(ព្រះសីហន)៖ មន្ត្រីរាជការ កម្លាំងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ និងយុវជនជាង២,៤០០នាក់ ឬមានច្រើនជាងនេះ បានត្រៀមខ្លួនចូលរួមប្រមូលសំរាម សម្អាតបរិស្ថាននៅទីតាំងសំខាន់ៗនៃការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមការឱ្យដឹងរបស់លោក ហួត រិទ្ធី ប្រធាននាយកដ្ឋានគាំពារទីក្រុងស្អាតនិងជំរុញការប្រឡងប្រណាំងនៃក្រសួងទេសចរណ៍។

ការបញ្ជាក់របស់លោកត្រូវបានធ្វើឡើងក្នុងសិក្ខាសលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅការអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ទិត ចន្ថា​ រដ្ឋលេខាធិការក្រសួងទេសចរណ៍៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ។

នាឱកាសនោះ លោក ហួត រិទ្ធី បានលើកឡើងអំពីបញ្ហាសំរាមដែលបានកើតមានក្នុងការរៀបចំកម្មវិធីតូចធំកន្លងមក ដូចជា បុណ្យអុំទូកនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ពិធីបុណ្យសមុទ្រនៅខេត្តកោះកុង ខេត្តកំពតជាដើម។

លោកប្រធាននាយកដ្ឋានបានបន្តថា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ​ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍បានដាក់ចេញនូវដំណោះស្រាយជាច្រើនដែលផ្តោតលើការអប់រំបណ្ដុះបណ្ដាល សកម្មភាពសម្អាតបរិស្ថាននិងការប្រមូលសំរាមជាក់ស្ដែង និងការបញ្ជ្រាបការយល់ដឹងដល់ម្ចាស់អាជីវកម្ម ភ្ញៀវទេសចរ ក៏ដូចជាអ្នកចូលរួមទូទៅ។

តួយ៉ាងក្នុងឱកាសបុណ្យសមុទ្រនៅខេត្តព្រះសីហនុនេះ គឺក្រសួងទេសចរណ៍បានទទួលនូវជំនួយធុងសំរាមសរុបចំនួន១០០ធុង សម្រាប់ផ្ដល់ជម្រើសរើសកាន់តែច្រើនដល់អ្នកចូលរួមកម្សាន្ត បន្ថែមពីលើអ្វីដែលរដ្ឋបាលខេត្តបានរៀបចំរួចហើយនោះ។

លោក ហួត រិទ្ធី បានបញ្ជាក់អំពីសកម្មភាពប្រមូលសំរាមនិងសម្អាតបរិស្ថាននៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅពយសម្ដេចតេជោដែលមានអ្នកចូលរួមចំនួន៧១៦នាក់ និងដើមឈើចាំស្នេហ៍ដែលមានអ្នកចូលរួមចំនួន១,៦៩៩នាក់ ដោយមានកិច្ចសហការរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ។ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ គឺមានសកម្មភាពធ្វើនៅឆ្នេរអូរឈើទាល (បន្ទប់ទឹកលេខ១) និងនៅឆ្នេរអូត្រេះ ដែលមានអ្នកចូលរួមប្រហាក់ប្រហែលគ្នានឹងថ្ងៃទី១០ដែរ។

ក្រៅពីនោះ ក៏មានស្ដង់លេខរៀង៤២ (VIP) ដែលមានការចាក់ផ្សាយវីដេអូអប់រំពាក់ព័ន្ធនឹងការទុកដាក់សំរាម និងមានការលេងហ្គេមអប់រំ ព្រមទាំងមានការផ្ដល់រង្វាន់។

លោក ហួត រិទ្ធី បានអំពាវនាវដល់ភ្ញៀវទេសចរ ប្រជាពលរដ្ឋចូលរួមក្នុងយុទ្ធនាការកម្ពុជាស្អាតនាឱកាសបុណ្យសមុទ្រនេះឱ្យបានផុសផុល ដើម្បីរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះពិរពេញដោយភាពស្អាត មានអនាម័យ មានសោភ័ណភាពល្អ ធានាបាននូវបរិស្ថានស្អាត និងសប្បាយរីករាយទាំងអស់គ្នា។

លោករដ្ឋលេខាធិការប្រចាំការ ទិត ចន្ថា បានអរគុណដល់ក្រុមហ៊ុនតូតាល់អេនើជី (Total Energy) តាមរយៈគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ដែលបានជួយឧបត្ថម្ភធុងសំរាមចំនួន១០០ធុង ទុកសម្រាប់ប្រើប្រាស់ដល់ការងារអនាម័យបរិស្ថាន ជាពិសេសក្នុងឱកាសពិធីបុណ្យសមុទ្រតែម្ដង។

លោកក៏បានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីឯកជនទាំងអស់ត្រូវរួមគ្នាថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពទីក្រុងឱ្យបានល្អ ក្នុងឱកាសពិធីបុណ្យសមុទ្រនេះ ដោយឈរលើមូលដ្ឋានក្រុងព្រះសីហនុជាជ័យលាភីផ្ការំដួល៣ទង នៃចលនាប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិនាពេលកន្លងមក និងក៏ជាជ័យលាភីទីក្រុងទេសចរណ៍ស្អាតថ្នាក់អាស៊ាន នាពេលកន្លងទៅផងដែរ៕