(តាកែវ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា បាននៅកៀកជិតស្និទ្ធបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ ដោយមិនគិតពីការនឿយហត់ ដើម្បីផ្តល់ភាពកក់ក្តៅ និងជួយដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសការជួយទំនុកបម្រុងដល់ប្រជាកសិករ និងប្រជាពលរដ្ឋក្រីក្រខ្វះលទ្ធភាព តាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើន។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសសម្ពោធសមិទ្ធផលនានាក្នុងវត្តបុរាណនិវេសន៍ ហៅវត្តប្រាសាទនាងខ្មៅ» ស្ថិតនៅក្នុងភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ (ខេត្តតាកែវ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ភាពកក់ក្តៅ និងគោលនយោបាយដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនប្រជាពលរដ្ឋរួមមានជាអាទិ៍៖ ការបើកទូលាយឱកាសគ្រប់វិស័យដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ, ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាទាំងផ្នែកដឹកជញ្ជូនតភ្ជាប់ និងប្រព័ន្ធធារាសាស្ត្រ, ការពង្រីកទីផ្សារ និងការគិតគូរអំពីតម្លៃទិន្នផលកសិកម្ម, ការមិនយកពន្ធលើដីស្រែចម្ការ, ការផ្តល់ការលើកទឹកចិត្តផ្នែកសារពើពន្ធក្នុងវិស័យកសិកម្ម, ការអនុគ្រោះថ្លៃអគ្គិសនីក្នុងវិស័យកសិកម្មតាមរយៈការឧបត្ថម្ភធនពីរាជរដ្ឋាភិបាល, ការអនុវត្តវិធានការអន្តរាគមន៍គាំពារសង្គមផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយទាំងនេះសុទ្ធសឹងតែជាសកម្មភាពជាក់ស្តែងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងរក្សាភាពសុខដុមរមនាជូនសង្គមជាតិ និងប្រជាជន។

ត្រង់ចំណុចនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ដូច្នេះ សូមបន្តមានការជឿជាក់លើ សម្តេចតេជោ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ តាមរយៈការបោះឆ្នាតផ្តល់ឱកាសជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិតទៅមុខ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពរុងរឿងជានិច្ចនិរន្តន៍។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមសម្តែងនូវមោទកភាពចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងទីអារាមដ៏មានវ័យចំណាស់ប្រមាណ ១៤០ឆ្នាំមួយនេះ ព្រមជាមួយនឹងការអរគុណចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការអាចារ្យវត្ត លោកតាជីយាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទនាងខ្មៅ រួមទាំងសប្បុរសជនជិតឆ្ងាយទាំងអស់ ដែលបានចូលរួមចំណែកទំនុកបម្រុងដល់វត្តដ៏ចំណាស់នេះ ឱ្យរក្សាបាននូវភាពស័ក្តិសមទៅនឹងកិត្តិនាមដ៏ឧត្តុង្គឧត្តម ដូចបានប្រសិទ្ធនាមជា «វត្តបុរាណនិវេសន៍» ពីសំណាក់សម្តេចព្រះសង្ឃរាជ ជួន ណាត ខណៈដែលទីអារាមនេះត្រូវបានបំផ្លិចបំផ្លាញចោលនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកបណ្ឌិតថា ការរីកចម្រើនឡើងវិញរបស់វត្តនេះ រហូតដល់បច្ចុប្បន្ន គឺបានសរបញ្ជាក់ឱ្យឃើញថា ដួងព្រលឹងជាពុទ្ធសាសនិករបស់ខ្មែរ មិនត្រូវបានពួកទមិឡអត់សាសនាបំផ្លាញបាននោះទេ។ ពោលគឺដរាបណាមានសុខសន្តិភាព ខ្មែរយើងនឹងបន្តទទួលបាននូវការបង្កលក្ខណៈដល់ការគោរពប្រតិបត្តិ និងលើកតម្កើងព្រះពុទ្ធសាសនា ដូចចែងក្នុងបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដូច្នោះដែរ។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា សមិទ្ធផលដែលត្រូវបានសម្ពោធក្នុងថ្ងៃនេះ ក៏បានបង្ហាញផងដែរនូវភាពរីករាយរបស់ប្រជាជនខ្មែរក្នុងការចូលរួមចំណែកកសាងសមិទ្ធផលក្នុងវិស័យពុទ្ធចក្រ តាមរយៈវប្បធម៌ចែករំលែកដែលជាប្រពៃណីដ៏ផូរផង់របស់ខ្មែរ នៅក្រោមម្លប់នៃសុខសន្តិភាព, ការរួបរួមសាមគ្គីជាតិខ្មែរដោយមិនមានការរើសអើង, ការអនុវត្តសិទ្ធិសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋខ្មែរ និងកត្តាជីវភាពរបស់ប្រជាជនដែលមានការរីកចម្រើនជាលំដាប់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងឃុំរវៀង ស្រុកសំរោង ក៏ដូចជាក្នុងខេត្តតាកែវទាំងមូល ដែលតែងជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ជាពិសេសដូចដែលស្តែងឡើងតាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅ ដោយនេះគឺជាសក្ខីភាពដ៏ជាក់ច្បាស់ថា ប្រជាពលរដ្ឋម្ចាស់ស្រុក បានសម្រេចជ្រើសរើសអ្នកបម្រើជាតិពិតប្រាកដ ដើម្បីបន្តថែរក្សា សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ដែលកំពុងមាននេះឱ្យបានបន្តឋិតឋេរគង់វង្សយូរអង្វែងតរៀងទៅ៕