(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបអំពីគម្រោងទៅកាន់អឺរ៉ុប នៅសប្តាហ៍ក្រោយនេះ ជាមួយនឹងការប្រកាសថា សម្តេចនឹងមិនយកប្រេងពីអាស៊ី ទៅចាក់លើភ្លើងដែលកំពុងឆេះនៅអឺរ៉ុបនោះទេ។

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅ​ចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនង​ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយលោក ឆាល មីសែល​ ប្រធានក្រុមប្រឹក្សាអឺរ៉ុប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។

អំឡុងពេលនៃ​​កិច្ចប្រជុំកំពូលរំលឹកខួបនេះ ព្រឹត្តិការណ៍អមជាច្រើន​​នឹងត្រូវបានរៀបចំ​ឡើង រួមមាន​អាហារថ្ងៃត្រង់តុមូល កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបលើកទី១០ កិច្ចប្រជុំកំពូលយុវជន ​អាស៊ាន-សហភាពអឺរ៉ុប និងការអបអរសាទរកិច្ចសហប្រតិបត្តិការប្រជាជនអាស៊ាន-សហភាពអឺរ៉ុប ស្តីពីឧត្តមសិក្សា។ នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង។ លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តី នៅវិមានអេលីហ្សេ (Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសជូន សម្តេចតេជោ។ សម្តេចតេជោ ក៏នឹងអញ្ជើញ​ចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន ជួបប្រជុំជាមួយក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងជំនួបជាមួយតំណាង​ក្រុមហ៊ុន Vinci Airport ។

ថ្លែងក្នុងពិធីបើកបុណ្យសមុទ្រ លើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើង នៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ នាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នៅតែសង្កត់ធ្ងន់លើបញ្ហាសន្តិភាព ដែលបញ្ហានេះ មិនមែនមានតែកម្ពុជាដាច់ដោយឡែកនោះទេ បច្ចុប្បន្នប្រធានបទដ៏ក្តៅគគុកនៅលើពិភពលោក គឺរវាងសន្តិភាព និងសង្គ្រាមនេះឯង។

បន្ទាប់ពីលើកឡើងចំពោះប្រធានបទនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបអំពីបេសកកម្មរបស់សម្តេចទៅកាន់ទ្វីបអឺរ៉ុប ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដោយចាកចេញពីកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

សម្តេចបញ្ជាក់ដូច្នេះថា៖ «ខ្ញុំអាចបញ្ជាក់នៅទីនេះថា ខ្ញុំមិនទៅពីអាស៊ីនាំប្រេងទៅចាក់លើភ្លើងក្នុងទ្វីបអឺរ៉ុបនោះទេ សង្គ្រាមកំពុងតែកើតនៅក្នុងតំបន់អឺរ៉ុប ដែលនៅទីនោះ ធ្លាប់តែមានសន្តិភាព ក៏ប៉ុន្តែឥឡូវនេះតាមរយៈបញ្ហាដែលបាន និងកំពុងកើតនៅអឺរ៉ុប បានក្លាយទៅជាប្រធានបទដ៏ធំ»

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីប្រទេសធ្លាប់មានសង្គ្រាម កន្លងទៅនៅមជ្ឈឹមបូព៌ា ដែលក្នុងនោះមានកងទ័ពមួកខៀវកម្ពុជា​កំពុងចូលរួមជួយតាមរយៈអង្គការសហប្រជាជាតិ ដែលពេលនេះមិនមានភ្ញៀវទេសចរនោះឡើយ។

អំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល សម្តេចតេជោនាយករដ្ឋមន្ត្រី រំពឹងថានឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន។ សម្តេចតេជោ ក៏នឹងមានកម្មវិធីពិសា​អាហារការងាពេលព្រឹក​ជាមួយ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោក ផនខាំ វិ​ផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលកំពុងរស់នៅអឺរ៉ុបផងដែរ៕