(ភ្នំពេញ)៖ សិស្សប្រមាណ ១,៥០០នាក់ បានជួបជុំគ្នាប្រកួតប្រជែងគណិតវិទ្យាវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាដ៏ធំមួយមានឈ្មោះថា ការប្រកួតប្រជែងគណិតវិទ្យាអង្គរ (Angkor Mathematics Competition) ឬហៅកាត់ថា AMC ឆ្នាំ២០២២ រៀបចំឡើងដោយក្រុមហ៊ុន Bright Education Consultant and Travel.Co,Ltd។ ទាំងសិស្ស និងអាណាព្យាបាល សុទ្ធតែរីករាយចំពោះកម្មវិធីប្រកួតប្រជែងនេះ ហើយចង់ឃើញការប្រកួតប្រជែងបែបនេះកាន់តែច្រើន ដើម្បីសិស្សទទួលបានឱកាសបង្ហាញ និងវាស់ស្ទង់សមត្ថភាព។

ការប្រកួតប្រជែងគណិតវិទ្យាអង្គរ គឺជាការប្រលងប្រជែងគណិតវិទ្យាដ៏ធំ ប្រចាំប្រទេស ដែលមានបេក្ខជនចូលរួមប្រកួតប្រជែងជាង ៥,០០០នាក់ មកពី ២៥រាជធានី-ខេត្ត និងមានការចូលរួមជាង ៣០០សាលារៀនទាំងរដ្ឋ និងឯកជន។ ការប្រកួតប្រជែងគណិតវិទ្យាអង្គរ ជាវេទិកាប្រលងប្រជែងគណិតវិទ្យា ផ្តល់ឱកាសដល់សិស្សានុសិស្សវាស់ស្ទង់សមត្ថភាពគណិតវិទ្យា លើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្រ្ត ព្រមទាំងមានលើកកម្ពស់វិស័យអប់រំផងដែរ។

ការប្រលងនេះចែកជា៥កម្រិតរួមមាន៖ កម្រិតថ្នាក់ទី៥-៦, កម្រិតថ្នាក់ទី៧-៨,កម្រិតថ្នាក់ទី៩-១០ និងកម្រិតថ្នាក់ទី១១-១២។ ការប្រលង ត្រូវបានធ្វើឡើងជា ៣ដំណាក់កាល ដោយជម្រុះសិស្សជាបន្តបន្ទាប់។ ដំណាក់កាលប្រកួតចុងក្រោយ ឬផ្តាច់ព្រ័ត្រ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែធ្នូ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលហៅថាតិចណូ។ ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រនេះ មានសិស្សចូលរួមសរុបជាង ១,៥០០នាក់។

នេះគឺជាការប្រកួតប្រជែងគណិតវិទ្យាលើកទី២ហើយ រៀបចំឡើងដោយសម្រាប់ក្រុមហ៊ុន Bright ខណៈលើកទី១ ត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០២១។ ឆ្នាំទី២ អត្រាសិស្សចូលរួមប្រកួតប្រជែងកើនឡើងរហូតដល់ទៅ៣ដង បើធៀបនឹងឆ្នាំទី១។

លោក ឯល ណូរី ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Bright Education Consultant and Travel.Co,Ltd បានបង្ហាញការភ្ញាក់ផ្អើល និងរីករាយជាខ្លាំង ដោយឃើញសិស្សកាន់តែច្រើនចាប់អារម្មណ៍ និងចូលរួមក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យានេះ។

«អាចនិយាយថាជាប្រវត្តិសាស្ត្រយើងរៀបចំលើកទី២ទេ ក៏ប៉ុន្តែកូនសិស្សចូលរួមរហូតដល់ទៅ ១,៥០០នាក់ គឺច្រើនមែនទែន»។ នេះជាការបញ្ជាក់របស់លោក ឯល ណូរី។

ដើម្បីឱ្យសិស្សអាចវាស់ស្ទង់កម្រិតចំណេះដឹងគណិតវិទ្យារបស់ពួកគេ ហើយមានមោទនភាពចំពោះលទ្ធផលនោះ កម្មវិធីប្រកួតប្រជែងគណិតវិទ្យាអង្គរ ក៏បានសម្រិតសម្រាំងខ្លាំងទៅលើកម្រិតវិញ្ញាសាផងដែរ។ បើតាមលោក ឯល ណូរី វិញ្ញាសាត្រូវបានរៀបចំដោយបណ្ឌិតផ្នែកគណិតវិទ្យា ហើយមានទាំងជនជាតិខ្មែរ និងបរទេស។

