(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសស្រីលង្ការយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

គោលបំណង នៃដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សាបន្ថែមពីស្ថាប័នធនាគារឥស្លាម ដែលមានបំណងមកសិក្សាមកវិនិយោគលើវិស័យហាឡាលនៅកម្ពុជា ដែលអាចផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ពីធនាគារទាំងនោះ ដូចជាការផ្ដល់ថវិកាកម្ចីទូទៅ គឺមិនមែនសម្រាប់តែឥស្លាមនោះទេ។

ក្នុងដំណើរទស្សនកិច្ចនោះ លោកទេសរដ្ឋមន្រ្តី នឹងចូលជួបសម្ដែងការគួរសមជាមួយ លោក Ranil Wickremesinghe ប្រធានាធិបតី, លោក Dinesh Gunawardena នាយករដ្ឋមន្ត្រី។ ជាមួយគ្នានោះ ប្រតិភូកម្ពុជា ក៏នឹងមានជំនួបពិភាក្សាការងាររដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាផងដែរ។

បន្ថែមពីនោះ ប្រតិភូកម្ពុជា ក៏មានជំនួបជាមួយ លោក Ajith Gunawardena អគ្គនាយកស្ថាប័ន Ceylinco Education Group ដែលជាស្ថាប័នអប់រំធំជាងគេនៅស្រីលង្កា ដែលមានចំណាប់អារម្មណ៍ចង់ពង្រឹងកិច្ចប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងមហាវិទ្យាល័យនៅកម្ពុជា និងមានជំនួបជាមួយតំណាងស្ថាប័នរដ្ឋ និងឯកជនមួយចំនួនក្នុងប្រទេសស្រីលង្កា៕