(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់គំនិតឱ្យក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក កំណត់លក្ខខណ្ឌបន្ថែមដល់ឆ្នេរជាសមាជិកក្លឹប គឺត្រូវតែជាឆ្នេរគ្មានថង់ប្លាស្ទិក។

សំណើនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

ថង់ប្លាស្ទិក គឺជារបៀបវារៈដ៏សំខាន់ដែលត្រូវបានលើកមកជជែករាល់វេទិកាស្តីពីបរិស្ថាន។ ប្លាស្ទិក មិនត្រឹមតែបំផ្លាញសោភ័ណភាពឆ្នេរប៉ុណ្ណោះទេ តែក៏បានធ្វើឱ្យប៉ះពាល់ដល់ធនធានសមុទ្រផងដែរ។

ដោយមើលឃើញពីផលប៉ះពាល់នេះហើយ ទើបសម្តេចតេជោ ស្នើឱ្យក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក បញ្ចូលលក្ខខណ្ឌគ្មានថង់ប្លាស្ទិកសម្រាប់ដែលស្អាតបំផុតលើសាកលលោក។

នៅក្នុងជំនួបខាងលើនេះ ក្នុងនាមជាសមាជិកក្លឹប សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការប្តេជ្ញាគោរពអនុវត្តន៍តាមរាល់លក្ខខណ្ឌកំណត់ដោយក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។

ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លឹបនេះមានទីស្នាក់ការនៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ប្រទេស។ កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកក្នុងមហាសន្និបាតលើកទី៧របស់ក្លឹបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចូលជាសមាជិកក្លឹបនេះ ពិតជាបានស្តែងឱ្យខើញពីរបត់ថ្មីនៃការប្រែប្រួលមុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជាទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ទេសចរណ៍, នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា៕