(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ គឺជាខួបលើកទី៧៤ នៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ គឺជាថ្ងៃរំលឹកព្រឹត្តិការប្រវត្តិសាស្ត្រ ដែលមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។

សេចក្តីប្រកាសនេះ មាន៣០មាត្រា ដោយបានទទួលស្គាល់នូវសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់មនុស្សដោយមិនប្រកាន់សញ្ជាត ភេទ ជាតិសាសន៍ ក្រុមជាតិពន្ធុ ពណ៌សម្បុរ សាសនា ភាសា ឬ ឋានៈអ្វីឡើយ។

មហាសន្និបាតប្រកាសថា សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សនេះ ជាឧត្ដមគតិរួមដែលប្រជាពលរដ្ឋគ្រប់ៗប្រទេស និងប្រជាជាតិទាំងអស់ត្រូវធ្វើឱ្យបានសម្រេចដើម្បីឱ្យបុគ្គលគ្រប់ៗរូប និងអង្គការសង្គមទាំងអស់ ដោយរក្សាខ្ជាប់ខ្ជួនជានិច្ចក្នុងស្មារតីរបស់ខ្លួននូវសេចក្ដីប្រកាសនេះ ខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលការគោរពសិទ្ធិ និងសេរីភាពទាំងនេះតាមរយៈការបង្រៀន និងការអប់រំហើយ និងខំប្រឹងប្រែងធានាឱ្យមានការទទួលស្គាល់ និងការអនុវត្តជាសកល និងដោយសក្កិសិទ្ធិនូវសិទ្ធិ និងសេរីភាព ដោយវិធានការជាតិ និងអន្ដរជាតិ ដែលមានលក្ខណៈរីកចម្រើនជាលំដាប់ ទាំងក្នុងចំណោមប្រជាពលរដ្ឋនៃរដ្ឋសមាជិក ទាំងក្នុងចំណោមប្រជាពលរដ្ឋដែនដី ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចនៃរដ្ឋទាំងនោះ។

មាត្រាទាំង ៣០នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្សរួមមាន៖

* មាត្រា១៖ មនុស្សទាំងអស់កើតមកមានសេរីភាព និងសមភាពក្នុងផ្នែកសេចក្ដីថ្លៃថ្នូរនិងសិទ្ធិ។ មនុស្សមានវិចារណញ្ញាណ និងសតិសម្បជញ្ញៈ ជាប់ពីកំណើត ហើយគប្បីប្រព្រឹត្ដចំពោះគ្នាទៅវិញទៅមក ក្នុងស្មារតីភាតរភាពជាបងប្អូន។

* មាត្រា២៖ មនុស្សម្នាក់ៗ អាចប្រើប្រាស់សិទ្ធិនិងសេរីភាពទាំងអស់ ដែលមានចែងក្នុងសេចក្ដីប្រកាសនេះដោយគ្មានការប្រកាន់បែងចែកបែបណាមួយ មានជាអាទិ៍ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយឬមតិផ្សេងៗទៀត ដើមកំណើតជាតិ ឬទ្រព្យសម្បត្តិ កំណើត ឬស្ថានភាពដទៃផ្សេងៗទៀតឡើយ។ លើសពីនេះ មិនត្រូវធ្វើការប្រកាន់បែងចែកណាមួយដោយសំអាងទៅលើឋានៈខាងនយោបាយ ខាងដែនសមត្ថកិច្ច ឬខាងអន្ដរជាតិរបស់ប្រទេស ឬដែនដីដែលបុគ្គលណាម្នាក់រស់នៅទោះបីជាប្រទេស ឬដែនដីនោះឯករាជ្យក្ដី ស្ថិតក្រោមអាណាព្យាបាលក្ដី ឬគ្មានស្វយ័តគ្រប់គ្រងក្ដី ឬស្ថិតក្រោមការដាក់កម្រិតផ្សេងទៀតណាមួយ ដល់អធិបតេយ្យភាពក្ដី។

* មាត្រា៣៖ បុគ្គលម្នាក់ៗមានសិទ្ធិរស់រានមានជីវិត សេរីភាព និងសន្ដិភាពផ្ទាល់ខ្លួន។

* មាត្រា៤៖ គ្មានជនណាម្នាក់ត្រូវស្ថិតនៅក្នុងទាសភាព ឬស្ថិតក្នុងភាពជាអ្នកបម្រើដាច់ថ្លៃឡើយ។ ទាសភាព និងទាសពាណិជ្ជកម្មតាមគ្រប់ទម្រង់ទាំងអស់ត្រូវហាមឃាត់។

