(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ លោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន រួមនិងសមាជិក សមាជិកាគណៈកម្មាធិការ យុវជនស្ម័គ្រចិត្តកាកបាទក្រហម និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះប្រគល់ និងដាក់ឲ្យប្រើប្រាស់ អណ្តូងស្នប់ចំនួន០៤ទៀត ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋសម្រាប់បំពេញតម្រូវការទឹកស្អាត ស្ថិតនៅក្នុងតំបន់ជនបទដាច់ស្រយ៉ាល និងឆ្ងាយពីប្រភពទឹកនៃសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និងឃុំអូរអណ្តូង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ក្នុងឱកាសចុះប្រគល់ និងដាក់ឲ្យប្រើប្រាស់អណ្តូងទឹក លោកស្រីប្រធានគណៈកម្មាធិការ បាននាំបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចតែងតែមានការព្រួយបារម្ម និងគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសក្នុងរដូវប្រាំង កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការចែកទឹកទូទាំងប្រទេស សម្រាប់ផ្តល់ទឹកទទួលទាន និងទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋ ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយខ្វះទឹកទទួលទានឡើយ ផ្អែកតាមយុទ្ធនាការនេះសម្តេចបានជម្រុញឲ្យសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី ខេត្តចុះពិនិត្យ និងផ្តល់ទឹកបន្ថែមជូនដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋរស់នៅជនបទដាច់ស្រយ៉ាល និងឆ្ងាយពីប្រភពទឹក។

ចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងនាមលោកជំទាវប្រធានគណៈកម្មាធិការសាខា បានរៀបចំយុទ្ធនាការចែកចាយទឹកបន្ថែម ជូនដល់ប្រជាពលរដ្ឋមានទាំងទឹកទទួលទាន និងទឹកប្រើប្រាស់ តែដោយមុនរដូវប្រាំងឆ្នាំនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់អណ្តូងទឹក និងស្រះទឹក អំណោយរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ជាច្រើនទីតាំងក្នុងខេត្ត ដូចនេះកង្វះខាតទឹកប្រើប្រាស់យើងបានដោះស្រាយ គឺពុំមានភាពធ្ងន់ធ្ងរឡើយ។

ក្នុងឱកាសនោះដែរ ក្នុងនាមលោកស្រីជាអ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ក៏បានជម្រាបជូន និងណែនាំក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត សូមឲ្យបងប្អូនខិតខំប្រកបមុខរបររកទទួលទាន ពិសេសស្រែចំការ ដើម្បីពង្រីកជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរ និងសូមកុំឲ្យចាញ់បោកក្រុម អ្នកនយោបាយមួយចំនួន ដែលតែងតែដើរនិយាយ បោកបញ្ឆោតបងប្អូន ជាហេតុងាយស្រួលធ្វើឲ្យបងប្អូនក្លាយជាឈ្នាន់នយោបាយរបស់ពួកគេ ជាក់ស្តែងកន្លងទៅថ្មីៗនេះ មានការបំភាន់ឲ្យបងប្អូនផ្តិតមេដៃដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ និងបានយកស្នាមមេដៃទៅធ្វើការក្លែងបន្លំបន្ថែម និងយកទៅប្រើប្រាស់ផ្ទុយពីអ្វីដែលគេនិយាយប្រាប់បងប្អូន ។ ហើយលោកស្រី ក៏បានផ្តាំផ្ញើបន្ថែម សូមឲ្យការប្រើប្រាស់នូវអណ្តូងទឹកទាំងអស់ យើងត្រូវរួមគ្នាថែរក្សា ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង ។

សូមបញ្ជាក់ថា អណ្តូងទឹកដែលបានប្រគល់ជូន និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាអណ្តូងទឹកទី១២ ទី១៣ ទី១៤ និងទី១៥ សម្រាប់ឆ្នាំ២០១៦ ដោយសាខាកាកបាទក្រហមកម្ពុជាខេត្ត កំពុងបន្តផ្តល់អណ្តូងជាបន្តបន្ទាប់ គ្រប់ទីកន្លែងជុំវិញខេត្ត ក្នុងការដោះស្រាយលទ្ធភាព ទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋ៕