(ស្រីលង្កា)៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញពិសារអាហារការងារពេលព្រឹកជាមួយ Dr. Rajitha Senaratne សមាជិករដ្ឋសភា និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល អាហារូបត្ថម្ភ និងឱសថបុរាណ នៃប្រទេសស្រីលង្កា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងចែករំលែកបទពិសោធន៍រវាងប្រទេសទាំងពីរ ស្ដីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានលើកឡេីងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វេីឲ្យមានសុខដុមបនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ក៏បានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការស្តារ និងដោះស្រាយបញ្ហានានា កំឡុងពេលកូវីដ១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយកម្ពុជា បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេសសរុបចំនួន ១៥,២៣២,២៧២នាក់ ក្នុងចំណោមប្រជាជន សរុបជាង១៦លាននាក់ ស្មើនឹង៩៥.២% ដោយក្នុងនោះបានចាក់ដូសទី៣ ជូនប្រជាពលរដ្ឋមានចំនួន១០,៣៩០,០៩៤នាក់, ដូសទី៤ចំនួន ៤,៧០៩,៧៩៣នាក់ និងដូសទី៥ចំនួន ១,១៧៧,៣៨០នាក់។

ជាមួយគ្នានោះ លោក Dr. Rajitha Senaratne បានមានការភ្ញាក់ផ្អេីល ព្រមទាំងបានថ្លែងនូវការកោតសរសេីរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការបានយ៉ាងល្អប្រសេីរឆ្លេីយតបទៅនឹងវិបត្តិកូវីដ១៩ និងការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋបានរហូតដល់ដូសទី៥៕