(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាៃផ្ទ កាលពីម្សិលមិញ បានអញ្ជើញជាអធិបតីក្នុងពិធីខួបទី៣១ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះមានការយាង និមន្ត អញ្ជើញចូលរួមពី សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឍនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងស្ថាប័នក្រសួងនានា ក៏ដូចជាពុទ្ធបរិស័ទផងដែរ។

ជាកិច្ចស្វាគមន៍ សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះអង្គមានថេរដិកាថា ព្រះពុទ្ធសាសនរដ្ឋគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមកប្រតិស្ថាន នៅលើទឹកដីកម្ពុជានៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៩១ ក្រោមការស្នើសុំពីសំណាក់ សម្ដេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា សុីម អតីតប្រធានព្រឹទ្ធសភា គ្រាព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ពេលនោះព្រះអង្គជា ព្រះប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ ទ្រង់បានថ្វាយព្រះឋានៈជា សម្ដេចព្រះសុគន្ធាធិបតីសម្ដេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃកម្ពុជា។

ព្រះអង្គមានថេរដិកាបន្តថា ព្រះរាជាណាចក្រកម្ពុជា ពិតជាមានភ័ព្វសំណាង ដែលមានថ្នាក់ដឹកនាំកំពូលពោរពេញទៅដោយភាពឈ្លាសប្រតិពលប្រកបដោយគតិបណ្ឌិតបំផុត ស្ថិតក្រោមមហា ម្លប់ដ៏សែនត្រជាក់ត្រជុំរបស់អង្គព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដោយផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាពោរពេញទៅដោយសន្តិភាព ដែលបានផ្តល់ឱកាស សម្រាប់ព្រះពុទ្ធសាសនា មានគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ បានអភិវឌ្ឍរីក ចម្រើនយ៉ាងឆាប់រហ័ស និងគ្រប់វិស័យទាំងអស់ក៏បានរីកចម្រើនរួមគ្នា ធ្វើឱ្យកម្ពុជាមានកេរឈ្មោះ ល្បីសុះសាយនៅទូទាំងសាកលទាំងមូល។

ព្រះអង្គក៏មានបន្ទូលបន្តថា៖ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជួយសង្គមជាច្រើនមានដូចជា វិស័យសិក្សាធិកា វិស័យអបរំ វិស័យសុខាភិបាល សកម្មភពមនុស្សធម៌ ព្រមទាំងថ្មីៗនេះសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានមានបន្ទូលអំពាវនាវដល់អ្នកមានចិត្តបុណ្យទាំងឡាយ ចូលរួមថវិកាកសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីចូលរួមចំណែកវិស័យអប់រំ និងជួយសមណនិស្សិត-និស្សិត គ្រប់រាជធានី-ខេត្ត បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ដោយឥតបង់ថ្លៃរយៈពេល៤ឆ្នាំ។

ព្រះអង្គក៏មានបន្ទូលបន្តទៀតថា ទន្ទឹមនឹងការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន និងតាមរយៈបណ្តាញព័ត៌មាន Fresh News ផងនោះ ដោយមានការគិតគូដ៏ខ្ពង់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីពេលថ្មីនេះ ដោយអំពាវនាវដល់សប្បុរសជន ឲ្យចូលរួមកសាងនូវអគារសិក្សាថ្មី ក្នុងពុទ្ធិកសាកលវិទ្យាល័យ សីហមុនីរាជា ទៅតាមលទ្ធភាព ដើម្បីផ្ដល់ជាប្រយោជន៍ ក្នុងការជួយអភិវឌ្ឍវិស័យធនធានមនុស្សនៅកម្ពុជាក្នុងនោះក៏មានថវិកា ដ៏ថ្លៃថ្លាបំផុតគឺថវិកាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមបរិច្ចាគថវិកា២០ម៉ឺនដុល្លារ ក្នុងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានថ្វាយថវិកា១០ម៉ឺនដុល្លារថវិការួមទាំងសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជាប្រធានសមាគមនឧកញ៉ាកម្ពុជា បាននាំយកបច្ច័យ ២,៤២១,៧២២ ដុល្លារសម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាព្រមទាំងសប្បុរសជននានាផងដែរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាៃផ្ទ បានមានប្រសាសន៍ថា សម្តេចពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមជាមួយ សម្ដេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយករង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អស់លោកលោកស្រី ក្នុងពិធីខួបឆ្នាំទី៣១ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ សម្តេចបានថ្លែងអំណរគុណចំពោះសម្តេចព្រះ សង្ឃរាជ សម្តេចព្រះសង្ឃនាយករង ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ លោកអាចារ្យ គណៈកម្មការវត្ត និងប្រជាពុទ្ធបរិស័ទទាំងអស់ផងដែរ។

សម្តេចក្រឡាហោម ស ខេង បានបន្តលើកឡើងទៀតថាព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានបម្រើផ្នែកជំនឿដល់ពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់មិនតែប៉ុណ្ណោះព្រះពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយនេះជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការចូលរួមរក្សាការពារ សន្តិភាព នៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជា ប្រមុខព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ បានចូលរួមក្នុងសកម្មភាពជាតិ សំខាន់ៗមួយចំនួនមានជាអាទិ៍៖ ការទប់ស្កាត់ការជួញដូរមនុស្សធ្វើជាទាសភាព ក្នុងសម័យទំនើប ដោយបង្រៀនពុទ្ធបរិស័ទឱ្យលើកកំពស់តម្លៃរបស់មនុស្សជាតិ ការពារ និងរក្សាសន្តិភាពជាតិ មិនបង្កអសន្តិសុខដល់សង្គមជាតិ និងធ្វើសកម្មភាព មនុស្សធម៌ផ្សេងៗតាមគន្លងនៃព្រះធម៌ នៃព្រះពុទ្ធសាសនា។

បន្ថែមពីនេះទៅទៀត សម្តេចបានយកឱកាសនេះថ្លែងនូវមតិយោបល់ជាអនុសាសន៍របស់វត្តអារាមក្នុងសង្គមជាតិជាកន្លែងសម្រាប់ពុទ្ធបរិស័ទគោរពបូជា ធ្វើបុណ្យទាននានា ជាកន្លែងរក្សានូវប្រពៃណីទំនៀមទំលាប់ និងអត្តសញ្ញាណជាតិខ្មែរ។ មួយផ្នែកទៀតតួនាទីរបស់ព្រះសង្ឃ ព្រះគ្រូចៅអធិការវត្ត គណៈកម្មារ អាចារ្យវត្តគឺគោរពនូវធម៌ វិន័យព្រះពុទ្ធសាសនា អប់រំពុទ្ធបរិស័ទឱ្យធ្វើអំពើល្អ រួមចំណែកក្នុងការងារសង្គម និងមួយផ្នែកទៀតពុទ្ធបរិស័ទមានតួនាទីចូលរួមថែទាំសមិទ្ធផល ទ្រព្យសម្បត្តិ និងសំណង់ជាកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រដែលមាននៅក្នុងវត្តអារាមឲ្យបានគង់វង្ស និងរក្សាបាននូវសោភ័ណភាពល្អស្អាតជានិច្ច ហើយចាត់ទុកសមិទ្ធផលទាំងអស់ នេះជាសម្បត្តិដ៏ថ្លៃថ្លារបស់បងប្អូន៕