សិស្សដែលបានចូលរួមប្រកួតប្រជែង បានបង្ហាញនូវអារម្មណ៍រីករាយ និងពេញចេញចំពោះការប្រកួតប្រជែងមួយនេះ។ លទ្ធផលជារឿងមួយសម្រាប់ពួកគេ តែអ្វីដែលកាន់តែរីករាយនោះ ការប្រកួតប្រជែងមួយនេះ បានធ្វើឱ្យពួកគេបានដឹងកម្រិតសមត្ថភាពផ្នែកគណិតវិទ្យារបស់ពួកគេ ផ្តល់បទពិសោធន៍សម្រាប់ពួកគេ ដើម្បីយកទៅអភិវឌ្ឍសមត្ថភាពបន្ត។

សិស្ស ម៉េង ឡាយស៊ុន មកពីសាលាផារ៉ាហ្កនអន្តរជាតិ ដែលជាសិស្សទទួលបានមេដាយមាស (Top1) ក្នុងកម្រិតថ្នាក់ទី៧-៨ បានបង្ហាញអារម្មណ៍រីករាយខ្លាំង ចំពោះលទ្ធផលនេះ។ ម្ចាស់មេដាយមាសលំដាប់កំពូលរូបនេះ បានបង្ហាញអារម្មណ៍របស់គេយ៉ាងដូច្នេះ «ខ្ញុំពិតជារីករាយណាស់ ព្រោះខ្ញុំមិននឹកស្មានថាបានថប១។ ខ្ញុំរីករាយណាស់ ដែលប្រាយបានធ្វើកម្មវិធីនេះ។ ខ្ញុំសូមឱ្យប្រាយបន្តធ្វើកម្មវិធីនេះ នៅឆ្នាំក្រោយៗទៀត»

យុវជន រិទ្ធ នីវិសាលស្ណុ ជាបេក្ខជនម្ចាស់មេដាយមាស AMC កាលពីឆ្នាំ២០២១ ក៏បានចូលរួមប្រកួតប្រជែងជាថ្មីនៅឆ្នាំ២០២២នេះផងដែរ។ រូបគេបន្តគ្រងតំណែងមេដាយមាស Top1 ជាថ្មី ហើយក៏ទទួលបានឱកាសទៅប្រកួតប្រជែងជាថ្មីនៅលើទឹកដីអាមេរិកផងដែរ។

ទន្ទឹមនឹងអារម្មណ៍រីករាយចំពោះលទ្ធផល នីវិសាលស្ណុ បានបង្ហាញមូលហេតុដែលនាំឱ្យរូបគេតែងតែដាក់ពាក្យចូលរួមប្រកួតប្រជែងការប្រលងគណិតវិទ្យាផងដែរ។ សម្រាប់ នីវិសាលស្ណុ ការប្រកួតប្រជែងនេះ តែងតែផ្តល់បទពិសោធន៍ថ្មីៗសម្រាប់រូបគេ។

នីវិសាលស្ណុ បានបញ្ជាក់យ៉ាងដូច្នេះ «នៅពេលចូលមកយើងឃើញចំណុចខ្វះខាតខ្លួនឯង ដែលយើងចង់កែប្រែវាឱ្យកាន់តែខ្លាំង។ វាធ្វើឱ្យខ្ញុំយល់ខ្លាំងជាងមុន មិនត្រឹមតែលំហាត់ក្នុងសៀវភៅ តែក៏មានលំហាត់ក្រៅសៀវភៅ ហើយមិនតែប៉ុណ្ណោះជួយជំរុញការគិតរបស់ខ្ញុំផងដែរ»

ម្ចាស់មេដាយមាសជាលើកទី២ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអង្គរ បានកោតសរសើរចំពោះការរៀបចំប្រកួតប្រជែងមួយនេះ ព្រោះបានផ្តល់ឱកាសឱ្យសិស្សចូលរួមប្រកួតប្រជែង។ វាក៏ជាឱកាសឱ្យសិស្សបានចូលរួមកម្មវិធីក្រៅសាលា ដើម្បីទទួលបានបទពិសោធន៍ផ្សេងៗ និងរៀនលើចំណេះផ្សេងៗដែលមិនមាននៅក្នុងសាលា។

