(បាត់ដំបង)៖ មានហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើងនៅកណ្ដាលក្រុងបាត់ដំបង ខេត្តបាត់ដំបង នាវេលាយប់ទាបថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ បានបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស ខណៈខ្មាន់កាំភ្លើងម្នាក់ត្រូវចាប់ខ្លួនបាននៅខេត្តបន្ទាយមានជ័យ និងបក្ខពួកម្នាក់ទៀត កំពុងរង់គេចខ្លួន ហើយកម្លាំងនគរបាលជំនាញកំពុងបើកស្រាវជ្រាវបន្ដទៀត។

លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃនេះថា ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងនៅមុខធនាគារ FTB ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បង្កឡើយដោយមនុស្ស២ក្រុម ដែលពួកគេជាអ្នកស្គាល់គ្នាថែមទៀតផង។

បើតាមលោកស្នងការរង, ហេតុការណ៍នេះបានបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសស្រាល ក្នុងនោះរួមមាន ទី១៖ឈ្មោះ រឿន សំរ៉ង អាយុ៣២ឆ្នាំ នៅភូមិកន្ទូត សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ត្រូវរបួសចំនួន២គ្រាប់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ, ទី២៖ ឈ្មោះ ស ដារ៉ូ អាយុ៣២ឆ្នាំ នៅភូមិព្រែកឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ របួសស្រាល និងទី៣៖ ឈ្មោះ តឹ បញ្ញា អាយុ២៧ឆ្នាំ នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង របួសស្រាល។

សេចក្ដីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញខ្មាន់កាំភ្លើងជិះរថយន្ដមួយគ្រឿង ម៉ាក GS300 លុះពេលមកដល់ចំណុចកើតហេតុ ដែលជាទីតាំងពួកគេណាត់គ្នានោះ ខ្មាន់កាំភ្លើងបានដកកាំភ្លើងបាញ់រះប្រមាញ១០គ្រាប់ សំដៅទៅលើក្រុមជនរងគ្រោះដែលកំពុងអង្គុយជុំគ្នា បានបណ្ដាលឲ្យរងរបួស និងម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ខណៈខ្មាន់កាំភ្លើង និងបក្ខពួក បានរត់គេចខ្លួនបាត់។

ក្រោយហេតុការណ៍កើតឡើង កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងដល់កំណត់មុខសញ្ញាខ្មាន់កាំភ្លើងបាន ហើយឈានដល់ការចាប់ខ្លួនបានម្នាក់ នៅខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ។ ជនដៃដល់ដែលចាប់ខ្លួនបានឈ្មោះ ចយ ខណៈម្នាក់ទៀតឈ្មោះ តុង បន្ដរត់គេចខ្លួន ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវបន្ដទៀត។

យើងងាកមកសាច់រឿងមុនពេលកើតហេតុបន្ដិច ដែលពេលនេះកំពុងតែផ្ទុះនូវការចែកចាយពេញបណ្ដាញសង្គម រវាងជំនាស់របស់ជនរងគ្រោះ ជាមួយខ្មាន់កាំភ្លើង គឺផ្ដើមចេញពីស្នេហាត្រីកោណ ដោយពួកគេស្រលាញ់មនុស្សស្រីតែម្នាក់ដូចគ្នា ហើយពួកគេក៏ជាមនុស្សដែលស្គាល់រាប់អានគ្នាផងដែរ។

លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា បានអះអាងដែរថា រឿងរ៉ាវមុនពេលឈានដល់ការផ្ទុះអាវុធនោះ គឺមិនខុសពីអ្វីដែលត្រូវបានចែកចាយនោះទេ ពោលជនរងគ្រោះបានណាត់គ្នាជាមួយខ្មាន់កាំភ្លើង ដើម្បីបាញ់គ្នាតែម្ដង ព្រោះជនរងគ្រោះខឹងខ្មាន់កាំភ្លើងស្រលាញ់នារីម្នាក់ ដែលគេកំពុងស្រលាញ់ និងមានទំនាក់ទំនងជាមួយគ្នាដែរ។ លុះដល់វេលាកើតហេតុ ជនរងគ្រោះបានមកដល់ទីតាំងណាត់មុន ស្រាប់តែខ្មាន់កាំភ្លើងមកដល់តាមក្រោយ ក៏ដកកាំភ្លើងបាញ់រះយកតែម្ដង ដោយមិនផ្ដល់ឱកាសឲ្យជនរងគ្រោះបានតដៃសូម្បីមួយគ្រាប់ឡើយ។

តាមរយៈការចែកចាយនៅតាមបណ្ដាញសង្គមវិញនោះ ត្រូវបានគេអះអាងថា ជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ រឿន សំរ៉ង គឺជាមនុស្សដែលមានប្រពន្ធហើយ ប៉ុន្ដែលួចទាក់ទងជាមួយនារីម្នាក់ទៀត លុះដល់ថាជនដៃដល់ឈ្មោះ តុង ស្រលាញ់នារីដែលខ្លួនស្រលាញ់ដែរនោះ ក៏កើតចឹងខឹងសម្បារ ឆាតទៅខ្មាន់កាំភ្លើងដើម្បីរកកាំភ្លើងបាញ់គ្នាតទល់តែម្ដង។ ក្នុងឆាតដែលបានបែកធ្លាយនោះ ខ្មាន់កាំភ្លើងហាក់មិនចង់តទល់ជាមួយជនរងគ្រោះនោះទេ ពោលជនរងគ្រោះ គឺជាអ្នកផ្ដើមឆាតបបួលខ្មាន់កាំភ្លើង ដើម្បីជួបគ្នា និងដោះស្រាយដោយប្រើប្រាស់ចុងអាវុធតែម្ដង។

យ៉ាងណាក៏ដោយ រហូតមកដល់ល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ ខ្មាន់កាំភ្លើងតែម្នាក់ប៉ុណ្ណោះ ដែលត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវចាប់ខ្លួនបាន ខណៈម្នាក់ទៀតឈ្មោះ តុង ដែលឆាតតទល់ជាមួយជនរងគ្រោះដែលបាត់បង់ជីវិតនោះ មិនទាន់ចាប់ខ្លួនបាននៅឡើយទេ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ដទៀត៕