(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្តាល បានជួបប្រជុំជាលើកដំបូងជាមួយគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពនៅក្នុងដែនរដ្ឋបាលស្រុក និងខណ្ឌ។

ក្នុងកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ, លោក ឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំជាលើកដំបូងនេះផ្ដោតសំខាន់ទៅលើ ការរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ដែលដាក់ចេញអោយអាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរ សមត្ថកិច្ចរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធិភាព សំដៅធ្វើយ៉ាងងណាផ្តល់ភាពកក់ក្តៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវសន្តិសុខក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌច្បារអំពៅ និងលោកអភិបាលស្រុកកៀនស្វាយ បានជំរុញឱ្យក្រុមការងារជំនាញសុរិយោដី ពន្លឿនការចុះកំណត់ ព្រំរដ្ឋបាល ខណ្ឌ និងស្រុកឱ្យបានច្បាស់លាស់ និងត្រៀមបោះផ្លាកសម្គាល់ព្រំដើម្បីឱ្យប្រជាពលរដ្ឋលោកបានដឹងពីដែនរដ្ឋបាលខណ្ឌ និងស្រុក។

លើសពីនេះទៀតប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលទាំងពីរ បានសម្រេចរួមគ្នាដោយកំណត់ជួបប្រជុំជាមួយគ្នាមួយត្រីមាសម្តងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានប្រសើឡើងថែមទៀត ដោយផ្តោតសំខាន់រួមគ្នាអនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានម៉ឺងម៉ាត់បំផុត ជាពិសេសលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ គ្រប់ទម្រង់ឱ្យអស់ និងសហការគ្នាបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសផ្សេងដែលប្រុងកើត និងកើតឡើងនៅក្នុងមូលដ្ឋាន៕