(ភ្នំពេញ)៖ បន្ទាប់ពីពិធីបុណ្យសមុទ្ររយៈពេល២ថ្ងៃ២យប់ (៩-១០ ធ្នូ) លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំសកម្មភាពប្រមូលសំរាម សម្អាតបរិស្ថាន​ ដោយមានការចូលរួមពីប្រតិភូក្រសួងទេសចរណ៍ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរទេសចរណ៍ខេត្ត អង្គការ យុវជនអមតៈ និងសិស្សានុសិស្សសរុបចំនួន២៥២នាក់ នៅទីលានតេជោ ក្រុងព្រះសីហនុ។

គោលបំណងនៃយុទ្ធនាការខាងលើ គឺជំរុញឱ្យប្រជាពលរដ្ឋយល់ដឹងអំពីការទុកដាក់សំរាមឱ្យបានល្អ ដើម្បីឆ្នេរសមុទ្រខេត្តព្រះសីហនុស្អាត និងគ្មានសំរាម ពិសេសដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំក្រោយ។

បើតាមការឱ្យដឹងរបស់លោក ហួត រិទ្ធី ប្រធាននាយកដ្ឋានគាំពារទីក្រុងស្អាតនិងជំរុញការប្រឡងប្រណាំងនៃក្រសួងទេសចរណ៍ សកម្មភាពប្រមូលសំរាម សម្អាតបរិស្ថានពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ គឺការចូលរួមជាបន្តបន្ទាប់ពីមន្ត្រីរាជការ កម្លាំងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ និងយុវជន បើតាមការគ្រោងទុកគឺមានជាង២,៤០០នាក់ ឬមានច្រើនជាងនេះ៕