* មាត្រា៥៖ គ្មានជនណាម្នាក់ត្រូវទទួលទារុណកម្ម ឬការប្រព្រឹត្ដិមកលើខ្លួន ឬទណ្ឌកម្មឃោរឃៅអមនុស្សធម៌ ឬបន្ថោកបន្ទាបបានឡើយ។

* មាត្រា៦៖ ជនគ្រប់រូបមានសិទ្ធិឲ្យគេទទួលស្គាល់បុគ្គលិកលក្ខណៈគតិយុត្ដរបស់ខ្លួន នៅគ្រប់ទីកន្លែង។

* មាត្រា៧៖ ជនគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមានសិទ្ធិទទួលការការពារពីច្បាប់ស្មើៗគ្នា ដោយគ្មានការរើសអើង។ មនុស្សគ្រប់រូបមានសិទ្ធិទទួលការការពារស្មើៗគ្នា ប្រឆាំងនឹងការរើសអើងណាដែលរំលោភលើសេចក្ដីប្រកាសនេះ ព្រមទាំងប្រឆាំង និងញុះញង់ឲ្យមានការរើសអើង។

* មាត្រា៨៖ មនុស្សគ្រប់រូបមានសិទ្ធិរកដំណោះស្រាយសក្ដិសិទ្ធមួយ នៅចំពោះមុខសាលាជំរះក្ដីជាតិ ដែលមានសមត្ថកិច្ចចំពោះអំពើទាំងឡាយណា ដែលរំលោភសិទ្ធិមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ ឬដោយច្បាប់។

* មាត្រា៩៖ គ្មានជនណាម្នាក់ត្រូវបានចាប់ខ្លួនឃុំខ្លួន ឬនិរទេសខ្លួនតាមអំពើចិត្តឡើយ។

* មាត្រា១០៖ មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាពេញលេញ សុំឲ្យតុលាការឯករាជ្យ និងមិនលំអៀងពិនិត្យរឿងក្ដីរបស់ខ្លួនជាសាធារណៈ និងដោយសមធម៌ដើម្បីសម្រេចលើសិទ្ធិនិងកាតព្វកិច្ច និងលើភាពសមហេតុផលនៃការចោទប្រកាន់ទាំងឡាយខាងបទព្រហ្មទណ្ឌមកលើខ្លួន។

* មាត្រា១១៖
១៖ ជនណាដែលជាប់ចោទពីបទល្មើសព្រហ្មទណ្ឌ ត្រូវសន្មតជាជនគ្មានទោសរហូតដល់ពិរុទ្ធភាពត្រូវបានរកឃើញនៅក្នុងសវនាករជាសាធារណៈ ដែលមានការធានាចាំបាច់ដើម្បីឲ្យជននោះការពារខ្លួន។
២៖ គ្មានជនណាម្នាក់ត្រូវបានផ្ដន្ទាទោសពីបទល្មើសព្រហ្មទណ្ឌនៅពេលធ្វើអំពើ ឬមានការខកខាននេះដូចគ្នានេះដែរ មិនត្រូវមានការផ្ដន្ទាទោសឲ្យធ្ងន់ធ្ងរជាងទោស ដែលបានកំណត់ឲ្យអនុវត្តក្នុងអំឡុងពេលដែលបទល្មើសបានកើតឡើងនោះឡើយ។

* មាត្រា១២៖ គ្មានមនុស្សណាម្នាក់ត្រូវរងការរំលោភជ្រៀតជ្រែកតាមអំពើចិត្តក្នុងជីវិតឯកជន គ្រួសារ ទីលំនៅ ឬការឆ្លើយឆ្លង ឬការធ្វើឲ្យបះពាល់ដល់កិត្តិយស និងកេរ្ដិ៍ឈ្មោះរបស់ខ្លួនបានឡើយ។ ជនគ្រប់រូបមានសិទ្ធិទទួលការការពារពីច្បាប់ប្រឆាំងនឹងការជ្រៀតជ្រែក ឬការប៉ះពាល់បែបនេះ។

* មាត្រា១៣៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិធ្វើដំណើរដោយសេរី និងមានសិទ្ធិជ្រើសរើសនិវេសនដ្ឋានក្នុងរដ្ឋមួយ។
២៖ មនុស្សគ្រប់រូបមានសិទ្ធិចាកចេញពីប្រទេសណាមួយ រួមទាំងប្រទេសរបស់ខ្លួនផង និងមានសិទ្ធិវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ។

