(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ បានស្នើឲ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារៈមន្ទីរឆ្នេរ (Maison de le Baie)។

ក្នុងឱកាសអញ្ជើញបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក, សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យលោកប្រធានក្លឹប និងសមាជិកក្លឹបទាំងអស់ ជួយចែករំលែកអំពីបទពិសោធ និងដំណើរការ នៃការរៀបចំសារៈមន្ទីរឆ្នេររបស់ខ្លួន។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមស្នើឲ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារៈមន្ទីរឆ្នេរ (Maison de le Baie)។ ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យលោកប្រធានក្លឹប និងសមាជិកក្លឹបទាំងអស់ ជួយចែករំលែកអំពីបទពិសោធ និង ដំណើរការនៃការរៀបចំសារៈមន្ទីរឆ្នេររបស់ខ្លួន»

ជាម​ួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ, កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាលេខាធិការដ្ឋានសម្រាប់ធានាដំណើរការរដ្ឋបាល និងកិច្ចការទូទៅរបស់ក្លឹប ហើយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ត្រូវរៀបចំឲ្យមានកន្លែងបំពេញការងារជាអចិន្ត្រៃយ៍មួយនៅក្រសួងទេសចរណ៍ និងមួយទៀតនៅក្រុងព្រះសីហនុ សម្រាប់ដំណើរការលេខាធិការដ្ឋាននេះ។

ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏ស្វាគមន៍ផងដែរចំពោះការរៀបចំឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប នៅឆ្នាំ២០២៣ ឬពេលខាងមុខណាមួយ រួមជាមួយព្រឹត្តិការណ៍ផ្សេងៗទៀតរបស់ក្លឹបនៅលើទឹកដីឆ្នេរសមុទ្រកម្ពុជា។ សម្ដេចស្នើឲ្យអង្គមហាសន្និបាត រួមទាំងកម្ពុជាផងដែរ យកឯកសារនេះជាគោល ដើម្បីជាត្រីវិស័យមួយបន្ថែមទៀត ក្នុងការតម្រែតម្រង់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់ខ្លួន។

ជាមួយនឹងការបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិសម្រាប់អាណត្តិបន្ទាប់ នាឱកាសបិទមហាសន្និបាត, សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាសូមគាំទ្រចំពោះបេក្ខភាព លោក ប៊្រូណូ បូដាដ (Bruno Bodard) ជាប្រធានក្លឹបសម្រាប់អាណត្តិបន្ទាប់ និងសូមឲ្យគណៈប្រតិបត្តិ និងសមាជិកក្លឹបទាំងអស់ គាំទ្រកម្ពុជាជាសមាជិកក្រុមប្រឹក្សាភិបាលក្លឹប សម្រាប់អាណត្តិ (២០២៣-២០២៥) ក្រោមការដឹកនាំរបស់លោក ល្វីស ធើបុល (Louis Thébault) ដែលនឹងចូលកាន់តំណែងនាអាណត្តិបន្ទាប់។

បន្ថែមពីនេះ សម្ដេចតេជោ ក៏បានស្នើឲ្យមានការរៀបចំវេទិកាជាតិតំបន់ឆ្នេរប្រចាំឆ្នាំ ដើម្បីជួបជុំ ពិភាក្សា និង ផ្លាស់ប្ដូរយោបល់ជុំវិញការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយយើងអាចកំណត់ថ្ងៃទី ២៦ ខែឧសភា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃកម្ពុជាបានក្លាយជាសមាជិកក្លឹប ដើម្បីរៀបចំវេទិកាជាតិនេះ ដោយអាចឆ្លាស់វេនគ្នានៅតាមបណ្តាខេត្តតំបន់ឆ្នេរទាំង៤។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអះអាងដែរថា កម្ពុជា ប្តេជ្ញារក្សាឲ្យបាននូវសមាជិកភាពក្នុងក្លឹប ហើយខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាទាំង៤ ក៏ត្រូវរក្សាឲ្យបាននូវខ្សែក្រវាត់ និង កិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។ យើងត្រូវប្ដេជ្ញាធ្វើឲ្យទីក្រុងជាប់ឆ្នេរសមុទ្ររបស់យើងមាននិរន្តរភាព ដូចដែលយើងបានកំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរ គឺ៖

* ខេត្តព្រះសីហនុ៖ ជា «គោលដៅទេសចរណ៍សម្រាកលម្ភៃ និង ជាតំបន់សេដ្ឋកិច្ចពហុបំណង»
* ខេត្តកែប៖ ជា «គោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណិត»
* ខេត្តកំពត៖ ជា «គោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិទេសចរណ៍តំបន់ឆ្នេរ»
* ខេត្តកោះកុង៖ ជា «គោលដៅអេកូទេសចរណ៍តំបន់ទេសចរណ៍លំដាប់ពិភពលោក»៕