(កំពង់ធំ)៖ លោក គង់ សុភា អភិបាលរងស្រុកសណ្តាន់បា នសំណូមពរដល់អាជ្ញាធរឃុំ និងសហគមន៍បន្តសហការជាមួយគ្នាបន្ថែមទៀត ដើម្បីចូលរួមការពារផលប្រយោជន៍ប្រជាពលរដ្ឋក្នុងសហគមន៍។

លោកអភិបាលរងស្រុក បានថ្លែងក្នុងប្រជុំពិភាក្សាពីកង្វល់ និងបញ្ហារបស់សហគមន៍ និងស្វែងរកដំណោះស្រាយនៅក្នុងមូលដ្ឋាន ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ២០២២ ដែលរៀបចំដោយអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ។

លោក ឈើយ ប៊ុនទ្រីម តំណាងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយបានលើកឡើងថា API បានកំពុងអនុវត្តគម្រោងសំឡេង និងសកម្មភាពរបស់ប្រជាពលរដ្ឋសម្រាប់ការ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្នុងប្រទេសកម្ពុជា ក្រោមជំនួយឧបត្ថម្ភគំទ្រថវិកាពីព្រះវិហារជំនួយ ដេណឺម៉ាក (DCA) និងប្រេតដ៏ហ្វរដឹវើលយ៍ (BFDW) បានខិតខំប្រឹងប្រែងប្រកប ដោយសម្រេចគោលបំណងរួមក្នុងការបំពេញសិទ្ធិនិងលើកកម្ពស់សំឡេងរបស់ប្រជាពលរដ្ឋដើម្បីធ្វើឲ្យការអភិវឌ្ឍន៍ប្រទេសកាន់តែមាននិរន្តរភាព។

ចំណែកសហគមន៍បឹងចាងបឹងប្រាំង បានលើកឡើងពីបញ្ហាប្រឈមក្នុងសហគមន៍របស់ពួកគាត់ផងប្រជាពលរដ្ឋបានបូមទឹកក្នុងបឹងធ្វើស្រែប្រាំងជាច្រើនហិចតា ធ្វើឲ្យគោករាក់បាត់បង់ពូជត្រីនិងជីវចំរុះផ្សេងទៀត ដែលធ្វើឱ្យប៉ះពាល់ដល់តំបន់អភិរក្សរបស់សហគមន៍ ដូច្នេះស្នើសុំដល់រដ្ឋបាលស្រុកជួយសម្របសម្រួលនឹងជួយដោះស្រាយជូនដល់សហគមន៍របស់ពួកគាត់ផង។

ដោយឡែកសហគមន៍ជនជាតិដើមភាគតិចគួយ សំណូមពរឲ្យជួយពន្លឿនការវាស់វែងដីសហគមន៍ពួកគាត់ព្រោះថាដីនេះអាស្រ័យផលមិនបាន ។

ជាមួយគ្នានេះដែរ តំណាងសហគមន៍ទំរីង បានស្នើសុំរដ្ឋបាលស្រុក ជួយសម្របសម្រួលលើតម្លៃជី និងតម្លៃប្រេងម៉ាស៊ូត ឲ្យបញ្ចុះតម្លៃលើតម្លៃទីផ្សារ បច្ចុប្បន្នជូនដល់ប្រជាពលរដ្ឋ និងការធ្លាក់ចុះតម្លៃកសិកផល។

ក្នុងឱកាសនោះ លោក គង់ សុភា ក៏បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ (API) ដែលបានខិតខំប្រឹងប្រែងផ្តល់យោបល់ បទពិសោធន៍ ដើម្បីដោះស្រាយពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋរយៈពេលកន្លងមក។

លោកអភិបាលរងស្រុក ក៏បានសំណូមពរដល់អាជ្ញាធរភូមិឃុំ និងសហគមន៍ ឲ្យបន្តសហការជាមួយគ្នាបន្ថែមទៀត ដើម្បីចូលរួមការពារផលប្រយោជគរបស់សហគមន៍ ដែលមានស្រាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងបានធ្វើការគាំទ្រ និងចូលរួមសហការជាមួយសហគមន៍ទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការអនុវត្តរាល់ការលំបាក និងបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងការរួមគ្នាដោះស្រាយ៕