* មាត្រា១៤៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិស្វែងរក និងទទួលកន្លែងជ្រកកោនក្នុងប្រទេសដទៃទៀត ក្នុងករណីមានការធ្វើទុកបុកម្នេញមកលើខ្លួន។
២៖ សិទ្ធិសុំជ្រកកោននេះមិនអាចលើកមកសំអាងបានទេ ក្នុងករណីមានការចោទប្រកាន់ដែលពិតជាកើតឡើងពីបទល្មើស មិនមែននយោបាយរបស់សហប្រជាជាតិ។

* មាត្រា១៥៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានសញ្ជាតិមួយ។
២៖ គ្មានជនណាម្នាក់អាចត្រូវដកហូតសញ្ជាតិ ឬរារាំងសិទ្ធិប្ដូរសញ្ជាតិរបស់ខ្លួនបានឡើយ។

* មាត្រា១៦៖
១៖ មនុស្សប្រុសស្រីដល់អាយុគ្រប់ការមានសិទ្ធិរៀបអាពាហ៍ពិពាហ៍ និងកសាងគ្រួសារដោយមិនប្រកាន់ពូជសាសន៍សញ្ជាតិ ឬសាសនាឡើយ។ មនុស្សប្រុសស្រីមានសិទ្ធិស្មើគ្នា ក្នុងការរៀបអាពាហ៍ពិពាហ៍ក្នុងចំណងអពាហ៍ពិពាហ៍ និងក្នុងពេលរំលាយចំណងអាពាហ៍ពិពាហ៍។
២៖ អាពាហ៍ពិពាហ៍អាចនឹងប្រព្រឹត្តទៅបានលុះត្រាតែមានការព្រមព្រៀងដោយសេរី និងពេញលេញពីអនាគតប្ដីប្រពន្ធ។
៣៖ គ្រួសារជាអង្គភាពធម្មជាតិនិងជាអង្គភាពមូលដ្ឋាននៃសង្គម ហើយគ្រួសារមានសិទ្ធិទទួលការការពារពីសង្គមនិងរដ្ឋ។

* មាត្រា១៧៖
១៖ មនុស្សគ្រប់រូបទោះតែម្នាក់ឯងក្ដី ឬដោយរួមជាមួយអ្នកដទៃក្ដីមានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។
២៖ គ្មានជនណាម្នាក់ត្រូវបានដកហូតកម្មសិទ្ធិតាមអំពើចិត្តឡើយ។

* មាត្រា១៨៖ ជនគ្រប់រូបមានសិទ្ធិសេរីភាពខាងការគិតសតិសម្បជញ្ញៈ និងសាសនាសិទ្ធិនេះ រាប់បញ្ចូលទាំងសេរីភាពផ្លាស់ប្ដូរសាសនា ឬជំនឿព្រមទាំងសេរីភាពសម្ដែងសាសនា ឬជំនឿរបស់ខ្លួនតែម្នាក់ឯង ឬដោយរួមជាមួយអ្នកដទៃជាសាធារណៈ ឬជាឯកជនតាមការបង្ហាត់បង្រៀនការអនុវត្តការគោរពបូជា និងការប្រព្រឹតិ្តតាម។

* មាត្រា១៩៖ មនុស្សគ្រប់រូបមានសិទ្ឋិសេរីភាព ក្នុងការមានមតិ និងការសម្តែងមតិ។ សិទ្ឋិនេះរាប់បញ្ចូលទាំងសេរីភាព ក្នុងការប្រកាន់មតិដោយគា្មនការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែងរកការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានាដោយគា្មនព្រំដែនទឹកដី ទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ។

* មាត្រា២០៖
១៖ មនុស្សគ្រប់រូបមានសិទ្ឋិសេរីភាព ក្នុងការប្រជុំ ឬការរួមគា្នជាសមាគមដោយសន្តិវិធី។
២៖ គ្មានជនណាម្នាក់ត្រូវបានបង្ខិតបង្ខំ ឲ្យចូលរួមក្នុងសមាគមណាមួយឡើយ។

