(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ការប្រើប្រាស់ ឬការអនុវត្តនៃបច្ចេកវិទ្យាឌីជីថល បានចូលរួមចំណែកនៅក្នុងបរិវត្តកម្មឌីជីថនល នៅក្នុងសេដ្ឋកិច្ច នៅទូទាំងពិភពលោក រួមមានកម្ពុជាផងដែរ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធរបាយការណ៍និរន្តភាពប្រចាំឆ្នាំ២០២១ របស់ក្រុមហ៊ុន Smart Axiata នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ Rosewood Phnom Penh រាជធានីភ្នំពេញ។

រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «ពិតណាស់ចំពោះការប្រើប្រាស់ ឬជាការអនុវត្តនៃបច្ចេកវិទ្យាឌីជីថល បានចូលរួមចំណែកនៅក្នុងបរិវត្តកម្មឌីជីថល នៅក្នុងសេដ្ឋកិច្ច នៅទូទាំងពិភពលោក រួមមានកម្ពុជាផងដែរ។ នេះគឺជាសំខាន់មែនទែន ទាំងវិស័យឯកជន និងវិស័យសាធារណៈ ដើម្បីអាចទទួលបានអត្ថប្រយោជន៍ ពីបរិបទកម្មឌីជីថល ហើយជាពិសេស ដើម្បីជួយបង្កើនទៅដល់បរិស្ថាន»។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងផងដែរថា ទោះបីជាកម្ពុជា ក៏ដូចជាក្នុងនិរន្តភាពការជឿជាក់លើបរិយាប័ន្ដ ក៏ដូចជាបដិវត្តន៍កម្មឌីជីថល ក៏តម្រូវឲ្យមាននូវតម្លាភាព និងការចូលរួមពីវិស័យឯកជន និងសាធារណៈផងដែរ។ សេដ្ឋកិច្ចឌីជីថល ហើយនិងសង្គម ក៏ដូចជាក្របខ័ណ្ឌគោលនយោបាយ ក៏ដូចជាគោលនយោបាយរដ្ឋាភិបាលឌីជីថលនេះ គឺជួយទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្ដភាព។

លោក ជា វ៉ាន់ដេត បានឲ្យដឹងទៀតថា ដើម្បីគាំទ្រនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយប្រតិបត្តិករ ដើម្បីកែលំអហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាពង្រីកបណ្ដាញ ការគ្របដណ្តប់នៅតំបន់ជនបទដាច់ស្រយាលផងដែរ ដើម្បីធានាថាអ្នកប្រើប្រាស់ អាចទទួលបាននូវការសេវា ដែលមិនមានការរំខាន។

ក្នុងពិធីសម្ពោធរបាយការណ៍និរន្តភាព ប្រចាំឆ្នាំ២០២១ ក្រុមហ៊ុន Smart Axiata ក៏បានធ្វើការបោះពុម្ពផ្សាយរបាយការណ៍និរន្តភាពប្រចាំឆ្នាំ ដែលចែករំលែកអំពីសមិទ្ធិផលរបស់ខ្លួន ក្នុងការចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមរយៈគោលការណ៍និរន្តរភាពទាំង៤ គឺ៖ លើសពីប្រាក់ចំណេញរយៈពេលខ្លី ការអភិវឌ្ឍធនធានមនុស្ស ដំណើរការល្អឥតខ្ចោះ និងការជួយពិភពលោក និងសង្គម៕