(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញពិគ្រោះយោបល់ និងដោះស្រាយបញ្ហាសំណូមពរ និងបញ្ហាផ្សេងៗ របស់ប្រជាពលរដ្ឋ នៅឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់។

ស្ថិតក្នុងឱកាសនោះ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោក ខ្លូត ផន បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣ នាថ្ងៃនេះ ដើម្បីផ្តល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ។

លោកសូម លោក លោកស្រី លើកឡើងជាសំណួរចម្លើយ ព្រមទាំងពិភាក្សាគ្នាក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ដើម្បីទទួលបានព័ត៌មានជាសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបាននាឆ្នាំកន្លង បញ្ហាប្រឈមនានា និងពិភាក្សាអំពីការអភិវឌ្ឍន៍នាឆ្នាំបន្ទាប់ ព្រមទាំងទទួលយកនូវអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ដើម្បីពិភាក្សា និងឆ្លើយតប។

លោក អ៊ុន ចាន់ដា បានថ្លែងផងដែរថា «ប្រការដែលយើងនាំគ្នាធ្វើពិធីជួបជុំពិភាក្សានាពេលនេះ យើងដើរតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល វិមជ្ឈការ និងវិសហមជ្ឈការ សំដៅផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តាមរយៈធ្វើប្រតិភូកម្មមុខងារ ពីថ្នាក់ជាតិ មករដ្ឋបាល ថ្នាក់ក្រោមជាតិ មកឱ្យថ្នាក់ឃុំ តំណាងឲ្យថ្នាក់ស្រុក និងថ្នាក់ខេត្ត ធ្វើការសម្រេចចិត្ត ធ្វើយ៉ាងណាឱ្យប្រយោជន៍ទាំងអស់ រួមទាំងសេវាសាធារណៈ សេវារដ្ឋបាល និងសំណើសំណូមពរនានា របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីយកមកធ្វើការដោះស្រាយ ឆ្លើយតបឲ្យបានទាន់ពេលវេលា។ ទាំងនេះគឺជាការពង្រឹងនូវប្រសិទ្ធភាព និងគុណភាពនៃការផ្ដល់សេវា សាធារណៈនិងសេវារដ្ឋបាលជូន ដល់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះហើយ ទើបអាជ្ញាធរខេត្ត ត្រូវធ្វើវេទិកានេះក្នុងមួយឆ្នាំម្ដង នៅតាមបណ្ដា ស្រុក ក្រុង នឹងត្រូវអញ្ជើញចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋផងដែរ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ»

លោកអភិបាលខេត្ត បានបញ្ជាក់ថា សំណើសំណូមពររបស់ប្រជាពលរដ្ឋទាំងអស់ អាចមានករណីខ្លះមិនអាចដោះស្រាយត្រឹមរដ្ឋបាលថ្នាក់ក្រោមជាតិនោះទេ ដូច្នេះអាជ្ញាធរខេត្ត អាចយកសំណើសំណូមពរមួយចំនួននោះ ចាត់ទុកថា ជាធាតុចូលមួយទៀត ដើម្បីយកទៅរៀបចំតាក់តែង នៅក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតំណាក់កាលទី២ ដែលអនុវត្តដោយ គណៈកម្មការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

សូមបញ្ជាក់ថា នៅក្នុងវេទិកាពិគ្រោះយោបល់ និងដោះស្រាយបញ្ហាសំណូមពរជូនប្រជាពលរដ្ឋ ដែលធ្វើឡើងអស់រយៈពេល ៣ម៉ោង សរុប មាន៤០បញ្ហា ក្នុងនោះសំណើរចំនួន១៣ សំណូមពរចំនួន២៣ និងក្តីកង្វល់ចំនួន៤ ត្រូវបានអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោះស្រាយបានទាំងអស់៕