(បាត់ដំបង)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនប្រកបដោយចីរភាព និរន្តរភាព ពីព្រោះសមត្ថភាពរបស់ប្រជាពលរដ្ឋម្នាក់ៗ អាចជួយពង្រឹងលទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិក្នុងបរិបទសាកលភាវូបនីយកម្ម និងការចាប់យកនូវឱកាសសក្តានុពលនានា ដើម្បីឈានទៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈការទាក់ទាញវិនិយោគកម្រិតខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យប្រកបដោយមោទនភាពជាតិសម្រាប់អនាគតដ៏វែងឆ្ងាយ។

ការគូសបញ្ជាក់បែបនេះ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រទាំង ០៣កម្រិត រួមមាន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររងទាំង ១,៩៥៥នាក់នាពេលនេះ។

លោកបណ្ឌិត បានបន្តថា ការសិក្សាគ្រាន់តែជាផ្នែកមួយនៃដំណើរជីវិតដែលក្នុងនេះត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ប៉ុន្តែការប្រឹងប្រែងសិក្សារៀនសូត្រដោយជម្នះការលំបាកអស់រយៈពេលជាច្រើនឆ្នាំ រហូតបានបញ្ចប់ការសិក្សា គឺជាភាពជោគជ័យមួយដ៏សំខាន់នៅក្នុងដំណាក់កាលទាំងនេះ សម្រាប់ការកសាងអនាគតរបស់មនុស្សម្នាក់ៗ។ មួយវិញទៀត នេះក៏ជាមោទកភាពរបស់ឪពុកម្តាយ និងក្រុមគ្រួសារទាំងមូលផងដែរ ខណៈដែលឪពុកម្តាយខ្លះ មិនមានឱកាសបានសិក្សារៀនសូត្រ ដោយសារការរស់នៅក្នុងរយៈកាលសង្គ្រាម ហើយក្នុងសម័យសុខសន្តិភាពដូចបច្ចុប្បន្ននេះ លោកបានខិតខំតស៊ូចិញ្ចឹមបីបាច់ថែរក្សាបុត្រធីតា និងទំនុកបម្រុងឱ្យសិក្សារៀនសូត្របានខ្ពង់ខ្ពស់ និងមានអនាគតល្អត្រចះត្រចង់ ជាក្តីសង្ឃឹមសម្រាប់ពួកគាត់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិ, ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន រុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព ពីព្រោះសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋម្នាក់ៗ អាចជួយដល់ការពង្រឹងលទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិក្នុងបរិបទសាកលភាវូបនីយកម្ម និងការចាប់យកនូវឱកាសសក្តានុពលនានា ដើម្បីឈានទៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈការទាក់ទាញវិនិយោគកម្រិតខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យប្រកបដោយមោទនភាពជាតិសម្រាប់អនាគតដ៏វែងឆ្ងាយ»