ព្រឹត្តិការណ៍ប្រកួតប្រជែងគណិតវិទ្យាអង្គរនៅវគ្គផ្តាច់ព្រ័ត្រនេះ គេបានឃើញអាណាព្យាបាលយ៉ាងច្រើន ចំណាយពេលវេលារបស់ខ្លួននាំកូនចូលរួមប្រកួតប្រជែង និងលើកទឹកចិត្តកូន។ ទិដ្ឋភាពនេះ បានបង្ហាញឃើញច្បាស់ពីការគាំទ្រដ៏មុះមុតរបស់អាណាព្យាបាលចំពោះការអប់រំរបស់ខ្លួន ដែលមិនត្រឹមតែគាំទ្រផ្នែកថវិកាទេ តែក៏បានគាំទ្រផ្នែកស្មារតីរបស់ពួកគេផងដែរ។

អាណាព្យាបាល បានបង្ហាញអារម្មណ៍រីករាយ និងពេញចិត្តចំពោះកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអង្គរ ដែលជាព្រឹត្តិការណ៍កម្រមួយនៅក្នុងប្រទេសកម្ពុជា។

លោក ម៉េង ផលគន្ធ ឪពុករបស់សិស្ស ម៉េង ឡាយស៊ុន បានគូសបញ្ជាក់ថា «ខ្ញុំពិតជាមានមោទនភាព និងរីករាយត្រេកអរបំផុត នៅពេលឮឈ្មោះកូនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចិត្តពិតជារំភើបខ្លាំងក្លាបំផុត ហើយក៏មានមោទនភាពចំពោះកូន ដែលកូនបានបញ្ចេញសមត្ថភាពផ្ទាល់ខ្លួន»

លោក ម៉េង ផលគន្ធ ក៏បានថ្លែងកោតសរសើរ និងពេញចិត្តចំពោះក្រុមហ៊ុនប្រាយ ដែលបានរៀបចំការប្រកួតមួយនេះ ដើម្បីឱ្យកូនខ្មែរបានបង្ហាញសមត្ថភាពរបស់ពួកគេ។

លោក ឯល ណូរី ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនប្រាយ បានអះអាងថា លោកនឹងបន្តរៀបចំកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអង្គរនេះនៅឆ្នាំក្រោយៗទៀត ហើយឱ្យកាន់តែមានភាពទូលំទូលាយ ដើម្បីឱ្យសិស្សចូលរួមបានកាន់តែច្រើន។ លោកបានលើកទឹកចិត្តសិស្សចូលរួមកម្មវិធីប្រកួតប្រជែងនេះឱ្យកាន់តែច្រើនថែមទៀត។

សូមបញ្ជាក់ថា កម្មវិធីប្រកួតគណិតវិទ្យាអង្គរវគ្គផ្តាច់ព្រ័ត្រ ក៏បានរៀបចំរង្វាន់ជាច្រើនសម្រាប់អ្នកទទួលបានពិន្ទុខ្ពស់ពីលេខ១ ដល់លេខ១០។

ជយលាភីលេខ១៖ ទទួលបានកញ្ចប់ប្រឡង Copernicus global នៅសហរដ្ឋអាមេរិក។
ជយលាភីលេខ២៖ ទទួលបានកង់អគ្គិសនី
ជយលាភីលេខ៣៖ ទទួលបានកង់
ជយលាភីលេខ៤៖ ទទួលបានថេបប្លេត អាម៉ាហ្សូន
ជយលាភីលេខ៥៖ ទទួលបានថេបប្លេត
ជយលាភីលេខ៦ ដល់លេខ១០៖ នាឡិកាវៃឆ្លាត

សម្រាប់សិស្សមិនស្ថិតក្នុងលំដាប់ពិន្ទុខ្ពស់ពីលេខ១ ដល់លេខ១០ ទទួលមេដាយ និងវិញ្ញាបនប័ត្រតាមប្រភេទនីមួយៗ៕