(ភ្នំពេញ)៖ វិស្វករខ្មែរ នៅ ឌីណា ដែលជាបេក្ខជនយុវវិស្វករមួួយរូបក្នុងប្រទេសកម្ពុជា បានទទួលពានរង្វាន់យុវវិស្វករឆ្នើមប្រចាំតំបន់អាស៊ាន ឆ្នាំ២០២២ ពីសហព័ន្ធវិស្វកម្មអាស៊ាន (AFEO)។

ការប្រគល់ពានរង្វាន់យុវវិស្វករឆ្នើមប្រចាំតំបន់អាស៊ាន ឆ្នាំ២០២២នេះ បានធ្វើឡើងក្នុងឱកាសដែលគណៈវិស្វករកម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្តូរវេនរបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន លើកទី៤០ នៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ដែលមានការចូលរួមពីបណ្តាប្រទេសអាស៊ានទាំង១០ រួមនឹងក្រុមហ៊ុនសំណង់ជាច្រើនទាំងក្នុង និងក្រៅប្រទេស ចូលរួមតាំងពិពណ៌ផលិតផលពាក់ព័ន្ធបច្ចេកវិទ្យា និងសំណង់ផងដែរ។

នៅក្នុងសន្និសីទលើកទី៤០នេះ ក្រុមប្រឹក្សាសហព័ន្ធវិស្វកម្មអាស៊ាន ក៏បានប្រជុំលើការងារជាច្រើនពាក់ព័ន្ធនឹងវិស្វកម្ម និងវិស្វករនៅក្នុងតំបន់អាស៊ាន ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើបេក្ខភាព យុវវិស្វករមកពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន រួមនឹងយុវវិស្វករ នៅ ឌីណា ដែលជាបេក្ខជនមកពីប្រទេសកម្ពុជាផងដែរ។

ឆ្លងតាមការពិនិត្យ និងពិភាក្សាគ្នារួចមកក្រុមប្រឹក្សាសហព័ន្ធវិស្វកម្មអាស៊ាន បានសម្រេចប្រគល់ពានរង្វាន់យុវវិស្វករឆ្នើមប្រចាំតំបន់អាស៊ាន ឆ្នាំ២០២២ ចំនួន ០៣ ជូនដល់យុវវិស្វករលោក នៅ ឌីណា មកពីប្រទេសកម្ពុជា យុវវិស្វករមួយរូបមកពីប្រទេសសិង្ហបុរី និងយុវវិស្វករមួយរូបទៀតពីប្រទេសហ្វីលីពីន ដែលដោយផ្អែកសមត្ថភាពការងារ បទពិសោធន៍ការងារក្នុងវិស័យសំណង់ និងការចែករំលែក បទពិសោធន៍ការងារ និងការចូលរួមចំណែកក្នុងការងារសង្គម និងបរិស្ថាន។

សូមបញ្ជាក់ដែរថា យុវវិស្វករឆ្នើមដែលទទួលបានពានរង្វាន់យុវវិស្វករឆ្នើមប្រចាំតំបន់អាស៊ាន ឆ្នាំ២០២២ លោក នៅ ឌីណា មានឳពុកជាអតីតគ្រូបង្រៀន ម្តាយមេផ្ទះ និងមានបងប្អូនបង្កើតចំនួន ៦នាក់ បច្ចុប្បន្នជាមន្រ្តីបម្រើការនៅក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានយុវវិស្វករកម្ពុជាផងដែរ៕