(ព្រះសីហនុ)៖ នៅថ្ងៃល្ងាចថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានសម្តេចតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហ។

ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងជំរុញការយកចិត្តទុកដាក់កាន់តែខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជន និងប្រជាពលរដ្ឋមូលដ្ឋានក្នុងការអភិរក្ស និងថែរក្សាធនធានធម្មជាតិ និងវប្បធម៌នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

ពិធីបុណ្យសមុទ្រនេះត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ ពិធីបុណ្យសមុទ្រនៅឆ្នាំ២០២២ ត្រូវបានរៀបចំឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល បានយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ ហើយពិធីនេះក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ បន្ទាប់ពីខេត្តបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ក៏ដូចជាការរៀបចំអភិវឌ្ឍនៅតាមឆ្នេរប្រកបដោយភាពទាក់ទាញ។

ពិធីបុណ្យសមុទ្រនៅឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម»

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ការដាក់ចេញនូវប្រធានបទនេះ គឺសមស្របជាមួយបរិបទកម្ពុជា ដែលសន្តិភាពបានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិ បង្កើតជាក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល។ ក្នុងន័យនេះ សន្តិភាព គឺពិតជាមិនអាចខ្វះបានសម្រាប់ការទ្រទ្រង់ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមជាច្រើនសម្រាប់ពេលអនាគត បានកំពុងបង្កើតជាកាលានុវត្តភាពច្រើនផ្តើមចេញពីសន្តិភាពនេះ។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ផងដែរថា ការដែលជ្រើសរើសខេត្តព្រះសីហនុ ជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំនេះ ដោយសារតែខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា មានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ។ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ ដែលនេះសុទ្ធសឹងតែជាឱកាសសម្រាប់កម្ពុជា អាចបង្ហាញសក្ដានុពលរបស់ខ្លួនទៅកាន់អន្តរជាតិ។ លើសពីនេះ ខេត្តព្រះសីហនុ ក៏មានសក្ដានុពលទេសចរណ៍ច្រើន ពិសេសអេកូទេសចរណ៍ តំបន់ឆ្នេរ ក៏ដូចជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃជាច្រើន ដែលសាកសមសម្រាប់ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍។

ពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុនៅឆ្នាំនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ។ អមជាមួយព្រឹត្តិការណ៍បុណ្យសមុទ្រនេះ មានព្រឹត្តិការណ៍ជាច្រើនទៀត ដូចជាការប្រកួតកីឡា ការបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើន ដែលសម្តែងដោយតារាល្បីៗ បន្ថែមពីលើនោះ ក៏មានការតាំងពិព័រណ៍ផលិតប្រើប្រាស់ ម្ហូបអាហារ ភេសជ្ជៈ និងសេវាកម្មជាច្រើនផ្សេង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសមុទ្រជារៀងរាល់ឆ្នាំ។ វត្តមានរបស់សម្តេចតេជោ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់ឆ្នេរ ក៏ដូចជាការចូលរួមអភិវឌ្ឍ និងអភិរក្សតំបន់ឆ្នេរផងដែរ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ការប្រារព្ធពិធីបុណ្យសមុទ្រ មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរប៉ុណ្ណោះទេ តែបានចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋាន។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ធ្លាប់បានបង្ហាញក្តីរំពឹងថា ការប្រារព្ធពិធីបុណ្យសមុទ្រនេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយសម្រាប់កម្ពុជា ក្នុងការធ្វើឱ្យទីក្រុងជាប់មាត់ឆ្នេរ និងឆ្នេរសមុទ្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ស្របនឹងពាក្យស្លោក «ឆ្នេរសមុទ្រកម្ពុជា៖ តារារះនាទិសនិរតី» ព្រមទាំងបង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យដល់ប្រជាពលរដ្ឋខ្មែរចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុនាពេលនេះ៕