(ភ្នំពេញ)៖ រដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា ចាប់ពីថ្ងៃទី២០-២៧ ខែមិថុនា ឆ្នាំ២០១៦នេះ ជំនន់ទឹកភ្លៀងអាចមានឡើងនៅរាជធានីភ្នំពេញ និងខេត្តចំនួន៥ទៀត ព្រមទាំងតាមផ្លូវជាតិលេខ៤ ដោយសារតែមានភ្លៀងរាយប៉ាយ គ្រប់ដណ្តប់លើផ្ទៃប្រទេស។

សេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុរបស់រដ្ឋមន្រ្តី ក្រសួងធនធានទឹក ចេញនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា «នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ នឹងមានប្រព័ន្ធសម្ពាធទាបមួយអូសកាត់លើព្រះរាជាណាចក្រកម្ពុជា ដែលលក្ខណៈបែបនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយ នៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ»

លោករដ្ឋមន្រ្តីក្រសួងធនធានទឹក បានបន្តទៀតថា ការធ្លាក់ភ្លៀងដោយសារតែប្រព័ន្ធសម្ពាធទាបបែបនេះ នឹងធ្វើឲ្យរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តតាកែវ និងខេត្តព្រះសីហនុ ព្រមទាំងកំណាត់ផ្លូវជាតិលេខ៤ ប្រឈមនឹងជំនន់ទឹកភ្លៀង។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុ៖