(ភ្នំពេញ)៖ នាពេលរសៀលថ្ងៃទី១៩ ខែមិថុនានេះ​ លោក​ មៀច​ សុផាន់ណា​ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ​ បានដឹកនាំ​គណៈ​ប្រតិភូ​របស់គណៈកម្មាធិការ​ ធ្វើដំណើរទៅទស្សនកិច្ចការងារ​ និងចូលរួមរួមវគ្គបណ្តុះបណ្តាលរយៈពេល​០៤ថ្ងៃ​ ស្តីពីយុទ្ធសាស្ត្រ​ និងនីតិវិធីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​នៅទីក្រុង​ហាណូ​យ​ ប្រទេសវៀតណាម​ ចាប់ពីថ្ងៃទី២០​ ដល់ថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០១៦​។

ដំណើរបំពេញទស្សនកិច្ចនេះ ដោយតបតាមការអញ្ជើញរបស់សេនានុពន្ធ័នគរបាល​ និងសន្តិសុខ​ (វៀតណាម-កម្ពុជា-ទ្បាវ)​ អមស្ថានទូតបារាំង ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម​ ដើម្បីបង្កើនចំណះដឹង​ និងកិច្ចសហប្រតិបត្តិការល្អ​ រវាងគណៈកម្មាធិការ​ ជាមួយស្ថានបន័ពាក់ពន្ធ័នានារបស់ប្រទេសវៀតណាម។

ក្នុងអំទ្បុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនៃគណៈកម្មាធិការ នឹងចូលជួបសម្តែងការគួរសម និងពិភាក្សា ស្តីពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាមួយថ្នាក់ដឹកនាំក្រសួងសន្តិសុខ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ៕