(កំពត)៖ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះត្រួតពិនិត្យ និងសំណេះសំណាលសួរសុខទុក្ខ ជាមួយយោធាចារ្យ និងកងកម្លាំង ដែលហ្វឹកហាត់រំលឹកឡើងវិញនូវមេរៀនជំនាញជ្រមុជទឹកស្គូបាដាយវីង (ជំនាន់ទី១) នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពត។

ការហ្វឹកហាត់រំលឹកមេរៀនជំនាញឡើងវិញនេះ ដើម្បីត្រៀមការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនគណៈប្រតិភូអញ្ជើញចូលរួមក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងប្រតិភូបណ្តាប្រទេសដែលជាសមាជិកមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងអបអរសាទរពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៣ នាពេលខាងមុខ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ក៏បានយកនូវថវិកា សរុបចំនួន៦,៦២០,០០០រៀល ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនយោធាចារ្យ និងកងកម្លាំង ដោយក្នុងនោះ យោធាចារ្យចំនួន២នាក់ ក្នុងម្នាក់ៗទទួលបាន១លានរៀល, កម្លាំងដែលបានហ្វឹកហាត់ ចំនួន៤៩នាក់ ក្នុងម្នាក់ៗទទួលបាន៤០,០០០រៀល, កម្លាំងវរសេនាតូចលេខ២៤១ ចំនួន៣៣នាក់ ក្នុងម្នាក់ៗទទួលបាន២០,០០០រៀល និងសម្រាប់វរសេនាតូចលេខ២៤១ និង៤៣០ ក្នុងមួយវរៈ ទទួលបាន ចំនួន១លានរៀល៕