងក្របខណ្ឌសាលាបថមសិក្សាវត្តដំណាក់ គឺជាគ្រឹះស្ថានសិក្សាមួយដែលមានការ ជួយជ្រោមជ្រែងយ៉ាងសំខាន់ពីវិស័យពុទ្ធសាសនា។

លោក លី ប៊ុនណា បាមបន្តថា «សាលានៅតាមវត្តអារាមជាទីកន្លែងបានគាំទ្រវិស័យអប់រំ រហូតមកដល់ពេលនេះនៅតែឃើញមានសាលារៀនប្រមាណ ៥០ទីតាំង ដែលជ្រកកោននៅទីវត្តអារាមនៅឡើង។ អញ្ចឹងសារៈសំខាន់ ដែលវិស័យសាសនាបានជួយជ្រោមជ្រែងពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយវិស័យពុទ្ធសាសនាសុទ្ធក៏បានជួយវិស័យសង្គមកិច្ច វិស័យសុខាភិបាល ឬក៏វិស័យបច្ចេកទេសផ្សេងៗ ហើយវិស័យនេះ រឹតតែមានសារៈសំខាន់ ទៅទៀត ដែលក្របក្របខណ្ឌប្រទេសជាតិ នៅសម័យអាណានិគមនិយមបារាំង មានតែវត្តអារាមនេះហើយ ដែលសាលារៀនបានទៅជ្រកកោន ដើម្បីផ្តល់សេវាអប់រំរបស់យើងផងដែរ»

អ្នកឧកញ៉ា សៀង ណាំ ក៏បានសម្តែងនូវសេចក្តីសប្បាយរីករាយដែលបានមកចូលរួមក្នុងពិធីសម្ពោធអគារសិក្សានាពេលនេះ ដែលចំណាយថវិការអស់ជាង ២១មុឺនដុល្លារ និងក្លោងទ្វាទៀតអស់ ២៥ម៉ឺនដុល្លារ។

អ្នកឧកញ៉ា សៀង ណាំ ក៏បានថ្លៃនូវក្តីកោតសរសើរចំពោះសប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមជាវិភាគទានកំលាំងកាយ និងកម្លាំងចិត្ត ទ្រព្យធនក្នុងការកសាងអគារសិក្សា១ខ្នង ១០បន្ទប់ នៅសាលាបឋមសិក្សា វត្តដំណាក់ ឱ្យសម្រេចបានរួចរាល់ជាស្ថាពរ ដើម្បីជាប្រយោជន៍សម្រាប់ការសិក្សារបស់សិស្សានុសិស្ស ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

អ្នកឧកញ៉ា សៀង ណាំ បានបន្តថា អាស្រ័យដោយមានគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ចាប់តាំងពីឆ្នាំ១៩៩៨មក ប្រទេសជាតិបានទទួលនូវសុខសន្តិភាពពេញលេញ ដែលជាកត្តាសំខាន់បំផុត សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ឱ្យមានការរីកចម្រើនឆាប់រហ័សរហូតមកដល់សព្វថ្ងៃនេះ ដូច្នេះ យើងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព និងរួមគ្នាថែរក្សាសន្តិភាពឱ្យបានយូរអង្វែងតរៀងទៅ។

ជាមួយនេះដែរ ក្នុងពិធីសម្ពោធអគារសិក្សាថ្មី អ្នកឧកញ៉ា សៀង ណាំ ក៏បានចែកអំណោយ និងថវិកា យាយជី ករុសិស្ស និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធី និងផ្តល់ដល់វត្តដំណាក់ចំនួន១ម៉ឺនដុល្លារ ដើម្បីផ្គត់ផ្គង់ក្នុងការចំណាយសាងសង់ផងដែរ៕