បន្ថែមពីនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ងាកមកទិដ្ឋភាពប្រជាពលរដ្ឋជាបុគ្គលម្នាក់ៗវិញ ការអប់រំបានផ្តល់ឱ្យយើងនូវលទ្ធភាពក្នុងការបង្កើនសមត្ថភាពចំណេះដឹង និងគុណវុឌ្ឍិ ដែលបង្កលក្ខណៈដល់ការ ប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស ដែលបង្កើតជាជម្រើសល្អៗច្រើនដល់ខ្លួនយើង រួមជាមួយនឹងសេរីភាពពេញលេញ ក៏ដូចជាភាពម្ចាស់ការពឹងផ្អែកលើខ្លួនឯងក្នុងគ្រប់កាលៈទេសៈ ដោយមិនមានការភ័យព្រួយបារម្ភ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ មក, រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាអាទិភាពចម្បង ក្នុងចំណោមអាទិភាពចម្បងទាំង៤ «មនុស្ស, ផ្លូវ, ទឹក និងភ្លើង» ដើម្បីដើរឱ្យទាន់គេ និងចូលរួមប្រកួតប្រជែងជាមួយគេបាន។ ការកំណត់អាទិភាពចម្បងនេះ មិនមែនជាការចៃដន្យនោះទេ ពីព្រោះស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា បានវិវដ្តដល់ចំណុចរបត់មួយដែលខុសប្លែកពីស្ថានភាពដៃទទេ កាលពីកម្ពុជាទើបបញ្ចប់សង្រ្គាមស៊ីវិល។ បន្តទៅមុខទៀត ត្តា «មនុស្ស» ក៏នៅតែជាអាទិភាពចម្បងបំផុត ហើយទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធទឹក ភ្លើង ផ្លូវ ក៏នៅបន្តកសាងស្តារ ដើម្បីបូករួមផ្សំបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការទទួលបានសញ្ញាបត្រក្នុងថ្ងៃនេះ គឺជាសមិទ្ធផលជោគជ័យដ៏ធំធេងក្នុងដំណើរជីវិត និងបានបង្ហាញនូវមេរៀនគុណតម្លៃមួយចំនួន ដែលអាចយកទៅអនុវត្តទាំងនៅក្នុងការសិក្សា, ជីវិតការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ រួមមានជាអាទិ៍៖

ទី១៖ ជោគជ័យធំ គឺកើតចេញពីជោគជ័យតូចៗជាច្រើនរួមផ្គុំគ្នា
ទី២៖ ការខិតខំប្រឹងប្រែងព្យាយាមតស៊ូស្វាធ្យាយ គឺជាកត្តាសំខាន់នៃភាពជោគជ័យ
ទី៣៖ ការទទួលបានភាគជោគជ័យអាចប្រើពេលវេលាយូរអង្វែង ដូច្នេះទាមទារនូវការអំណត់អត់ធន់
និងទី៤៖ ការកំណត់គោលដៅច្បាស់លាស់ និងបន្តដំណើរទៅមុខជាប់ជានិច្ច រហូតអាចសម្រេចបាននូវគោលដៅ ទោះបីជាត្រូវប្រឈមនឹងបញ្ហាជាច្រើននៅតាមផ្លូវក៏ដោយ ហើយដោយពេលខ្លះក៏ត្រូវទទួលរងបរាជ័យច្រើនផ្ទួនៗក៏ដោយ។

លោកបណ្ឌិតក៏បានផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់នូវអនុសាសន៍មួយចំនួន៖ បន្តរៀនសូត្រ ដោយរៀនហើយរៀនទៀត រៀនឥតឈប់ឈរ, បន្តទម្លាប់ជោគជ័យ តាមរយៈការខិតខំបំពេញការងារគ្រប់បែបយ៉ាងដោយយកចិត្តទុកដាក់ធ្វើឱ្យបានល្អហ្មត់ចត់ និងច្បាស់លាស់ មិនថាជាការងារតូច ឬការងារធំ ហើយក៏ត្រូវប្រកាន់ខ្ជាប់នូវផ្នត់គំនិតវិជ្ជមាន ដោយត្រូវខិតខំរិះរកវិធីសាស្ត្រដោះស្រាយគ្រប់បញ្ហាឱ្យបានល្អ និងបានឆាប់រហ័ស ទោះក្នុងកាលៈទេសៈណាក៏ដោយ និងត្រូវអភិវឌ្ឍខ្លួនឱ្យស្របជាមួយនឹងដំណើរអភិវឌ្ឍន៍រួមរបស់ស្ថាប័ន, អង្គភាព និងសង្គមជាតិ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមអរគុណដល់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបាត់ដំបង ដែលបានផ្តល់អាហារូបករណ៍ជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈគណៈកម្មាធិការអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ផ្តល់ជូនសិស្ស-និស្សិតខ្វះលទ្ធភាពដើម្បីទទួលបានការសិក្សា និងឱកាសក្នុងការប្រែក្លាយខ្លួនទៅជាធនធានមនុស្សប្រកបដោយសមត្ថភាពជំនាញរបស់កម្ពុជា៕