(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមបើកផ្តល់ប្រាក់ឧបត្ថម្ភ ដល់ប្រជាពលរដ្ឋងាយរងហានិភ័យដោយសម្ពាធអតិផរិណា និងប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់លើកដំបូងហើយ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ។

ប្រជាពលរដ្ឋដែលបានកំណត់អត្តសញ្ញាណរួចរាល់ អាចទៅបើកប្រាក់ឧបត្ថម្ភនេះ នៅតាមបញ្ជរ Wing ដែលនៅជិតផ្ទះបំផុត។

បើតាមការបញ្ជាក់របស់លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រុមគ្រួសារដែលងាយរងហានិភ័យដោយសម្ពាធអតិផរិណា និងប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ហើយត្រូវបានកំណត់អត្តសញ្ញាណរួច ដែលត្រូវបើកផ្តល់ប្រាក់ឧបត្ថម្ភលើកដំបូង មានចំនួនជិត៣៦ម៉ឺនគ្រួសារ ស្មើនឹងប្រជាពលរដ្ឋ ១.៣លាននាក់ ដែលរាជរដ្ឋាភិបាលត្រូវចំណាយការឧបត្ថម្ភប្រមាណ ១៥លានដុល្លារ សម្រាប់ការបើកផ្តល់លើកដំបូង។

បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ ក្នុងចំណោមប្រជាពលរដ្ឋ ដែលបានកំណត់អត្តសញ្ញាណរួចទាំងជិត ៣៦ម៉ឺនគ្រួសារ ក្នុងនោះមានក្រុមគ្រួសារ ដែលរងនូវគ្រោះទឹកជំនន់ធ្ងន់ធ្ងរមានចំនួនជិត១០ម៉ឺនគ្រួសារ ដោយទទួលបានការឧបត្ថម្ភទឹកប្រាក់សរុបលើកដំបូងប្រមាណ ៥លានដុល្លារ។

តែទោះជាយ៉ាងណា លោកអនុរដ្ឋលេខាធិការបញ្ជាក់ថា តួលេខចំនួនប្រជាជន និងទឹកប្រាក់ឧបត្ថម្ភ ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាគ្រួសារងាយរងហានិភ័យ ដោយសម្ពាធអតិផរិណា និងប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ នេះគ្រាន់ជាការកំណត់អត្តសញ្ញាណលើកដំបូងប៉ុណ្ណោះ ហើយការកំណត់អត្តសញ្ញាណពលរដ្ឋរងហានិភ័យបន្ថែមទៀត នឹងត្រូវធ្វើឡើង នៅឆ្នាំ២០២៣ខាងមុខ។

លោកបន្តថា «រាជរដ្ឋាភិបាលបានចេញគោលការណ៍ មិនទាន់បិទបញ្ចប់ការកំណត់អត្តសញ្ញាណ គ្រួសារងាយរងហានិភ័យទេ គឺមានជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក្នុងដំណើរនៃការកំណត់អត្តសញ្ញាណក្តី ក្នុងដំណើរនៃការបើកផ្តល់ ដែលមូលនិធិជាតិជំនួយសង្គម សហការជាមួយវីង ចាប់ផ្តើមពីថ្ងៃនេះតទៅក្តី យើងមានយន្តការដែលធានានូវប្រតិតុល្យការ ដែលធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ព្យាយាមធានាឲ្យមានជាអតិប្បរមានូវសុក្រឹតភាព»

លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងឲ្យដឹងថា ស្ថានភាពរបស់ប្រជាពលរដ្ឋកម្ពុជា នៅពេលបច្ចុប្បន្ននេះមានចំនួនប្រមាណ១៥លាននាក់ ដែលស្មើនឹងប្រមាណជាង៣.៥លានគ្រួសារ ក្នុងចំណោមជាង៣លានគ្រួសារ អ្នកដែលអាចងាយរងផលប៉ះពាល់ជាងគេ គឺគ្រួសារក្រីក្រ។