* មាត្រា២១៖
១៖ មនុស្សគ្រប់រូបមានសិទ្ឋិចូលរួមក្នុងការដឹកនាំកិច្ចការសាធារណៈនៃប្រទេសរបស់ខ្លួនដោយផ្ទាល់ ឬតាមរយៈតំណាងដែលបានជ្រើសរើសដោយសេរី។
២៖ មនុស្សគ្រប់រូបមានសិទ្ឋិចូលបម្រើមុខងារសារណៈនៃប្រទេសរបស់ខ្លួន ក្នុងលក្ខខណ្ឌសមភាព។
៣៖ ឆន្ទៈរបស់ប្រជាពលរដ្ឋជាមូលដ្ឋានអំណាចនៃការដឹកនំាកិច្ចការសាធារណៈ។ ឆន្ទៈនេះ ត្រូវសម្តែងចេញតាមរយៈការបោះឆ្នោតទៀងទាត់តាមពេលកំណត់ និងពិតប្រាកដដែលមានលក្ខណៈសាកលស្មើភាព និងសម្ងាត់ ឬតាមនីតិវិធីសមមូលដែលធានាសេរីភាពនៃការបោះឆ្នោត។

* មាត្រា២២៖ ក្នុងឋានៈជាសមាជិកនៃសង្គមមនុស្សគ្រប់រូប មានសិទ្ឋិទទួលបានសន្តិសុខសង្គម និងមានបុព្វសិទ្ឋិសម្រេចបានសិទិ្ឋខាងសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ដែលចំាបាច់សម្រាប់សេចក្តីថ្លៃថ្នូរ និងការរីកចំរើនដោយសេរីនៃបុគ្គលិកលក្ខណៈរបស់ខ្លួនតាមរយៈការខិតខំរបស់ជាតិ និងសហប្រតិបត្តិការអន្ដរជាតិ និងដោយយោងទៅតាមការរៀចំ និងធនធានរបស់ប្រទេសនីមួយៗ។

* មាត្រា២៣៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិមានការងារធ្វើជ្រើសរើសការងារដោយសេរី ទទួលលក្ខណ្ឌការងារត្រឹមត្រូវ និងពេញចិត្ត និងមានការការពារប្រឆាំងនឹងភាពអត់ការងារធ្វើ។
២៖ មនុស្សគ្រប់រូបមានសិទ្ធិទទួលប្រាក់បៀវត្សស្មើគ្នា ចំពោះការងារដូចគ្នាដោយគ្នានការរើសអើង។
៣៖ អ្នកធ្វើការងារមានសិទ្ធិទទួលបានលាភការ ដោយសមធម៌ និងពេញចិត្តដើម្បីធានាអត្ថិភាពរស់នៅរស់ខ្លួន និងគ្រួសារឲ្យសមស្របនឹងសេចក្ដីថ្លៃថ្នូរនៃមនុស្ស និងត្រូវបានបំពេញបន្ដែមទៀតដោយមធ្យោបាយផ្សេៗនៃការកាពារផ្នែកសង្គមប្រសិនបើចាំបាច់។
៤៖ មនុស្សគ្រប់រូបមានសិទ្ធិបង្កើតសហជីព និងចូលរួមក្នុងសហជីពដើម្បីការពារផលប្រយោជន៍របស់ខ្លួន។

* មាត្រា២៤៖ មនុស្សគ្រប់រូបមានសិទ្ធិឈប់សម្រាក និងលំហែកាយកំសាន្ដរូមបញ្ជូលទាំងកម្រិតម៉ោងការងារសមហេតុផល និងការឈប់សម្រាកដោយបានប្រាក់បៀវត្សតាមពេលកំណត់ទៀងទាត់។

* មាត្រា២៥៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានកម្រិតជីវភាពគ្រប់គ្រាន់ ដើម្បីធានាសុខភាព និងសុខមាលភាពរបស់ខ្លួននិងគ្រួសាររួមមានចំណីអាហារសម្លៀកបំពាក់លំនៅដ្ឋានការថែទាំសុខភាព និងការងារសង្គមកិច្ចចាំបាច់ផ្សេងៗទៀផង។ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការគាំពារ នៅពេលគ្មានការងារធ្វើមានជំងឺពិការមេម៉ាយ ឬពោះម៉ាយចាស់ជរា ឬនៅពេលបាត់បង់មធ្យោបាយធានាជីវភាពដែលបណ្ដាលមកពីកាលៈទេសៈផុតពីឆន្ទៈរបស់ខ្លួន។
២៖ មាតុភាពនិងកុមារភាពមានសិទ្ធិទទួលជំនួយ និងការថែទាំពិសេស។ កុមារគ្រប់រូបទោះកើតពីឪពុកម្ដាយមានខាន់ស្លា ឬឥតខាន់ស្លាក្ដី ត្រូវបានទទួលការការពារខាងសង្គមកិច្ចដូចគ្នា។

