(កណ្តាល)៖ លោក គុណ ជាស៊ីន សមាជិកក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការ តំណាងឱ្យលោក រឿន រិទ្ធីរ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ និងលោក ហ៊ុត ពន្លឺ នាយករងមូលនិធិជនពិការ តំណាងលោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក នៃមូលនិធិជនពិការ បានចុះប្រគល់ផ្ទះថ្មី១ខ្នង របស់មូលនិធិជនពិការ ធ្វើអំពីថ្មប្រកស័ង្កសីទំហំ ៤គុណ៦ម៉ែត្រ ជូនជនពិការក្រីក្រឈ្មោះ ម៉ន ធុន ភេទប្រុស ជាជនពិការអវយវៈក្រោមទាំង២ រស់នៅភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

តាមការរាយការណ៍របស់អាជ្ញាធរឃុំ បានឱ្យដឹងថា កន្លងមកជនពិការខាងលើរស់នៅក្នុងផ្ទះទាមផ្ទាល់ដីទំហំ ៤ម៉ែត្រគុណ៤ម៉ែត្រ ធ្វើពីឈើជញ្ជាំងដំបូលស័ង្កសី ដែលមានសភាពចាស់ទ្រុឌទ្រោម និងធ្លុះធ្លាយដោយអន្លើរ។ ដោយឃើញទុកលំបាករបស់គ្រួសារលោក ម៉ន ធុន និងក្រុមគ្រួសារ អាជ្ញាធរបានទំនាក់ទំនងទៅសាខាមូលនិធិជនពិការខេត្តកណ្តាល ដើម្បីសុំការគាំទ្រនានាដល់គ្រួសារជនពិការ។

តាមរយៈការសម្របសម្រួលពីសាខាមូលនិធិជនពិការខេត្ត និងមានការយកចិត្តទុកដាក់ពីលោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក នៃមូលនិធិជនពិការ ឃើញថាជនពិការខាងលើទទួលបានការគាំពារ ពិតប្រាកដកមែន ដូចអ្វីដែលមានក្នុងថ្ងៃនេះ គឺគ្រួសារគាត់ទទួលបានផ្ទះ១ខ្នងពីមូលនិធិជនពិការ។

ក្នុងនាមអាជ្ញាធរ លោកពិតជាមានសេចក្តីសោមនស្សរីករាយ ដែលមូលនិធិជនពិការ បានសាងសង់ផ្ទះជូនជនពិការក្រីក្រនៅឃុំរបស់លោក ដែលបានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពរបស់ ក្រុមគ្រួសារគាត់។

លោក គុណ ជាស៊ីន បានថ្លែងថា កម្មវិធីសាងសង់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ជនពិការក្រីក្រ ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោកសូមថ្លែងអំណរគុណដល់សាខា ម.ជ.ព.ខេត្តកណ្តាល មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់សហការស្វែករកជនពិការក្រីក្រ និងការកសាងឯកសារពាក់ព័ន្ធជូនម.ជ.ព.។ លោកបានផ្តាំផ្ញើរដល់គ្រួសារជនពិការ សូមចូលរស់នៅក្នុងគេហដ្ឋាននេះ ឱ្យមានសេចក្តីសុខចម្រើន និងសូមថែរក្សាសុខភាពដើម្បីជៀសផុតពីជំងឺនានា។

ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនពិការដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស៕