(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវ និងស្វាគមន៍រាល់វិនិយោគិនដែលមានបំណងចង់មក វិនិយោគនិងអភិវឌ្ឍន៍ស្រុកស្ទោង។ លោកបានថ្លែងដូចច្នេះ ក្នុងឱកាសដែលលោកបានអញ្ជើញ ចូលរួមបញ្ចុះបឋមសិលាផ្សារមរតកស្រុកស្ទោង ក្នុងភូមិច្រាំងស ឃុំទ្រា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

លោកបញ្ជាក់ថា នៅពេលដែលផ្សារមរតកស្រុកស្ទោងចាប់ដំណើរការ ស្រុកស្ទោងនឹងមានសក្ដានុពលខ្លាំងក្នុងការ វិននិយោគលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនឹងធូរធា ដោយសារផ្សារនេះមានលក្ខណៈស្តង់ដារ នៅជាប់ផ្លូវជាតិ មានភ្ញៀវទេសចរឆ្លងកាត់ មានចំណតធំ និងផ្ទៃដីធំទូលាយហើយលក់ដូរផលិតផល កសិផល សិប្បកម្មសព្វបែបយ៉ាង ដែលអាចជួយបង្កើតទីផ្សារកម្លាំងពលកម្ម បង្កើនសេដ្ឋកិច្ចសហគមន៍ក្នុងស្រុកទាំងមូល ដែលបង្កើតឡើងដោយសហគមន៍ផ្ទាល់។

លោកបានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសជាតិមានសុខសន្តិភាព មានគោលនយោបាយរបស់រាជរដ្ឋាភិបាលនាំឲ្យការរីកចម្រើនខ្លាំង ហើយផ្សារនេះមានទីតាំង នៅជាប់ផ្លូវជាតិលេខ៦ ហើយនេះជាទីតាំងភូមិសាស្ត្រមួយល្អសម្រាប់បងប្អូន ឬក៏ភ្ញៀវទេសចរឆ្លងកាត់ពីខេត្តសៀមរាប។

លោក កុក វិទូ ម្ចាស់ផ្សារមរតកស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់លោក សាយ គឹមឡម និងប្រជាពលរដ្ឋដែលតែងតែសហការ និងបង្កលក្ខណៈងាយស្រួលដើម្បីឲ្យផ្សារនេះបានដំណើរការល្អតាំងពីដើមមក។

លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោងទាំងមូល សូមជួយគាំទ្រមរតកស្រុកស្ទោង ព្រោះដោយសារប្រទេសជាតិមានសុខសន្តិភាព ទើបកើតមានផ្សារមរតកស្រុកស្ទោង ដែលជាប្រវត្តិសាស្ត្រថ្មីរបស់ស្រុក ដែលកើតចេញពីក្រអៅបេះដូងកូនចៅអ្នកស្រុកស្ទោងផ្ទាល់។

លោកបានបន្ថែមថា ផ្សារមរតកស្រុកស្ទោងមានផ្ទៃដីសរុប១៦ ហិចតា ដែលផ្ទៃដីរ៦០%ជាដីសម្រាប់ធ្វើផ្សារលក់ដូរ និងបោះដុំ មានទទឹង ទទឹង១០០ម៉ែត្រ និង បណ្តោយ១៣០ម៉ែត្រ និងមាន៣០០តូប ហើយមានផ្សារតូច មួយទៀតនៅក្បែរ សម្រាប់លក់ផលិតផលបានមកពីក្នុងសហគមន៍ផ្ទាល់ដូចជាបន្លែ ត្រីសាច់ ជាដើម ហើយទីតាំងដីនេះចែកជាបីប្រភេទ មានដីឡូតិ៍ ដីលំនៅដ្ឋាន និងកន្លែងកំសាន្ត ព្រមទាំងទីកន្លែងហាត់ប្រាណផងដែរ។

លោកបានបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានទិញតូបក្នុងផ្សារហើយ គឺមិនមានការប្រាក់នោះទេហើយអាចលក់តកូនតចៅបានពេញមួយជីវិតមិនមានអាណត្តិនោះទេ៕