(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា, និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ​បានណែនាំដល់សមាជិកាជាស្រ្តីយុវនារី សេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចទាំងអស់ ជួយផ្សព្វផ្សាយពីអំពើល្អរបស់គណបក្សប្រជាជាជនកម្ពុជាជូនទៅបងប្អូនសាច់ញាតិ និងអូសទាញប្រជាពលរដ្ឋដែលដើរលើផ្លូវខុសមកចូលរួមជីភាពជាមួយបក្សប្រជាជនកម្ពុជាវិញ។

ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួួយថ្នាក់ដឹកនាំសមាជិកាជាស្រ្តី យុវនារី សេដ្ឋកិច្ចក្រៅប្រព័ន្ធចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ច នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ នៅអគារលេខ៦៩ ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ការណែនាំរបស់លោក ឃួង ស្រេង បានធ្វើឡើងស្របតាមគោលដៅរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចង់ពង្រីកសមាជិកគណបក្សប្រជាជាជនកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមមួយកម្រិតទៀត។

នាឱកាសនោះដែរ លោក ឃួង ស្រេង បានបន្តថា៖ «ប្រទេសមានសន្តិភាព យើងមានអ្វីៗទាំងអស់ តែបើគ្មានសន្តិភាព យើងគ្រប់គ្នាមិនអាចរកស៊ីប្រកបរបរចិញ្ចឹមជីវិតបានឡើយ។ ដូច្នេះ សូមឱ្យប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាពឱ្យបានគង់វង់»

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដោយលោកបញ្ជាក់ថា សម្តេចមិនត្រឹមតែ រំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត និងការកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនប៉ុណ្ណោះទេ សម្តេចនូវបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះអាយុជីវិត ប្រជាពលរដ្ឋពីការរីករាលដាលពីជម្ងឺកូវីដ១៩ ថែមទៀត ដោយសម្តេចបានដាក់ចេញនូវវិធានការបិទខ្ទប់រាជធានី ជាមួយនឹងការស្រោចវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាណលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា ដែលបានធ្វើឱ្យជំងឺនេះបានថមថយ និងឈានទៅដល់ការបើកឱ្យដំណើរការសេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញ។ នេះជាមោទនៈភាពដែលកម្ពុជាមានមេដឹកនាំបក្ស និងមេដឹកនាំប្រទេសជាតិមានគុណធម៌ល្អបែបនេះ។

បើតាមលោក ឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សមូលដ្ឋានសេដ្ឋកិច្ច រាជធានីភ្នំពេញ បានលើកឡើងផងដែរថា លោក ឃួង ស្រេង ដែលជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះសមាជិករបស់គណៈកម្មាធិការគណបក្សមូលដ្ឋានសេដ្ឋកិច្ច រាជធានីភ្នំពេញ ដើម្បីពុះពារសម្រេចបានប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងឱកាសនោះដែរ លោក ឡី សុភាព ក៏បានលើកឡើងពីរចនាសម្ព័ន្ធចាត់តាំងរបស់បក្សមូលដ្ឋាន ដោយគណបក្សមូលដ្ឋានបានរៀបចំចងក្រងជាសមាជិកឡើងតាំងពីឆ្នាំ២០១៥មក ដោយគិតមកដល់ពេលនេះមានរយៈពេល៧ឆ្នាំហើយ៕