លោកបន្តថា បើតាមការវាស់វែងតាមរយៈចំណូល ដែលសហការជាមួយធនាគារពិភពលោក (World Bank) អត្រានៃភាពក្រីក្ររបស់កម្ពុជា បានធ្លាក់ចុះរហូតដល់១០ភាគរយ មុនការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែបន្ទាប់ពីមានកូវីដ១៩ អត្រានៃភាពក្រីក្របានកើនឡើងវិញដល់ ១៧ភាគរយ។ នៅប៉ុន្មានថ្ងៃមុននេះ អង្គការ UNDP បានធ្វើការវាយតម្លៃមួយដោយរកឃើញថា ប្រព័ន្ធគាំពារសង្គមដែលបានដាក់ចេញ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចេញ គឺអាចទប់ស្កាត់បានប្រជាជន ៥០ម៉ឺននាក់ មិនឲ្យធ្លាក់ចូលក្នុងបន្ទាត់ក្រីក្រថែម។

លោក សំហេង បុរស បន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរជានិច្ច អំពីស្ថានភាពប្រជាពលរដ្ឋដែលជួបការលំបាក ក្រៅពីដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារកូវីដ១៩ ដែលមានប្រជាជនប្រមាណ៧០ម៉ឺនគ្រួសារ ក៏បានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់បន្ថែមទៀត គឺងាយរងហានិភ័យដោយសម្ពាធអតិផរិណា និងប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែលចាប់ផ្តើមឧបត្ថម្ភសាច់ប្រាក់លើកទីដំបូង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ដែលមានប្រជាពលរដ្ឋជាង៣៥ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនជាង១លាននាក់។

លោករដ្ឋមន្ត្រីបន្តថា «យើងបានបញ្ចូលប្រជាពលរដ្ឋចំនួនជាង៣៥ម៉ឺនគ្រួសារ ស្មើនឹងជាង១លាននាក់​បន្ថែមចូលក្នុងប្រព័ន្ធគាំពារសង្គម។ បើយើងបូកបញ្ចូលទាំងមុនទាំងក្រោយ ស្ថានភាពឧបត្ថម្ភដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារកូវីដ១៩ មកដល់ពេលនេះ យើងមានប្រហែលជិត៣លាននាក់ ស្មើនឹង៧០ម៉ឺនគ្រួសារ បូកជាមួយជាង៣៥ម៉ឺនគ្រួសារទៀត នោះស្មើនឹងជាង១លានគ្រួសារ ស្មើនឹងជាប្រជាពលរដ្ឋប្រមាណ ៤លាននាក់»

សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តតាមសារលិខិតលេខ ៣៣ សលខ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។

ក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីសម្រួលដល់ជីវភាពគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក៏ដូចជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ តាមបណ្ដាខេត្តមួយចំនួន រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ចេញនូវវិធានការអន្ដរាគមន៍គាំពារសង្គមពិសេស ដូចខាងក្រោម៖

* ទី១៖ ដាក់ឲ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលត្រូវបានកំណត់ ដោយអត្តសញ្ញាណដោយក្រសួងផែនការ និងត្រូវទទួលបានការឧបត្ថម្ភចំនួន៣លើក ក្នុងនោះ លើកទី១៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២, លើកទី២៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ និងលើកទី៣៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងនោះ នៅរាជធានីភ្នំពេញ មួយគ្រួសារទទួលបាន ៩៩,៩០០រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២៨,០០០រៀល, នៅទីប្រជុំជន មួយគ្រួសារទទួលបាន ៨៧,៣០០រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២៤,០០០រៀល និងនៅជនបទ មួយគ្រួសារទទួលបាន ៨១,៣០០រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២០,០០០រៀល។

* ទី២៖ ដាក់ការឲ្យដំណើរការកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ក្នុងរាជធានី-ខេត្ត ចំនួន១៦ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, តាកែវ, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, កំពង់ឆ្នាំង, ព្រៃវែង, កំពត, ស្វាយរៀង និងឧត្ដរមានជ័យ។

ក្នុងនោះមួយគ្រួសារទទួលបាន ៨០,០០០រៀល, សមាជិកគ្រួសារក្នុងម្នាក់ ១៦,០០០រៀល, កុមារអាយុ០ ដល់៥ឆ្នាំ ក្នុងម្នាក់ ១៦,០០០រៀល, ជនមានពិការភាពក្នុងម្នាក់ ១៦,០០០រៀល និងមនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើង ក្នុងម្នាក់ ១៦,០០០រៀល។

កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ត្រូវអនុវត្តការបើកផ្ដល់ជូនមួយខែម្ដង សម្រាប់រយៈពេល៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២២តទៅ៕