(ភ្នំពេញ)៖ ក្មេងទំនើង២ក្រុម បានបង្កហិង្សាវាយតប់គ្នា និងឈានដល់ការបាញ់រះ បណ្តាលឲ្យរបួស៤នាក់ ខណៈមនុស្ស៤នាក់ទៀត ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ដើម្បីធ្វើការសួរនាំបន្ត។ ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលេខ៤៧០ ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនរងគ្រោះទាំង៤នាក់រួមមាន៖

*ទី១៖ ឈ្មោះ ស៊ិន សុភ័ក្រ្ត អាយុ២២ឆ្នាំ មុខរបរបុគ្គលិកណេត (រងរបួសភ្លៅឆ្វេង និងត្រគៀក)
*ទី២៖ ឈ្មោះ មាស រ៉ាវីត អាយុ២០ឆ្នាំ មុខរបរ ដឹកទំនិញអនឡាញ (រងរបួសត្រគៀក)
*ទី៣៖ ឈ្មោះ ឃាង លីគាង អាយុ២២ឆ្នាំ មុខរបរ ដឹកទំនិញអនឡាញ (របួសកែងដៃឆ្វេង)
*ទី៤៖ ឈ្មោះ ស្រឿន ប៉ោគីម អាយុ១៩ឆ្នាំ មុខរបរ ដឹកទំនិញអនឡាញ (រង​របួសខ្នងជើងឆ្វេង)។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ដែលបានសួរនាំទៅសមត្ថកិច្ច និងសាក្សីឲ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនរងគ្រោះ និងមិត្តភក្តិ បានជិះម៉ូតូចេញពីម្តុំវត្តពោធិ៍ញាណ បត់ឡើងផ្លូវ៣៧១ ហើយប្រុងទៅប៉ះម៉ូតូម៉ាក NC700 ពណ៌ក្រហម ដែលកំពុងបើកបរដោយឈ្មោះ ខា សុខឃី អាយុ៤១ឆ្នាំ មុខរបរអ្នកសារព័ត៌មានអាស៊ានដេលី ឌុបមនុស្សប្រុសម្នាក់ទៀតឈ្មោះ រៀន រិទ្ធិ អាយុ៣៣ឆ្នាំ ហើយភាគីទាំងសងខាង បានឌឺដងដាក់គ្នា រួចបើកម៉ូតូដេញតាមគ្នាចុះឡើង រហូតដល់ក្បាលថ្នល់ (ចំណុចកើតហេតុ) ឈ្មោះ ខា សុខឃី បានឈប់ម៉ូតូនៅទីនោះជួបជាមួយបុរសម្នាក់មិនស្គាល់ឈ្មោះ (អ្នកផ្ទុះអាវុធ) ហើយក្រុមជនរងគ្រោះក៏ជិះម៉ូតូផុតទៅ។

តាមសេចក្តីរាយការណ៍ បន្តិចមកស្រាប់តែភាគីដែលរងគ្រោះ បាននាំគ្នាជិះម៉ូតូត្រឡប់មកវិញ ហើយយកដុំថ្មគប់មកលើគូបក្ខដិបក្ខ ឃើញដូច្នេះមនុស្សប្រុសម្នាក់ដែលមិនស្គាល់ឈ្មោះបានដកអាវុធខ្លី មិនស្គាល់ម៉ាក បាញ់ទៅលើក្រុមជនរងគ្រោះបណ្តាលឲ្យរងរបួស ហើយត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅពេទ្យរុស្សី ចំណែកអ្នកផ្ទុះអាវុធបានឡើងជិះរថយន្តម៉ាកព្រូស ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ គេចចេញទៅបាត់។

ក្រោយកើតហេតុសមត្ថកិច្ច រកឃើញសំបកគ្រាប់ចំនួន៨សំបក និងក្បាលគ្រាប់ចំនួន១គ្រាប់ បន្សល់ទុកនៅកន្លែងកើតហេតុ។ សមត្ថកិច្ចបានហៅឈ្មោះ ខា សុខឃី និងឈ្មោះ រៀន រិទ្ធិ មកសាកសួរ តែពួកគាត់ឆ្លើយថា មិនស្គាល់អ្នកផ្ទុះអាវុធទេ គឺពេលកើតហេតុនោះ គាត់មកឈប់កន្លែងកើតហេតុដើម្បីរកនគរបាលឲ្យជួយ។

ឈ្មោះ ខា សុខឃី និងឈ្មោះ រៀន រិទ្ធិ ត្រូវបាននគរបាលឃាត់សួរនាំ ដើម្បីធ្វើការស្រាវជ្រាវសិន ហើយក៏បានឃាត់បក្ខពួកជនរងគ្រោះ២នាក់ទៀត ដែលបានយកដុំថ្មគប់មកលើគេរួមមាន៖

*ទី១៖ ឈ្មោះ រី សុខជា អាយុ២៣ឆ្នាំ មុខរបរ ដឹកទំនិញអនឡាញ
*ទី២៖ ឈ្មោះ ខៀវ ឧត្តមប៊ុនម៉ា អាយុ២២ឆ្នាំ មុខរបរ ដឹកទំនិញអនឡាញ។ ជាមួយគ្នានេះ នគរបាលបានដកហូតបានម៉ូតូ២គ្រឿង ម៉ាកហុងស្គុបពី ពណ៌ស១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IJ-5653 ជារបស់អ្នករបួស និងម៉ូតូ១គ្រឿងម៉ាក NC700 ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1JR-9080 ជារបស់អ្នកសារព័ត៌មានឃាត់សាកសួរនាំនៅអធិការដ្ឋានខណ្ឌបណ្ដោះអាសន្ន ហើយចំណែកម៉ូតូ២គ្រឿងទៀតនៅកងរាជអាវុធហត្ថខណ្ឌរក្សាទុក។

ជាមួយគ្នានេះ កម្លាំងនគរបាល និងកងកម្លាំងកងរាជអាវុធហត្ថខណ្ឌ កំពុងសហការគ្នាធ្វើការស្រាវជ្រាវរកបុរសបង្កដែលប្រើប្រាស់អាវុធបាញ់បណ្ដាលអ្នករបួសចំនួន៤នាក់៕