(ពោធិ៍សាត់)​៖​ គួរឲ្យអាសូរណាស់ ក្មេង​ប្រុសស្រី​​ ៣នាក់​ បាន​លង់ទឹក​​ស្លាប់ ​យ៉ាង​អាណោចអាធ័ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល ពី​វេលា​ម៉ោង​ ៤​៖៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​ ១៨​ ខែ​ មិថុនា ឆ្នាំ ២០១៦ នៅ​ចំណុច​ស្ពានសម្តេចហ៊ុនសែន ស្ថិត​ក្នុងភូមិ​បោះពួយ​ ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​ ។

លោក​ វង​ សាវ៉េត​ អធិការនគរបាលស្រុកភ្នំក្រវាញ​ បានប្រាប់ភ្នាក់ងារ​ Fresh News ឱ្យ​ដឹង​ថា ក្មេង​​រង​គ្រោះ​ទាំង​បីនាក់ដែលលង់ទឹកស្លាប់ ទី១​-ឈ្មោះ​ ឈឿន​ គឹមយ៉េង​ ​ភេទ​ស្រី អាយុ​ ១៣ឆ្នាំ,​ ទី២-ឈ្មោះ រិន​ រីចែរ ភេទប្រុស អាយុ​០៦ឆ្នាំ និង​ ទី៣-​ឈ្មោះ​ លី​ ម៉េង​ហួយ​ ភេទស្រី​​ អាយុ​ ០៧ឆ្នាំ​ ។​ ក្មេងទាំងបីនាក់នេះជាបងប្អូនជីដូនមួយនឹងគ្នា​ រស់នៅភូមិត្រពាំងជង​ ឃុំត្រពាំងជង​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​ ។​

លោកអធិការបន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គ្រួសារក្មេងដែលរងគ្រោះទាំងបីបាននាំគ្មាមកលេងកម្សាន្តនៅចំណុចកើតហេតុខាងលើ​ ហើយក៏នាំគ្នាផឹកស៊ី​ ភ្លេចគិតក្មេងៗកំពុងលេងទឹក​ ក្រោមស្ពានសម្តេចហ៊ុនសែន​ ស្រុកភ្នំក្រវាញ​ ។​ ភ្លាមនោះក៏បាត់ក្មេងៗ​ ហើយនាំគ្នាផ្អើតឆោឡោ​ ដើររក​ និង​ រាវរកក៏ប្រទះក្មេងទាំងបីនាក់លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។​

ក្រោយពេលកើតហេតុសព​ក្មេង​រងគ្រោះ​ទាំងបីនាក់​ ត្រូវ​បាន​ប្រគល់​រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ​ ជួយដឹកជញ្ជូនដល់លំនៅដ្ឋាន​ ដើម្បី​យក​ទៅ ធ្វើបុណ្យ​តាម​ប្រពៃណី៕