(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះករណីវាយកុដិបុរាណចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាលោម ដែលមានអាយុកាល ៩២ឆ្នាំហើយនោះ។

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ញើលិខិតទូលថ្វាយសម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជា គណៈមហានិយកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងការសោកស្តាយចំពោះករណីវាយកុដិបុរាណ ទាំង៣នេះ។

យោងតាមលិខិតដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃនេះ លោកស្រី ភឿង សកុណា បានបញ្ជាក់ថា «កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ទូលព្រះបង្គំបានទទួលដំណឹង ពីមន្ត្រីជំនាញ និងមហាជន រាយការណ៍មកស្តីពី ករណីនៃការវាយកុដិបុរាណចំនួន៣ (កុដិលេខ ៤៣ ៤៣ និង៤៥) ដែលកសាងកំឡុងឆ្នាំ១៩៣០ នៅក្នុងបរិវេណវត្តឧណ្ណាលោម ដើម្បីសាងសង់ព្រះចេតិយ។ ក្រោយដឹងដំណឹងនេះ ក្រសួងមានការសោកស្តាយជាខ្លាំង ព្រោះកុដិទាំង៣នេះ ក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧»

រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបន្ថែមថា សកម្មភាពនេះកំពុងរងការរិះគន់យ៉ាងផុលផុស ពីមហាជនតាមរយៈបណ្តាញសង្គម។ ក្នុងនាមក្រសួងជាសេនាធិការ របស់រាជរដ្ឋាភិបាល ដែលមានតួនាទីនិងភារកិច្ច ក្នុងការគ្រប់គ្រង ថែរក្សា ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ក្រសួងសូមបញ្ជាក់ទូលថ្វាយថា សកម្មភាព នៃការរុះរើនិងវាយកម្ទេចកុដិចាស់ ដោយពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពីក្រសួងវប្បធម៌ ជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាល ដែលជាឯកសារគតិយុត្តជាធរមាន ជាមួយការចង្អុលបង្ហាញថា រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌនានា ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ ដែលជាក្រសួងជំនាញ។

សូមជម្រាបថា កាលពីឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរមួយ ស្តីពីការទប់ស្កាត់ ការវាយកម្ទេច និងបំផ្លិចបំផ្លាញ សំណង់អគារបេតិកភណ្ឌ ដោយសង្កត់ធ្ងន់ថា សំណង់អគារបេតិកភណ្ឌ ដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន៕