(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា-អនុសាខាក្រុង/ស្រុក ផងដែរ។

បើតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខា ក្រុង-ស្រុក បានចុះសួរសុខទុក្ខ និងចែកជំនួយសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅតាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត ចំនួន៣៥១គ្រួសារ និង សាខាកាកបាទក្រហមខេត្ត បានផ្តល់អំណោយមនុស្សធម៌ ចំពោះជនទីទ័លក្រ ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកុមារកំព្រា សរុប ចំនួន ១១៦៧ គ្រួសារ និងចំពោះកិច្ចការងារលើកកម្ពស់សុខភាព មាតា ទារក និង កុមារ សរុបចំនួន៤០គ្រួសារ ។

លោក ស្វាយ សំអ៊ាង បានលើកឡើងថា សាខាកាកបាទក្រហមកម្ពុជាខេត្ត បានអនុវត្តសកម្មភាពការងារវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្នុងនោះរួមមាន៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពក្នុងសហគមន័ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។

ក្នុងនោះ លោកប្រធានគណៈកម្មាធិការសាខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតី និងការទទួលខុស-ត្រូវ ក្រោមការដឹកនាំរបស់គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង កន្លងមកសម្រេចបាននូវជោគជ័យ។

ទន្ទឹមនឹងនោះ លោក ស្វាយ សំអ៊ាង បានបញ្ជាក់បន្ថែមថា សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ត្រូវខិតខំស្វែងរកជនរងគ្រោះដែលត្រូវការជំនួយចាំបាច់ពីសាខា ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ដែលកំពុងត្រូវការជំនួយ ក្នុងភូមិសាស្ត្ររបស់ខ្លួន ខ្វះការជួយ ឬយកចិត្តទុកដាក់ពីសាខា ឬអនុសាខាក្រុង-ស្រុកទាំង០៦ នៅក្នុងខេត្តស្ទឹងត្រែងឡើយ។

លោក ស្វាយ សំអ៊ាង បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តាមមូលដ្ឋាន នានា ក្នុងខេត្តស្ទឹងត្រែង ដែលតែងតែជួយឧបត្ថម្ភគាំទ្រ មានកិច្ចសហការល្អ និងសម្រួលដល់ប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង៕