(បាត់ដំបង)៖ លោក សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំទស្សនកិច្ចសិក្សាលើកទី២ របស់គម្រោងសារព័ត៌មាន លើគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព (Sustainable Development Goals (SDGs) Journalism Reporting) ដែលបានគាំទ្រដោយកម្មវិធីសហគមន៍អឺរ៉ុប (Erasmus+ Programme of the European Union) ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ ដើម្បីតាមដានការវិវឌ្ឍន៍របស់គម្រោង ពិនិត្យមើលកម្មវិធីបណ្តុះបណ្តាលផ្នែកសារព័ត៌មាន និងផ្សពផ្សាយកម្មវិធីបណ្តុះបណ្តាលនេះ ដល់សិស្សនិស្សិត និងអ្នកសារព័ត៌មានទូទៅ ដើម្បីឱ្យពួកគាត់បានចូលរួមផ្សព្វផ្សាយ អំពីគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព (Sustainable Development Goals) របស់អង្គការសហប្រជាជាតិ ដែលកំពុងយកចិត្តទុកដាក់ ពីបណ្តាប្រទេសជាច្រើនក្នុងសកលលោក។

កិច្ចប្រជុំនេះមានអ្នកចូលរួមថ្នាក់ជាតិ និងអន្តរជាតិចំនួន ៥០នាក់ រួមមានសាកលវិទ្យាល័យដៃគូចំនួន៦ក្នុងទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប ដូចជា មកពីប្រទេសម៉ាឡេស៊ី ចិន លុចសំប៊ួរ រ៉ូម៉ានី និងអេស្ប៉ាញ។ ក្នុងនោះផងដែរក៏មានការចូលរួមពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មន្ទីរព័ត៌មានខេត្តបាត់ដំបង មន្ត្រីរាជការ និងនិសិ្សតរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។

កិច្ចប្រជុំនេះបានទទួលលទ្ធផលប្រកបដោយផ្លែផ្កា ដោយបានសម្រេចឱ្យសាកលវិទ្យាល័យជាតិបាត់ដំបង ចាប់ដំណើរការបណ្តុះបណ្តាលផ្នែកសារព័ត៌មាន ដល់និស្សិតនិងអ្នកសារព័ត៌មាននានា ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៣។

គោលបំណងកម្មវិធីបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់ចំណេះដឹង និងជំនាញផ្នែកសារព័ត៌មានដល់និស្សិត និងអ្នកសារព័ត៌មាន ដើម្បីឱ្យទៅជាក្លាយជាធនធានមនុស្ស ចូលរួមអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព សម្រាប់លើកកម្ពស់គុណភាពអប់រំ សុខមាលភាពរបស់ប្រជាពលរដ្ឋ ការការពារបរិស្ថាន ការកាត់បន្ថយភាពក្រីក្រ និងគោលដៅអភិវឌ្ឍផ្សេងៗទៀត ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