(ភ្នំពេញ)៖ លោក មីកាមិ ម៉ាសាហ៉ីរ៉ុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិការងារនៅឆ្នាំ២០២២នេះ បានកោតសរសើរជាខ្លាំងទៅលើភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទាំងការកសាងប្រទេសជាតិ និងនយោបាយការបរទេស។

លោក អ៊ាង សុផល្លែត ជំនួយកាផ្ទាល់របស់សម្តេចតេជោ បានប្រាប់អ្នកព័ត៌មានថា ក្នុងឱកាសជួបជម្រាបលាសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ លោកឯកអគ្គរដ្ឋទូតចប់អាណត្តិការងារ បានសម្តែងការសាទរជូនសម្តេចតេជោ និងរាជរដ្ឋាភិបាល ដែលទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាន និងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ក៏ដូចជាកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ លោកឯកអគ្គរដ្ឋទូត ក៏អបអរសាទរចំពោះការគ្រប់គ្រងដោយ ជោគជ័យលើជំងឺកូវីដ១៩។

លោក អ៊ាង សុផល្លែត បានឱ្យដឹងទៀតថា ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃ និងកោតសរសើរជាខ្លាំងលើភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ភាពជាអ្នកដឹកនាំដែលលោកឯកអគ្គរដ្ឋទូត បានលើកមកបង្ហាញ ហើយងកោតស្ញប់ស្ញែងនោះរួមមាន៖ ការដឹកនាំ និងកសាងសង្គមកម្ពុជា ពីគំនរផេះផង់នៃភ្លើងសង្គ្រាម មកកាន់ដំណាក់កាលអភិវឌ្ឍន៍រីកចម្រើនជាខ្លាំង ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំកន្លងមកនេះ។

លោកឯកអគ្គរដ្ឋទូត ក៏បានស្ញប់ស្ញែង និងកោតសរសើរ ចំពោះនយោបាយការបរទេសរបស់សម្តេចតេជោ លើការសម្រេចចិត្តពាក់ព័ន្ធជម្លោះរវាងអ៊ុយក្រែន-រុស្ស៉ី និងការប្រឹងប្រែងដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា។ ជាពិសេសការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោផងដែរថា បេសកកម្មការងាររបស់លោកនៅកម្ពុជា សម្រេចលទ្ធផលបានយ៉ាងល្អ ដោយមានការគាំទ្រពេញទំហឹងពីស្ថាប័នរដ្ឋ និងវិស័យឯកជនរបស់កម្ពុជា។ លោកបានជម្រាបសម្តេចតេជោដែរថា ជប៉ុន នៅតែបន្តគាំទ្រកម្ពុជាលើកិច្ចការអភិវឌ្ឍ ហើយបច្ចុប្បន្នជប៉ុនកំពុងជួយបង្ហាត់កីឡាករកម្ពុជា ដើម្បីការប្រកួតស៊ីហ្គេមនៅឆ្នាំក្រោយផងដែរ។

នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកឯកអគ្គរដ្ឋទូត ដែលបានធ្វើសកម្មភាពយ៉ាងច្រើន ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។

បេសកកម្មរបស់លោកឯកអគ្គរដ្ឋទូត ដែលសម្តេចតេជោ បានគូសរំលេចនោះមានដូចជា ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, រៀបចំឱ្យមានការចូលចតនាស្វ័យការពារកងទ័ពជប៉ុនចំនួនពីរដង, រៀបចំឱ្យមានជំនួបរវាងសម្តេច និងនាយករដ្ឋមន្ត្រីជប៉ុន ចំនួន ៤ដងក្នុងមួយឆ្នាំ, រៀបចំឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ និងមន្ត្រីនៃប្រទេសទាំងពីរ រួមទាំងដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ, ជំរុញការវិនិយោគរបស់ជប៉ុនមកកាន់កម្ពុជា, ការរៀបចំខួប១០ឆ្នាំបូក១ របស់ក្រុមហ៊ុនមីណេបៀ ក្នុងប្រតិបត្តិការនៅកម្ពុជា និងការជំរុញរាល់គម្រោងនានារបស់ជប៉ុន នៅកម្ពុជាឱ្យដំណើរការបានល្អ ទោះស្ថិតក្នុងស្ថានភាពលំបាកដោយកូវីដ១៩ ក៏ដោយចុះ។

ពាក់ព័ន្ធបញ្ហារុស្ស៉ី និងអ៊ុយក្រែន សម្តេចតេជោ បានជម្រាប់លោកឯកអគ្គរដ្ឋទូតថា ជាការសម្រេចចិត្ត ដែលស្របទៅនឹងច្បាប់អន្តរជាតិ។ ដោយឡែកបញ្ហាមីយ៉ាន់ម៉ាវិញ សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងបំណងធ្វើឱ្យស្ថានការវិលមករកប្រក្រតីភាព តែពេលនេះដល់ពេលឥណ្ឌូនេស៊ី ជួយដោះស្រាយបន្តក្នុងឋានៈជាប្រធានអាស៊ាន៕