(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រុមការងារអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ បានថ្លែងយន្តការនៃការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ ដើម្បីបើកប្រាក់ឧបត្ថម្ភ ពីកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាល គឺធ្វើឡើងដោយសុក្រឹត និងកំណត់បានប្រភេទគ្រួសារ ដែលរងគ្រោះពិតប្រាកដ ហើយប្រសិនបើពលរដ្ឋណាម្នាក់ មានលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងទទួលបានការឧបត្ថម្ភសាច់ប្រាក់ តែមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ អាចដាក់ពាក្យស្នើសុំ នៅតាមឃុំសង្កាត់បាន។

ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ នៃក្រុមការងារអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ធ្វើបានឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីយន្តការ និងនីតិវិធី នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាជាតិគាំពារសង្គម នៅព្រឹកថ្ងៃទី១០ធ្នូ ឆ្នាំ២០២២នេះ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា យន្តការកំណត់អត្ថសញ្ញាណជនងាយរងហានិភ័យ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងយ៉ាងសុក្រឹត តាមរយៈការចុះទៅតាមខ្នងផ្ទះដោយផ្ទាល់ ដើម្បីធ្វើការវាយតម្លៃ ហើយការកំណត់នេះ គឺធ្វើឡើងដោយប្រព័ន្ធឌីជីថលតែម្តង។

លោកបន្តថា ក្នុងដំណាក់កាលដំបូង នៃការកំណត់យន្តការជនងាយរងហានិភ័យ ដែលត្រូវបើកប្រាក់ឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់មានចំនួនជិត៣៦ម៉ឺនគ្រួសារ ដែលមានចំនួនជិត ១.៣លាននាក់។

លោកបន្តថា «ការវាយតម្លៃនេះធ្វើឡើងដោយមានប្រតិតុល្យការ ពោលគឺមានអ្នកឃ្លាំងមើល ត្រួតពិនិត្យ វាយតម្លៃដំណើរការនេះជាប្រចាំ ដើម្បីធានាឱ្យបានជាអតិបរមានូវសុក្រិតភាពនូវដំណើរការអនុវត្ត ទាំងការកំណត់អត្តសញ្ញាណ និងការបើកប្រាក់»

លោកបន្តថា តែយ៉ាងណាការកំណត់អត្តសញ្ញាណជនងាយរងហានិភ័យនេះ នឹងមិនទាន់បិទបញ្ចប់នោះទេ រាជរដ្ឋាភិបាល នឹងនៅតែបន្តធ្វើការកំណត់ជាបន្តបន្ទាប់។

លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការបានថ្លែងថា ប្រជាពលរដ្ឋដែលមានជីវភាពលំបាក ឬរស់នៅក្បែរបន្ទាត់ភាពក្រីក្រ ដែលត្រូវបានកំណត់អត្តសញ្ញាណដោយក្រសួងផែនការ និងសម្ភាស ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គឺត្រូវតែមានភាពងាយរងគ្រោះ១ ក្នុងចំណោម៥ដូចជា ជាគ្រួសារដែលមានជនមានពិការភាព, គ្រួសារមានកុមារអាយុក្រោម២ឆ្នាំ, គ្រួសារដែលមានជនចាស់ជរាមានអាយុចាប់ពី ៦០ ឆ្នាំឡើង, គ្រួសារជាស្រ្តីមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី, និងគ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី ១៩-៥៩ ឆ្នាំ)។

លោកបន្តថា ប្រសិនបើពលរដ្ឋណាម្នាក់ ដែលមិនត្រូវបានកំណត់អត្តសញ្ញាណ ហើយយល់ថាគាត់មានលក្ខខណ្ឌមួយក្នុងចំណោម៥នេះ អាចដាក់ពាក្យស្នើសុំទៅឃុំសង្កាត់ ដើម្បីអាជ្ញាធរឃុំសង្កាត់ធ្វើការសម្ភាស។

លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា កន្លងមករាល់ការកំណត់គ្រួសារ ទទួលការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលតែងតែមានការតវ៉ា។ ជាក់ស្តែងដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ អំឡុងការរីករាលដាលជំងឺកូវីដ១៩ ប្រជាពលរដ្ឋមួយចំនួនបានតវ៉ា តែយ៉ាងណាក្រោយមន្រ្តីពាក់ព័ន្ធ បានចុះទៅដល់ទីតាំងផ្ទាល់ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង គាត់មិនមានលក្ខខណ្ឌ ដែលត្រូវទទួលបាននោះទេ។

លោកបន្តថា យន្តការនៃការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ មិនមែនបិទបញ្ចប់ត្រឹម ៣៥ម៉ឺនគ្រួសារនេះនោះទេ។ តួយ៉ាងកម្មវិធីឧបត្ថម្ភសាច់ប្រាក់អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលដំបូងឡើយ មានត្រឹមជាង ៤០ម៉ឺនគ្រួសារប៉ុណ្ណោះ ប៉ុន្តែក្រោយមកត្រូវបានកំណត់ជាបន្តបន្ទាប់ កើនឡើងដល់ ៧៥ម៉ឺនគ្រួសារ។

លោកគូសបញ្ជាក់បន្ថែមថា «ការចោទប្រកាន់ណាមួយដែលថា ប្រព័ន្ធយើងមានការរើសអើង បើសិនយើងគិតនៅក្នុងរូបភាពសហការជាមួយគ្នា សូមអញ្ជើញទៅធ្វើការជាមួយឃុំ ហើយបើឃុំធ្វើការវាយតម្លៃហើយ មិនបានពេញដៃពេញជើង អាចដាក់ពាក្យបណ្តឹងបានមកទៀត ដើម្បីបញ្ជាក់ថាថា ឃុំមានភាពរើសអើងមែនដែរឬទេ?»

លោកបន្តថា ប្រសិនបើមានគ្រួសារណាម្នាក់មិនពេញចិត្ត ក្នុងការកំណត់នេះ អាចរាយការណ៍មក ក្រុមការងារនឹងចុះទៅភ្លាមៗ ដើម្បីពិនិត្យ និងវាយតម្លៃ។

សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តតាមសារលិខិតលេខ ៣៣ សលខ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ត្រូវទទួលបានការឧបត្ថម្ភចំនួន៣លើក ក្នុងនោះ លើកទី១៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២, លើកទី២៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ និងលើកទី៣៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងនោះ នៅរាជធានីភ្នំពេញ មួយគ្រួសារទទួលបាន ៩៩,៩០០រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២៨,០០០រៀល, នៅទីប្រជុំជន មួយគ្រួសារទទួលបាន ៨៧,៣០០រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២៤,០០០រៀល និងនៅជនបទ មួយគ្រួសារទទួលបាន ៨១,៣០០រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២០,០០០រៀល។

ចំណែកកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ត្រូវអនុវត្តការបើកផ្ដល់ជូនមួយខែម្ដង សម្រាប់រយៈពេល៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២២តទៅ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ក្នុងរាជធានី-ខេត្ត ចំនួន១៦ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, តាកែវ, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, កំពង់ឆ្នាំង, ព្រៃវែង, កំពត, ស្វាយរៀង និងឧត្ដរមានជ័យ។

ក្នុងនោះមួយគ្រួសារទទួលបាន ៨០,០០០រៀល, សមាជិកគ្រួសារក្នុងម្នាក់ ១៦,០០០រៀល, កុមារអាយុ០ ដល់៥ឆ្នាំ ក្នុងម្នាក់ ១៦,០០០រៀល, ជនមានពិការភាពក្នុងម្នាក់ ១៦,០០០រៀល និងមនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើង ក្នុងម្នាក់ ១៦,០០០រៀល៕