(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ បានជំរុញឲ្យចិញ្ចឹមសត្វ និងធ្វើកសិកម្ម ដើម្បីបម្រើឲ្យវិស័យទេសចរណ៍ក្នុងស្រុក ជៀសវាងទទួលបានភ្ញៀវទេសចរហើយ ប៉ុន្ដែបែរជាទៅយកប្រាក់យ៉ាងច្រើន ទៅទិញរបស់របបដើម្បីផ្គត់ផ្គង់។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើង នៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនៅតែទទូច ថាយើងត្រូវជំរុញការនាំចេញនៅនឹងកន្លែង ការនាំចេញមិនសំដៅ ទៅលើការនាំចេញឆ្លងកាន់ព្រំដែន ទៅកាន់ប្រទេសក្រៅទេ ប្រជាកសិកររបស់យើង អាចដាំដុះចិញ្ចឹមសត្វ ហើយនាំចូលទៅកាន់សណ្ឋាគារ ឲ្យភ្ញៀវទេសចរបរទេសទទួលទាន ចាត់ទុកថា ជាផ្នែកមួយនៃការនាំចេញនៅនឹងកន្លែង»

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវឲ្យវិស័យទេសចរណ៍ទាំងមូល ក្លាយទៅជាទីផ្សាររបស់កសិករ និងអ្នកផលិត អ្នកចិញ្ចឹម។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជារៀងរាល់ថ្ងៃប្រជាជន ស្រែករកទីផ្សារ បើដូច្នោះ ផ្នែកទេសចរណ៍ ដែលអាចប៉ាន់ប្រមាណថា ធ្លាប់ទទួលទេសចរណ៍ រហូតដល់៦.៦លាននាក់ ហើយទេសចរណ៍ ក៏អាចវិលត្រឡប់ ទៅរក៦ទៅ៧លាននាក់ ឡើងវិញផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាមានតម្រូវការនៃការផលិតក្នុងស្រុក ដើម្បីបម្រើឲ្យទេសចរណ៍ ដែលមកទទួលទាន នៅក្នុងប្រទេស ទាំងអង្ករល្អ ទាំងសត្វល្អ ទាំងបន្លែបង្ការ ឬផ្នែកដទៃទៀត ហើយធ្វើដូច្នេះ ជៀសវាងទទួលបានទេសចរណ៍ ប៉ុន្ដែផ្ទុយទៅវិញ យកប្រាក់យ៉ាងច្រើន ទៅទិញនូវរបស់របប ដើម្បីផ្គត់ផ្គង់ទេសចរណ៍ក្នុងស្រុក។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ដល់ក្រសួងទេសចរណ៍ រៀបចំផែនការមួយ ទំនាក់ទំនងជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាផ្នែកផលិតផ្សេងទៀត ធ្វើឲ្យទេសចរណ៍ក្លាយទៅជាទីផ្សារ របស់កសិករ របស់អ្នកផលិត ដើម្បីជំរុញការលូតលាស់។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យជំរុញការផលិត ដើម្បីផ្គត់ផ្គង់ដល់ទេសចរ ដែលជាទិសដៅ «នាំចេញនៅនឹងកន្លែង»។ សម្ដេចថា ប្រជាពលរដ្ឋរបស់យើង មានឱកាសច្រើនណាស់ ដើម្បីចិញ្ចឹម និងបំពេញតម្រូវការ របស់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងត្រលប់មកកម្ពុជាវិញ ជាបណ្តើរៗ រួមជាមួយនឹងទេសចរក្នុងស្រុករាប់លាននាក់។

លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏ប្រាប់ឲ្យត្រូវខិតខំ ជំរុញការផលិតឲ្យត្រឹមត្រូវ តាមស្តង់ដារបម្រើឲ្យវិស័យទេសចរណ៍, ពិសេសត្រូវបង្កើតឲ្យមានខ្សែក្រវាត់បៃតង នៅក្នុងតំបន់ទេសចរណ៍ផងដែរ៕