* មាត្រា២៦៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ។ ការអប់រំត្រូវឥតបង់ថ្លៃយ៉ាងហោចណាស់សម្រាប់ការអប់រំបឋមសិក្សា និងអប់រំមូលដ្ឋាន។ ការអប់រំបឋមសិក្សា គឺជាកាតព្វកិច្ច។ ការអប់រំខាងបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវរៀបចំឲ្យមានជាទូទៅ។ ការអប់រំឧត្ដមសិក្សាត្រូវបើកឲ្យចូលរៀនស្មើភាពគ្នាដោយឈរលើមូលដ្ឋានសមត្ថភាព។
២៖ ការអប់រំត្រូវសំដៅទៅរកការរើកលូតលាស់ពេញលេញ នៃបុគ្គលិកលក្ខណៈរបស់មនុស្ស និងការពង្រឹងការគោរពសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន ការអប់រំនេះត្រូវលើកកំពស់ការយល់ដឹងការអត់ឱនអធ្យាស្រ័យគ្នា និងមិត្តភាពរវាងប្រជាជាតិ និងក្រុមពូជសាសន៍ ឬក្រុមសាសនាទាំងអស់ព្រមទាំងការអភិវឌ្ឍសកម្មភាពរបស់សហប្រជាជាតិ ក្នុងការថែរក្សាសន្ដិភាព។
៣៖ មាតាបិតាមានសិទ្ធិជាអាទិភាព ក្នុងការជ្រើសរើសប្រភេទនៃការអប់រំសម្រាប់បុត្រធីតារបស់ខ្លួន។

* មាត្រា២៧៖
១៖ មនុស្សគ្រប់រូបមានសិទ្ធិចូលរួមដោយសេរី ក្នុងជីវភាពវប្បធម៌របស់សហគមន៍អាស្រ័យផលសិល្បៈ និងចូលរួមចំណែកក្នុងវឌ្ឍនភាពវិទ្យាសាស្រ្ដ និងក្នុងផលប្រយោជន៍ដែលបានមកពីវឌ្ឍនភាពនេះ។
២៖ មនុស្សគ្រប់រូបមានសិទ្ធិទទួលការការពារផលប្រយោជន៍ខាងសីលធម៌ និងសម្ភារៈ ដែលបានមកពីផលិតកម្មខាងវិទ្យាសាស្ត្រ និងអក្សរសាស្រ្ត ឬសិល្បៈ ដែលជាស្នាដៃរបស់ខ្លួន។

* មាត្រា២៨៖ មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវសណ្តាប់ធ្នាប់សង្គម និងអន្តរជាតិដែលធ្វើអោយសិទ្ធិ និងសេរីភាពចែងក្នុងសេចក្តីប្រកាសនេះ អាចសំរេចបានដោយពេញលេញ។

* មាត្រា២៩៖
១៖ មនុស្សគ្រប់រូបមានករណីកិច្ចចំពោះសហគមន៍ ដែលជាកន្លែងតែមួយគត់ដែលអាចបង្កើតបានការរីកចម្រើនដោយសេរី និងពេញបរិបូរណ៌នូវបុគ្គលិក្ខណៈរបស់ខ្លួន។
២៖ ក្នុងការប្រើប្រាស់សិទ្ធិ និងសេរីភាពរបស់ខ្លួនមនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមតែកំរិតព្រំដែន ដែលច្បាប់បានកំណត់សំរាប់ការទទួលស្គាល់ និងការគោរពសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ និងបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ។
៣៖ តែយ៉ាងណាក៏ដោយ សិទ្ធិនិងសេរីភាពទាំងនេះ មិនអាចយកទៅប្រើផ្ទុយ និងគោលបំណងនិងគោលការណ៍ទាំងឡាយរបស់សហប្រជាជាតិឡើយ។

* មាត្រា៣០៖ គ្មានបទបញ្ញាតិណាមួយ នៃសេចក្តីប្រកាសនេះអាចត្រូចបានបកស្រាយតម្រូវថារដ្ឋណាមួយ ក្រុមណាមួយ ឬបុគ្គលណាម្នាក់ មានសិទ្ធិបែបណាមួយធ្វើក្នុងការធ្វើសកម្មភាព ឬការប្រព្រឹត្តអំពើអ្វីមួយ ដែលសំដៅទៅបំផ្លិចបំផ្លាញនូវសិទ្ធិ និងសេរីភាពទាំងឡាយដែលមានចែងនៅក្នុងសេចក្ដីប្រកាសនេះឡើយ៕