(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-កម្ពុជា ដ៏ឆ្នើមលើកទី ៦» ដែលសហការ រៀបចំដោយស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិន ត្រូវបានសម្ពោធបើកជាផ្លូវការនៅសាល សន្និសីទចតុម្មុខ រាជធានីភ្នំពេញ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាដើម បានអញ្ជើញចូលរួម ពិធីសម្ពោធបើកព្រឹត្តិការណ៍នេះ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនបានថ្លែងសុន្ទរកថា នៅក្នុងពិធីសម្ពោធបើកថា ចាប់តាំងពីឆ្នាំ២០១៦មកព្រឹត្តិការណ៍ដំណើរភាពយន្ត ចល័តចិន-កម្ពុជាដ៏ឆ្នើម ត្រូវបានប្រារព្ធធ្វើឡើងដោយជោគជ័យជាច្រើនលើក ហើយទទួលបានការនិយមចូលចិត្តពីប្រជាជនកម្ពុជា និងបានក្លាយទៅជានិមិត្តសញ្ញាដ៏សំខាន់ នៃការផ្សារភ្ជាប់បេះដូង រវាងប្រជាជននៃ ប្រទេសទាំងពីរ។

របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានលើកឡើងពី «ការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរអរិយធម៌ និងការរៀនពីគ្នាទៅវិញទៅមក ជំរុញឱ្យវប្បធម៌ចិនឆ្ពោះ ទៅកាន់ពិភពលោកកាន់តែប្រសើរឡើង។ ពួកយើងស្ម័គ្រចិត្តសហការជាមួយភាគីកម្ពុជា លើកតម្កើងមិត្តភាពជាប្រពៃណី ធ្វើឱ្យទំនាក់ទំនងវប្បធម៌ និងការប្រាស្រ័យទាក់ទងរវាងប្រជាជនមានភាពកាន់តែស្អិតរមួត ជំរុញឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជាចិនបន្តទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត»

លោក ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានមានប្រសាសន៍ក្នុងពិធីសម្ពោធបើកថា ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន មានប្រវត្តិជាយូរលង់មកហើយ។ ប្រទេសចិនទើបបានបញ្ចប់សមាជលើកទី២០ នៃបក្សកុម្មុយនីស្តចិនដោយ ជោគជ័យ ដោយបានចង្អុលបង្ហាញពីទិសដៅ អភិវឌ្ឍទៅមុខនៅក្នុងដំណើរថ្មី ដើម្បីសម្រេចបានគោលដៅតស៊ូ១០០ ឆ្នាំទី២។ ក្នុងដំណាក់កាលដ៏គន្លឹះនេះ ក្នុងនាមជាប្រទេសជិតខាងល្អ បងប្អូនល្អ និងជាដៃគូល្អ ប្រទេសកម្ពុជារីករាយពួតដៃជាមួយប្រទេសចិនរីកចម្រើន ទៅមុខជាមួយគ្នាក្នុងក្របខណ្ឌសហគមន៍ជោគវាសនារួម។ ប្រទេសកម្ពុជានឹងប្រឹងប្រែង ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសចិន ក្នុងវិស័យនានាក្នុងនោះរួមទាំង វិស័យវប្បធម៌និងសិល្បៈផងដែរ បន្តជំរុញការ ផ្លាស់ប្តូរវប្បធម៌ និងព័ត៌មានរវាងប្រជាជននៃប្រទេសទាំងពីរ តាមរយៈព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម» ដ៏មានគុណភាពខ្ពស់ជាដើម។

«ដំណើរភាពយន្តចល័ត ចិន-កម្ពុជាដ៏ឆ្នើមលើកទី៦» នឹងចាប់ផ្តើមនៅចុងខែធ្នូ ហើយនឹងធ្វើ ដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបងក្នុងប្រទេសកម្ពុជា ដើម្បីចាក់បញ្ចាំងភាពយន្តដ៏ឆ្នើម ដែលបានថតផលិតនៅក្នុងប្រទេសកម្ពុជា និងចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះ ដែលរួមមានរឿង «ដំណើរនៃប្រាក់» រឿង «ឆ្លងកាត់ទន្លេយ៉ាលូ» រឿង «មួយគីឡូម៉ែត្រចុងក្រោយ» ជាដើម៕